វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

01-06-2021 10:51 pm 193

​ការអំពាវនាវ​មិន​ថា​បាន​ធ្វើឡើង​ជា​ក្រប​ខណ្ឌ​ផង ឬ​ដាច់​ដោយឡែក​ផង ស្នើ​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា​យល់ព្រម​ចរចា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​អំពើហិង្សា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ប៉ុន្ដែ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់​។ ៤​ខែ​ដែល​របប​យោធា​ចូល​ដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​ក្នុង​ចន្លោះ​ពេល​នេះ​អំពើ​ហិង្សា​បាន​សម្លាប់​មនុស្ស​ជាង​៨០០​នាក់ ចាប់​ខ្លួន​ជាង​៤​ពាន់​នាក់​។ ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​បាន​ស្រែក​ទាមទារ​រក​ធម៌​សម្រាប់​ជនរងគ្រោះ​ដែល​ស្លាប់ ហើយ​ទណ្ឌកម្ម​ពី​អន្ដរជាតិ​ក៏​ធ្លាក់​មក​ជា​បន្ដបន្ទាប់​ដា​ក់លើ​របប​យោធា ប៉ុន្ដែ​នៅតែ​មិន​អាច​ធ្វើឱ្យ​របប​យោធា​ផ្លាស់ប្ដូរ​គោលជំហរ​បាន​។​

​គិត​ត្រឹម​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ គឺ​មាន​រយៈពេល​៤​ខែ​ហើយ​ដែល​របប​យោធា​មី​យ៉ាន់​ម៉ា​ដឹកនាំ​ដោយ​លោក​មីន អ៊ុង​លាង បាន​ចូល​ក្ដោប​ក្ដាប់​អំណាច​ជំនួស​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។ កាលពី​ថ្ងៃ​ទី​០១​ខែ​កុម្ភៈ​កន្លង​មក របប​យោធា​បាន​ចាប់ខ្លួន​ថ្នាក់ដឹកនាំ​និង​មន្ដ្រីជាន់ខ្ពស់​ជាច្រើន​រូប​របស់​រដ្ឋាភិបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ក្នុងនោះ​មាន​ទាំង​លោកស្រី​ផ្ទាល់ លោក​ប្រធានាធិបតី និង​មន្ដ្រី​កំពូលៗ​មួយចំនួនទៀត​។ របប​យោធា​ប្រកាស​ចូល​ក្ដាប់​អំណាច​ជំនួស​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី​រយៈពេល​១​ឆ្នាំ​។​

​បើ​តាម​យោធា​ដើមចម​ឈានដល់​ការចូល​ក្ដាប់​អំណាច​នេះ  ដោយសារតែ​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។ យោធា​ចាត់ទុក​ការបោះឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​សូ​ជី​ទទួល​ជ័យជម្នះ មានការ​ក្លែងបន្លំ​សន្លឹកឆ្នោត ហេតុ​នេះ​ត្រូវតែ​ស៊ើបអង្កេត​ឡើងវិញ​។ ការចោទប្រកាន់​របស់​យោធា​ក៏​ត្រូវ​បាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ចេញ​មក​ស្រាយ​ហើយ ប៉ុន្ដែ​យោធា​មិន​អស់​ចិត្ដ​ទើប​ចុង​ក្រោយ​សម្រេច​អន្ដរា​គ​មន៍​ចូល​កាន់​អំណាច​តែ​ម្ដង ក្រោមរូបភាព​ស្ដារ​ស្ថានការណ៍​ឡើងវិញ​។ ប៉ុន្ដែ​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ដែល​គាំទ្រ​ប្រជាធិបតេយ្យ និង​បណ្ដា​ប្រទេស​មួយចំនួន​លើ​ពិភពលោក ចាត់ទុក​ទង្វើ​នេះ​គឺជា​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាលស្រប​ច្បាប់​។ យោធា​ពុំ​មាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ផ្សេង​ឡើយ ហើយ​សន្យា​និង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​ឆាប់ៗ​។​

