គ្រូបង្រៀន​មី​យ៉ាន់​ម៉ា​ជាង​១២​ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឈ្មោះ​ដោយសារ​ប្រឆាំង​រដ្ឋប្រហារ​

23-05-2021 3:11 pm 288

​មន្ត្រី​សហព័ន្ធ​គ្រូបង្រៀន​មី​យ៉ាន់​ម៉ា ដែល​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព បាន​និយាយថា គ្រូបង្រៀន​សរុប​ចំនួន​១២៥,៩០០​នាក់ ត្រូវបាន​ព្យួរ​ឈ្មោះ​នៅ​ថ្ងៃ​សៅរ៍​ទី​២២​ខែឧសភា​ឆ្នាំ​២០២១​។ មូលហេតុ ដោយសារតែ​ក្រុម​គ្រួ​បង្រៀន​ទាំងនោះ បាន​ចូលរួម​នៅក្នុង​ចលនា​មិន​ស្តាប់បង្គាប់​ស៊ីវិល ដើម្បី​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២១​។ មន្ត្រី​ដែលមាន​អាជីព​ជា​គ្រូបង្រៀន​ដែរ​នោះបាន​និយាយថា ទាំងនេះ​គ្រាន់តែ​ជា​សេចក្តីថ្លែងការណ៍ ដើម្បី​គំរាម​ប្រជាជន​ឱ្យ​ចូលធ្វើការ​វិញ​ប៉ុណ្ណោះ ដ្បិត​គ្រូបង្រៀន​ក៏ដូចជា​បុគ្គលិក​បម្រើ​ការងារ​នៅ​វិស័យ​ផ្សេងៗ​ទៀត បាន​ធ្វើពហិការ​មិន​ចូលធ្វើការ តាំងពី​ប្រទេស​ធ្លាក់​ក្នុង​ភាពច្របូកច្របល់ ក្រោយ​រដ្ឋប្រហារ​មកម្ល៉េះ​។ 

​ការចុះឈ្មោះ​ចូលរៀន​នឹង​ចាប់ផ្តើម​នៅ​សបា្តហ៍​ក្រោយ​នេះហើយ ប៉ុន្តែ​អាណាព្យាបាល​មួយចំនួន​មាន​គម្រោង​មិនឱ្យ​កូនៗ​របស់​ពួកគេ​ត្រឡប់​ទៅ​សាលារៀន​វិញ​នៅឡើយ​ទេ ជាពិសេស​គ្រួសារ​ដែលមាន​កូនស្រី​។ អាណាព្យាបាល​អាយុ​៤៤​ឆ្នាំ​ម្នាក់​បាន​និយាយថា «​ខ្ញុំ​នឹងមិន​ចុះឈ្មោះ​ឱ្យ​កូនស្រី​របស់ខ្ញុំ​ទេ ពីព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​នាង​ទទួល​ការអប់រំ​ក្រោម​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​ផ្តាច់ការ ហើយក៏​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ផងដែរ​»​។ ស្រដៀង​គ្នា​នេះ និស្សិត​មួយចំនួនទៀត ដែល​ចេញមុខ​ជាងគេ​នៅក្នុង​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ បានលើកឡើង​ពី​គម្រោង​មិន​ត្រឡប់​ទៅ​សាលារៀន​វិញ​ដែរ លុះត្រាតែ​លទ្ធិប្រជាធិបតេយ្យ​វិល​ត្រឡប់មកវិញ​។​

​ពាក់ព័ន្ធ​នឹង​ការ​បញ្ឈរជើង​គ្រូបង្រៀន​រាប់ម៉ឺន​នាក់​នេះ សារព័ត៌មាន​រ៉​យ​ទ័រ​មិនអាច​សុំការ​បញ្ជាក់បន្ថែម ពី​អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​ម៉ា​ឬ​ក្រសួង​អប់រំ​បានឡើយ​។ បើតាម​កាសែត​គ្រប់គ្រង​ដោយ​រដ្ឋ​Global New Light បាន​អំពាវនាវ​ឱ្យ​គ្រូបង្រៀន​និង​សិស្សសាលា​ត្រឡប់មក​សាលារៀន​វិញ ដើម្បីឱ្យ​ប្រព័ន្ធ​អប់រំ​ដែល​លែងមាន​ចលនា​អស់​រយៈពេល​ជាច្រើន​ខែ អាច​ចាប់ផ្តើម​កំរើក​ឡើងវិញ​ម្តងទៀត​។ 

​ភាពច្របូកច្របល់​ក្រោយ​រដ្ឋប្រហារ ក្រៅពី​ធ្វើឱ្យមាន​ភាពរអាក់រអួល​ក្នុង​វិស័យ​អប់រំ ក៏មាន​ផងដែរ​នូវ​វិស័យ​ផ្សេងៗ​ទៀត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋ រួមទាំង​វិស័យ​សុខាភិបាល រហូតដល់​វិស័យ​ឯកជន​។ យោងតាម​ក្រុម​គ្រូបង្រៀន​ឱ្យដឹងថា មាន​បុគ្គ​លិក​សកល​វិទ្យាល័យ​ចំនួន​១៩,៥០០​នាក់​ផ្សេងទៀត​ផងដែរ ត្រូវបាន​គេ​ព្យួរ​ឈ្មោះ​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​បង្កើតឡើង​ដោយ​ក្រុម​ប្រឆាំងនឹង​របប​យោធា​បាន​និយាយថា នឹងធ្វើ​អ្វីៗ​ទាំងអស់​ដែល​អាច​ធ្វើបាន ដើម្បី​គាំទ្រ​ដល់​គ្រូបង្រៀន​និង​និស្សិត ដោយ​អំពាវនាវ​ឱ្យ​ម្ចាស់ជំនួយ​បរទេស បញ្ឈប់​ការផ្តល់​ថវិកា​ដល់​ក្រសួង​អប់រំ​ដែល​គ្រប់គ្រង​ដោយ​របប​យោធា​។​

​គួរ​ជម្រាបជូន​ថា បើ​យោងតាម​របាយការណ៍​កា​លពី​២​ឆ្នាំមុន​បង្ហាញថា នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​មាន​គ្រូបង្រៀន​សរុប​ចំនួន​៤៣០,០០០​នាក់​។ ប្រព័ន្ធ​អប់រំ​របស់​មី​យ៉ាន់​ម៉ា បាន​ស្ថិតក្នុង​កម្រិត​មួយ​ទាប​នៅក្នុង​តំបន់​រួចទៅហើយ ដោយបាន​ជាប់​ចំណាត់ថ្នាក់​ទី​៩២​ក្នុងចំណោម​៩៣​ប្រទេស នៅក្នុង​ការស្ទង់មតិ​ពិភពលោក​កាលពី​ឆ្នាំមុន​។ នៅពេលដែល​ប្រព័ន្ធ​អប់រំ ដំណើរការ​មិន​រលូន​បែបនេះ​ទៀត អាច​នឹង​ទាញ​ទម្លាក់​ប្រព័ន្ធ​ដែលជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដ៏​សំខាន់​មួយ​នេះ កាន់តែ​មាន​ភាពកម្សោយ​ថែមទៀត​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា