ដា​ឡៃ ឡា​ម៉ា សម្ដេច​សង្ឃ​ទី​១៤​របស់​ទីបេ​ដែល​ល្បី​រន្ទឺក្នុង​បេសកកម្ម​ទាមទា​រសេ​រី​ភាព​

30-05-2021 10:32 am 248

​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា (Dalai Lama) គឺជា វីរបុរស​ដ៏​សំខាន់​នៃ​ជនជាតិ​ទីបេ​ទាំងមូល ជាពិសេស​ក្នុង​បេសកម្ម​ប្រឆាំងនឹង​ការជិះជាន់​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ទៅលើ​ជនជាតិ​ទី​បេ​។ បើទោះបីជា​ការទាមទារ​របស់​ព្រះអង្គ​ទទួលរង​នូវ​ការគំរាមកំហែង​រហូត​ដល់​មានការ​តាម​ចាប់ខ្លួន ប៉ុន្ដែ​ព្រះអង្គ​បាន​ប្រកាន់ខ្ជាប់​នូវ​គោល​ការណ៏អ​ហិង្សា​ក្នុង​ការដោះស្រាយ​បញ្ហា​ជាមួយ​ប្រទេស​ចិន​។ ព្រះអង្គ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​អំពី​សន្តិភាព​។ 

​សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​(Dalai Lama)​ទី​១៤ កើត​នៅ​ថ្ងៃទី​០៦ ខែ​កក្ត​ដា ឆ្នាំ​១៩៣៥ នៅក្នុង​ភូមិតូច​មួយ​ដែលមាន​ឈ្មោះថា ថាក​ស្ទើ​(Takster) ស្ថិត​ភាគ​ឦសាន​នៃ​តំបន់​ទី​បេ​។ ព្រះអង្គ​ប្រសូត​នៅក្នុង​ត្រកូល​កសិករ​។ តាមពិតទៅ​ពាក្យ​ថា​ដា​ឡៃ ឡា​ម៉ា​(Dalai Lama) មិនមែនជា​ព្រះនាម​ពិត​របស់​ព្រះអង្គ​នោះទេ ពោល​គឺជា​ឈ្មោះ​ដែល​គេ​ប្រើប្រាស់​សម្រាប់​សម្គាល់​សម្តេច​សង្ឈ​នៅ​ក្នុងជំនឿ​និង​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ទីបេ​ប៉ុណ្ណោះ​។ ឯកសារ​ភាគច្រើន​បាន​បង្ហាញថា​ពាក្យ “​ដា​ឡៃ​(Dalai)” ជា​ពាក្យ​ក្លាយ​មកពី​ភាសា​របស់​ជនជាតិ​ម៉ុង​ហ្គោល​ដែល​មានន័យថា “​មហាសមុទ្រ​”​។ ចំណែកឯ​ពាក្យ​ថា “​ឡា​ម៉ា (Lama)” ជា​ភាសា​របស់​ជនជាតិ​ទីបេ​មានន័យថា “​គរុ​ឬ​គ្រូអាចារ្យ​”​។ សរុបសេចក្តី​មក​ពាក្យ​ថា “​ដា​ឡៃ ឡា​ម៉ា​(Dalai Lama)” គឺ​មានន័យថា  “​គ្រូអាចារ្យ​ដែល​មានចំណេះដឹង​ឬ​គតិបណ្ឌិត​ដ៏​ធំធេង និង​ជ្រៅ​ដូច​បាត​មហាសមុទ្រ​”​។ 

​កាលពី​កុមារភា​ព្រះអង្គ​ត្រូវបាន​គ្រួសារ​ដាក់ឱ្យ​ឈ្មោះថា ឡា​ម៉ូ ថុន​ដា​ប់​(Lhamo Thondup)​។ អាយុ​ពីរ​ឆ្នាំ តាមរយៈ​ជំនឿ ទំនៀមទម្លាប់​របស់​ទី​បេ ប្រជាជន​បាន​ទទួលស្គាល់ថា​កុមារ​ម្នាក់នេះ​គឺជា​មនុស្ស​ពិសេស ហើយ​ថា​ជា​អ្នក​ត្រូវ​បន្តវេន​ពី​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា​ទី​១៣​។ ព្រះអង្គ​បានទទួល​ការអប់រំ​ផ្នែក​សាសនា​ចាប់តាំងពី​ព្រះអង្គ​ស្ថិតក្នុង​ព្រ​ជន្ម​៦​វស្សា ដោយ​ក្នុងនោះ​សិក្សា​លើ​មុខវិជ្ជា​ជាច្រើន​។ ស្ថិតក្នុង​ព្រះជន្ម​១១​វស្សា​ព្រះអង្គ​បានទទួល​ចំណេះដឹង​ពី​ពិភពលោក​ខាងក្រៅ​ដំបូងបង្អស់​តាមរយៈ​ការបង្ហាត់បង្រៀន​ពី​គ្រូ​ជា​ជនជាតិ​អូស្រា្តលី​ម្នាក់​ដែលជា​អ្នកឡើង​ភ្នំ​នៅ​តំបន់​ទី​បេ​។ រហូតដល់​ព្រះជន្ម​២៤​ព្រះវស្សា ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​ទស្សនៈ​ព្រះពុទ្ធសាសនា​។ 

​បើ​និយាយ​ពី​ជីវិត​នយោបាយ​វិញ សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា (Dalai Lama) បាន​ក្លាយជា​ប្រមុខរដ្ឋ​របស់​ទីបេ​តាំងពីរ​ព្រះអង្គ​ស្ថិតក្នុង​ព្រះជន្ម​១៦​វស្សា ជូន​ចំ​ពេលដែល​ទីបេ​កំពុងរង​ការគំរាម​កំ​ហែង​តាមរយៈ​ការចូល​ឈ្លានពាន​របស់​ចិន​ក្នុង​ឆ្នាំ​១៩៥០​។ ចាប់តាំងពីរ​ពេល​នោះមក សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​(Dalai Lama) បាន​បញ្ចេញ​សកម្មភាព​ជាច្រើន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឱ្យ​ទី​បេ ស្វែងរក​សិទ្ធិសេរីភាព​ឱ្យ​ទីបេ​គេច​ផុតពី​ការត្រួតត្រារប​ស់​ចិន​។ បន្ទាប់មក​នៅ​ឆ្នាំ​១៩៥៤ ព្រះអង្គ​ក៏បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ជួបចរចារ​ជាមួយនឹង​លោក​ម៉ៅ សេទុង និង​មេដឹកនាំ​ចិន​ដទៃទៀត​។ តែ​យ៉ាងណាក៏ដោយ​កិច្ចចរចារ​ទាំងនោះ ហាក់​គ្មាន​ប្រសិទ្ធភាព​អ្វី​ឡើយ ពោលគឺ​កងទ័ព​របស់​ចិន​នៅតែ​បន្ត​លុកលុយ និង​គាបសង្កត់​ប្រជាជន​ទីបេ​ដដែល បណ្តាលឱ្យ​ប្រជាជន​ជាច្រើន​ពាន់​នាក់​បាន​ស្លាប់​។  ក្រោយមកទៀត សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​(Dalai Lama)​ជឿថា​រដ្ឋាភិបាល​ចិន​ចង់​ធ្វើ​គុត​ព្រះអង្គ ដូច្នេះ​នៅ​ឆ្នាំ​១៩៥៩​ព្រះអង្គ​ក៏បាន​សម្រេចចិត្ត​ភៀស​ព្រះកាយ​ទៅកាន់​ប្រទេស​ឥណ្ឌា ដោយ​រួម​ជាមួយនឹង​ប្រជាជន​ទីបេ​រាប់ពាន់នាក់​ផ្សេងទៀត​ផងដែរ ដោយ​ពេលនោះ​ក៏បាន​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​ខេត្ត​ធម៌​សាលា (Dhamaramsala) ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។  

​ទៅដល់​ទីនោះ រដ្ឋាភិបាល​របស់​ប្រទេស​ឥណ្ឌា​ពិតជា​មាន​ការសណ្តោស​ជាមួយនឹង​រដ្ឋាភិបាល​និរទេស​របស់​ទី​បេ​។ សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា (Dalai Lama) បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​អនាគត​កុមារ​តូចៗ​របស់​ទី​បេ ហើយក៏​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​ជ្រំ​ជ្រែង​ទៅលើ​ការកសាង​សាលារៀន​ដើម្បី​អប់រំ​ទៅដល់​ក្មេង​ទីបេ​ទាំងនោះ ព្រោះថា​បើ​គ្មាន​ការអប់រំ​ទេ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សាសនា ក៏ដូចជា ប្រវត្តិសាស្ត្រ​សំខាន់ៗ​របស់​ទីបេ​នឹងត្រូវ​បាត់បង់​។ តាមរយៈ​ការស្នើ​នេះ រដ្ឋាភិបាល​ឥណ្ឌា​ក៏បាន​យល់ព្រម​ឱ្យមាន​គ្រឹះស្ថាន​អប់រំ​សម្រាប់​ជនជាតិ​ទីបេ​លើ​ទឹកដី​ឥណ្ឌា​។ រយៈពេល​នៃ​ការតាំង​រដ្ឋាភិបាល​និរទេស​នៅ​ប្រទេស​ឥណ្ឌា​នោះ ព្រះអង្គ​ក៏បាន​បញ្ចេញ​សកម្មភាព​យ៉ាងខ្លាំង​នៅលើ​ឆាក​អន្តរជាតិ​ដើម្បី​ប្រឆាំង​ការឈ្លានពាន​របស់​រដ្ឋាភិបាលចិន​។ ព្រះអង្គ​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក ដើម្បី​ស្វែងរក​សេរីភាព​ពេញលេញ​ជូន​ប្រជាជន​ទី​បេ ដែល​កំពុង​រស់នៅ​ក្រោម​ការគាបសង្កត់​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​អាជ្ញាធរ​ចិន​។ ព្រះអង្គ​ជឿថា មានតែ​ការចរចារ​ប្រកបទៅដោយ​សន្តិវិធី​តែប៉ុណ្ណោះ ដែល​អាច​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ់​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​។​

​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា (Dalai Lama) បាន​ស្វែងរក​អន្តរាគមន៍​ពី​សំណាក់​ប្រទេស​មហាអំណាច​ជាច្រើន ដើម្បី​ជួយ​សម្របសម្រួល​ទៅលើ​ការរំលោភបំពាន​របស់​ប្រទេស​ចិន​មកលើ​ជនជាតិ​ទី​បេ​។ បើទោះបីជា​សហគមន៍​អន្តរជាតិ​បាន​រិះគន់​និង​ទាមទារ​ឱ្យ​ចិន​គោរព​លើ​សិទ្ធិ​របស់​ជនជាតិ​ទី​បេ ហើយ​បើទោះបីជា​អង្គការសហប្រជាជាតិ​(UN)​អន្តរាគ​ម​ន៏​ជាច្រើនលើក​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​ទី​បេក្តី ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាក់ដូចជា​មិន​អើពើ​ទៅនឹង​អង្គការសហប្រជាជាតិ ក៏ដូចជា​សម្រែក​ទាមទា​រ​របស់​ប្រជាជន​ទីបេ​សោះឡើយ​។  