​តាំងពី​ថ្ងៃ​ទី​០១​កុម្ភៈ​ភាពចលាចល​បាន​ផ្ទុះ​ឡើង​ជា​បន្ដបន្ទាប់ ផ្ដើមចេញ​ពី​ការតវ៉ា​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​គាំទ្រ​ប្រជាធិបតេយ្យ​។ ពួកគេ​បាន​ប្រមូលផ្ដុំ​មនុស្ស​រាប់ពាន់​នាក់​មក​តវ៉ា​ប្រឆាំង​របប​យោធា រហូត​បង្ក​ជា​អំពើហិង្សា​បណ្ដាលឱ្យមាន​អ្នក​ស្លាប់​និង​ចាប់ខ្លួន​ជា​យ៉ាងច្រើន​។ គិត​មកដល់ពេលនេះ​មាន​មនុស្ស​មិន​តិច​ជាង​៨០០​នាក់​ទេ​បាន​ស្លាប់ ចាប់​ខ្លួន​ជាង​៤​ពាន់​នាក់ និង​រងរបួស​រាប់សិប​នាក់​ទៀត​។ ការប្រមូលផ្ដុំ​កើតឡើង​កាន់តែ​ខ្លាំង យោធា​ប្រកាស​បង្ក្រាប​កាន់តែ​ចាស់ដៃ មិន​ខ្វល់​ឡើយ​ការអំពាវនាវ​របស់​អន្ដរជាតិ​។ ការណ៍​នេះ​បាន​ធ្វើឱ្យ​ក្រុម​បាតុករ​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​តវ៉ា​ប្រឆាំង គឺ​ត្រូវ​រៀបចំ​ជា​ក្រុម​តូចៗ ហើយ​ធ្វើ​នៅតាម​តំបន់​ផ្សេងគ្នា ដើម្បី​ងាយស្រួល​គេច​ពី​កងកម្លាំង​សន្ដិសុខ​។ ពួកគេ​មិន​នៅ​សម្ងំ​ស្ងៀម ព្រោះ​ចង់ឱ្យ​ពិភពលោក​បាន​ដឹងលឺ​ពីអ្វី​ដែល​ពួក​គេ​ចង់បាន​។ សព្វថ្ងៃ​ទោះ​ពុំ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដូច​មុន ប៉ុន្ដែ​ចលនា​ជួបជុំ​ទ្រង់ទ្រាយ​តូចៗ​នៅតែ​បន្ដ​ធ្វើ​ឡើង​ជា​ហូរហែ​។​

​តើ​មាន​ដំណោះស្រាយ​អ្វី​ខ្លះ​ហើយ​ឈាន​ទៅ​បញ្ចប់វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​?

​បើ​និយាយ​ពី​ដំណោះស្រាយ មិន​ទាន់​លេចចេញ​យន្ដការ​អ្វី​គួរឱ្យ​កត់សម្គាល់​នោះទេ​។ ការចរចា​ផ្ទៃក្នុង​រវាង​របប​យោធា​ជាមួយ​រដ្ឋាភិបាល​ស្រមោល​របស់​លោកស្រី​ស៊ូ​ជី ពុំ​ធ្លាប់​កើត​មាន​សូម្បី​ម្ដង​ចាប់តាំងពី​ផ្ទុះ​រដ្ឋប្រហារ​៤​ខែ​មកនេះ​។ យោធា​ថែមទាំង​ចាត់ទុក​រដ្ឋាភិបាល​ស្រមោល​នេះ​ជា​ក្រុម​ភេរ​វករ មានគំនិត​ប្រឆាំង​និង​ក្បត់ជាតិ​ថែម​ទៀត​។ ដូច្នេះ​ពិតជា​មិន​អាច​សូម្បី​គិត ថា​យោធា​ព្រម​ចរចា​។ 

​រីឯ​ការអំពាវនាវ​ពី​ខាងក្រៅ​ដែល​ដំបូង​គេ​គឺ​អាស៊ាន ភ្លាមៗ​បន្ទាប់​ពី​យោធា​មី​យ៉ាន់​ម៉ា​ប្រកាស​ចូល​កាន់​អំណាច អាស៊ាន​បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​មួយ​ទទូច​ឱ្យ​យោធា និង​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី​ចរចា​ស្វែងរក​ដំណោះស្រាយ​។ ប៉ុន្ដែ​សេចក្ដីថ្លែងការណ៍​អំពាវនាវ​គ្មាន​ប្រសិទ្ធភាព រហូតដល់​មេដឹកនាំ​របប​យោធា​លោក​មីន អ៊ុង​លាង ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​មួយ​ដោយផ្ទាល់ រៀបចំ​ឡើង​នៅ​រដ្ឋធានី​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២១​នេះ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការឈាន​ទៅ​បញ្ចប់​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ា និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ បើ​តាម​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ចូកូ វី​ដូ​ដូ លោក​បាន​និយាយ​ចំៗ​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា ហើយ​បាន​ស្នើ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​ការបាញ់សម្លាប់ ការ​វាយ​បង្ក្រាប ជា​រួម​គឺ​អំពើហិង្សា​តាម​គ្រប់​រូបភាព​ដែល​យោធា​បាន​ធ្វើ​លើ​បាតុករ​ត្រូវតែ​ឈប់​ជា​បន្ទាន់​។ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ​ការអំពាវនាវ​គ្មាន​លទ្ធផល​គួរឱ្យ​កត់សម្គាល់​សោះឡើយ​។​

​បណ្ដា​មេដឹកនាំ​ប្រទេស​អាស៊ាន​មួយចំនួន​ដូចជា​សិង្ហ​បុរី ហ្វីលីពីន បាន​សុំ​ឱ្យ​របប​យោធា​ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ជា​អ្វី​ដែល​ក្រុមបាតុករ​មី​យ៉ាន់​ម៉ាចង់​បាន​ជា​យូរ​ណាស់នោះ ប៉ុន្ដែ​របប​យោធា​មិនបាន​ធ្វើ​តាម​សំណូមពរ​ទេ​។ បច្ចុប្បន្ន​លោកស្រី​ត្រូវ​រង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ដ​អំពើ​ពុករលួយ ពាក់ព័ន្ធ​នឹង​ករណី​លួច​បន្លំ​សន្លឹកឆ្នោត និង​បាន​បង្ហាញ​វត្ដ​មាន​ក្នុង​សវនាការ​ពីរ​លើក​មក​ហើយ តែ​គ្មាន​ការសម្រេច​អ្វី​ទាំងអស់​ដោយ​ត្រូវ​បន្ដ​ស្ថិតក្រោម​ការ​ឃុំឃាំង​ដដែល​។​

​ក្រៅពី​អាស៊ាន បណ្ដា​មេដឹកនាំ​អឺរ៉ុប​ជាច្រើនរូប​និង​សហរដ្ឋអាមេរិក​ផង ក៏​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​វិល​ទៅ​រក​ការចរចា ហើយ​សំខាន់​បំផុត​គឺ​យោធា​ត្រូវតែ​បញ្ឈប់​ការបង្ក្រាប​ទៅលើ​បាតុករ​។ អឺរ៉ុប​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​របប​យោធា​ថែម​ទៀត ជាក់ស្ដែង​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ហាមឃាត់​មេដឹកនាំ​១១​រូប​ក្នុង​ជួរ​កងទ័ព​មី​យ៉ាន់​ម៉ា មិន​ឱ្យ​ចេញ​-​ចូល​ឬ​ឆ្លងកាត់​ទឹកដី​អឺរ៉ុប និង​បង្កក​ទ្រព្យសម្បត្តិ​ឬ​មូលនិធិ​របស់​មេដឹកនាំ​ទាំងនោះ​ដែល​មាន​នៅក្នុង​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ទណ្ឌកម្ម​ខាងលើ​ក៏​បាន​ហាមឃាត់​ប្រជាជន​អឺរ៉ុប​មិន​ឱ្យ​រកស៊ី​ជាមួយ ឬ​បង្កើត​មូលនិធិ​ជាមួយ​របប​សឹក​មី​យ៉ាន់​ម៉ា​ផងដែរ​។ 