​មិន​គ្រាន់តែ​ទាមទារ​សិទ្ធិសេរីភាព​សម្រាប់​ជនជាតិ​របស់ខ្លួន​ម្យ៉ាង​នោះទេ តែ​ព្រះអង្គ​ដា​ឡៃ ឡា​ម៉ា (Dalai Lama) គឺជា​បុគ្គល​មួយរូប​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ស្តារឡើងវិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស និង​ការផ្សព្វផ្សាយ​អំពី​សន្តិភាព​នៅលើ​ពិភពលោក​។ ព្រះអង្គ​បាន​សរសេរ​នូវ​សៀវភៅ​ជាច្រើន​ដែល​អប់រំ​អំពី​ជីវិត​។  អ្វីដែល​ជា​ការតក់​សម្គាល់​នោះ សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​តែងតែ​មានបន្ទូលថា “​ព្រះអង្គ​គឺជា​ព្រះសង្ឃ​ធម្មតា​មួយអង្គ​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​មនុស្ស​អស្ចារ្យ​អ្វី​នោះទេ​”​។ ធ្លាប់មាន​សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន​នៅលើ​ពិភពលោក បាន​ទទួលស្គាល់​នូវ​ស្នា​ព្រះហស្ដ​ជា​គតិ​របស់​ព្រះអង្គ ហើយ​បាន​អញ្ជើញ​ព្រះអង្គ​ធ្វើ​បទ​បង្ហាញ​ជាច្រើនលើក​ផងដែរ​។ សកម្មភាព​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ត្រូវបាន​អន្តរជាតិ​គោរព​យ៉ាងខ្លាំង ហើយ​ព្រះអង្គ​ក៏​ទទួលបាន​ពានរង្វាន់​ជាច្រើន​ផងដែរ​។ ជាក់ស្តែង​ដូចជា​នៅ​ឆ្នាំ​១៩៨៩ សម្តេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​(Dalai Lama) បានទទួល​ពានរង្វាន់​ណូ​ប៊ែល​សន្តិភាព​ចំពោះ​គោលនយោបា​យ​អហិង្សា​របស់​ព្រះអង្គ​ក្នុង​ការទាមទារ​ការគ្រប់គ្រង​ពី​រដ្ឋាភិបាល​ចិន​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត

 ការពិត​ដ៏​ភ្ញាក់ផ្អើល​របស់លោក​ចូកូ វី​ដូ​ដូ មុន​ក្លាយជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​

 លោកស្រី​ហ្គោល​ដា ម៊ែ​រ “​ស្ដ្រីចិ​ត្ដដែក​” ក្នុង​បេសកកម្ម​បង្កើត​រដ្ឋ​អ៊ីស្រាអែល​

 លោក​វ្លា​ឌី​មៀ លេនីន ជន​បដិវត្តន៍​ដ៏​ល្បីល្បាញ​​របស់​រុស្ស៊ី​

 ម៉ា​ទីន លូ​ស័រ​ឃី​ង មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ស្វែងរក​សិទ្ធិសេរីភាព​ឲ្យ​ជន​ស្បែក​ខ្មៅ

ជី​វប្រ​វត្ដិ​ស្ដ្រី​ទីមួយ​​អាមេរិក​​លោកស្រី​​Jill Biden

 ប្រវត្ដិ​​និង​ការតស៊ូ​​របស់​អនុ​ប្រធានាធិបតី​ស្ដ្រី​ទី​១​​អាមេរិក ខា​ម៉ា​ឡា ហារី​ស​

 លោកស្រី​ស៊ូ​លី សា​រ៉ូ ស្ដ្រីខ្មែរ​-​អាមេរិកកាំង​ដំបូង​គេ​ជាប់​ជា​ចៅសង្កាត់​ក្នុង​ក្រុង​ឡុង​ប៊ិច​

 លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជោគជ័យ​ក្នុង​ជំនួញ​តែ​បរាជ័យ​ក្នុង​នយោបាយ​

 បា​រ៉ាក់ អូ​បា​ម៉ា ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​គេ​របស់​អាមេរិក​

 លោកស្រី​មេ​ឡានៀ ត្រាំ ពី​អ្នក​បង្ហាញ​ម៉ូត​វ័យក្មេង​​ក្លាយជា​ស្ដ្រី​ទីមួយ​អាមេរិក​