​ចំណែក​អាមេរិក​ក៏​ដាក់​ទណ្ឌកម្ម​ដូចគ្នា ជាពិសេស​លើ​គ្រួសារ​យោធា​មាន​ដូចជា​ដាក់​បញ្ចូល​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​កូនៗ​មេដឹកនាំ​យោធា​ក្នុង​បញ្ជីខ្មៅ ហើយ​ហាម​ពលរដ្ឋ​ខ្លួន​មិន​ឱ្យ​រកស៊ី​ជាមួយ​ដាច់ខាត​។ អង់គ្លេស​វិញ​សំដៅ​ជាពិសេស​ក្រុមហ៊ុន​ធ្វើ​ជំនួញ​ត្បូង​របស់​មី​យ៉ាន់​ម៉ា​(Myanmar Gems Entreprise) ដែល​ប្រទេស​លោកខាងលិច​ចាត់ទុក​ជា​ប្រភព​ផ្តល់​ប្រាក់​ចំណូល​រាប់ពាន់​លាន​ដុល្លារ​ដល់ មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​។ ទាំងនេះ​គឺ​សុទ្ធតែ​ជា​ចំណាត់ការ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​យោធា​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​បាតុករ និង​ប្រគល់​អំណាច​ទៅ​ឱ្យ​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី ព្រមទាំង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ ប៉ុន្ដែ​សួរ​ថា​តើ​ទណ្ឌកម្ម​មាន​ទម្ងន់​គ្រប់គ្រាន់​ហើយ​ឬ​នៅ​? ចម្លើយ​គឺ នៅតែ​គ្មាន​ប្រសិទ្ធភាព និង​មិន​អាច​ធ្វើឱ្យ​របប​យោធា​ផ្លាស់ប្ដូរ​គោលជំហរ​បាន​ទេ​។​

​អ្នកជំនាញ​និង​អ្នកតាមដាន​ស្ថានការណ៍​អន្ដរជាតិ​ជាច្រើន​លើកឡើង​ថា វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​នឹង​បន្ដ​អូសបន្លាយ​យូរ​តទៅ ប្រសិនបើ​ក្រុមបាតុករ​មិន​បញ្ឈប់​ការតវ៉ា ព្រោះ​ជា​ប្រវត្ដិសាស្ដ្រ​របប​យោធា​ធ្លាប់​យកឈ្នះ​លើ​រដ្ឋាភិបាល​ស៊ី​វិល និង​អាច​បង្ក្រាបបាន​ដោយ​ជោគជ័យ​ទៅលើ​ក្រុម​បាតុករ​។ យោធា​ក៏​ធ្លាប់​បាន​ដឹកនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ប្រមាណ​ជា​៥០​ឆ្នាំ​ផង​ដែរ ដូច្នេះ​បើ​សិន​ឱ្យ​ចុះ​ញ៉ម​នឹង​ការទាមទារ​របស់​បាតុករ​ឬ​ចុះចាញ់​សម្ពាធ​របស់​អន្ដរជាតិ​ដោយ​ងាយៗ​ពិតជា​មិន​អាច​ទៅ​រួច​ឡើយ​។ 

​បើ​គិត​ពី​ការអន្ដរាគមន៍​របស់​បរទេស​ទៅ​លើ​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា កាលៈទេសៈ​បច្ចុប្បន្ន​ពិតជា​គ្មានអ្វី​ក្រៅពី​ការអំពាវនាវ​ឱ្យ​ចរចា​ដោយ​សន្ដិវិធី​នោះទេ​។ មិន​ថា​រដ្ឋ​សមាជិក​អាស៊ាន អឺរ៉ុប ឬ​អាមេរិក មិន​អាច​លើកទ័ព​ទៅ​ដាក់​នៅ​មី​យ៉ាន់​ម៉ា​បានឡើយ មាន​តែ​ប្រើ​យុទ្ធសាស្ដ្រ​ការទូត និង​ប្រើ​ទណ្ឌកម្ម​ប៉ុណ្ណោះ​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 លោកចូ បាយដិន​នាំយក​របៀបរវាៈ​ជាច្រើ​ន​ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

 ហេតុអ្វី​ជំងឺ​កូ​វីដ​​នៅតែ​ឆ្លង​បាន នៅក្នុង​ប្រទេស​​ដែល​ចាក់​វ៉ាក់សាំង​​បាន​ច្រើន​ហើយ​?