ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​តែងតាំង​ដោយ​របប​យោធា​ថា​នឹង​រំលាយ​គណបក្ស​របស់លោក​ស្រី​ស៊ូ​ជី​

21-05-2021 3:43 pm 394

​ប្រធាន​គណៈកម្ម​ការរៀបចំ​ការបោះឆ្នោត​សហភាព​(UEC) ដែល​គាំទ្រ​ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា​លោក​Thein Soe​បាន​ថ្លែង​នៅក្នុង​របាយការណ៍​មួយ​ថា «​ការលួចបន្លំ​សន្លឹកឆ្នោត​ធ្វើឡើង​ដោយ​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​ថា​NLD គឺ​ខុសច្បាប់ ដូច្នេះ​យើង​នឹងត្រូវ​រំលាយ​ការចុះឈ្មោះ​របស់​គណបក្ស​នេះ​»។ គណៈកម្ម​ការរៀបចំ​ការបោះឆ្នោត​ដែល​តែងតាំង​ដោយ​របប​យោធា​បាន​អះអាងថា «​អ្នក​ដែល​បានធ្វើ​ដូច្នេះ​នឹងត្រូវ​ចាត់ទុកថា ជា​ជន​ក្បត់ជាតិ ហើយ​យើង​នឹង​ចាត់វិធានការ​»។ 

​បណ្តាញ​សារ​ព័ត​មាន​Myanmar Now​នៅ​ថ្ងៃ​សុក្រ​ទី​២១​ខែឧសភា​ឆ្នាំ​២០២១​បានឱ្យដឹងថា ការសម្រេច​បែបនេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណបក្សនយោបាយ​។ តែ​គណបក្ស​ជាច្រើន​បាន​ធ្វើពហិការ​មិន​ចូលរួម​កិច្ចប្រជុំ​នេះ​ទេ រួមទាំង​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។ គណបក្ស​ដែល​ចូលរួម​ប្រជុំ​ភាគច្រើន ទំនង​សុទ្ធតែ​មាន​ទំនោរ​ទៅរក​យោធា​។ នៅក្នុង​នោះ​អ្នកនាំពាក្យ​គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍​គាំទ្រ​ដោយ​យោធា​និយាយថា គណបក្ស​របស់ខ្លួន​ក៏បាន​ចាត់​តំណាងឱ្យ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ ប៉ុន្តែ​មិនទាន់​ដឹង​លទ្ធផល​យ៉ាងណាទេ ព្រោះតែ​កិច្ចប្រជុំ​កំពុងតែបន្ត​នៅឡើយ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន ស្តីពី ការរំលាយ​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ មិនទាន់មាន​ការបញ្ជាក់​លម្អិត​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាលយោធា​, រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ឬ​សមាជិក​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅឡើយ​ទេ​។​

​យោធា​មី​យ៉ាន់​ម៉ា​ដែល​នៅតែមាន​ឥទ្ធិពល​នៅ​ក្នុងប្រទេស បាន​ចោទប្រកាន់​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ថា​បាន​លួច​បន្លំ​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២០ ដែល​ធ្វើឱ្យ​គណបក្ស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ ទទួល​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង​។ ប៉ុន្តែ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ចាស់​កាលនោះ បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​យោធា ដោយ​អះអាងថា​ពុំមាន​ការលួចបន្លំ​នៅក្នុង​ការបោះឆ្នោត​នេះឡើយ​។ ប្រមុខ​មេទ័ព​មី​យ៉ាន់​ម៉ា​ក៏បាន​យក​លេស​នេះ ដើម្បី​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១ ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ចាប់ឃុំខ្លួន​លោកស្រី​ស៊ូ​ជី​ព្រមទាំង​អ្នកនយោបាយ​គ្រាក់ៗ​មួយចំនួនទៀត​។ ក្រោយ​ធ្វើ​រដ្ឋប្រហារ​បានសម្រេច របប​យោធា​អះអាងថា​នឹង​គ្រប់គ្រង​ប្រទេស​បណ្តោះអាសន្ន​រយៈពេល​១​ឆ្នាំ បន្ទាប់ពីនោះ​នឹង​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ ហើយនឹង​យល់ព្រម​ប្រគល់​អំណាច​ឱ្យទៅ​អ្នក​ដែល​ទទួល​ជ័យជម្នះ​នៅក្នុង​ការបោះឆ្នោត​នោះ​។ យ៉ាងណាក៏ដោយ របប​យោធា​មិនបាន​បញ្ជាក់ថា នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ពេលវេលា​ជាក់លាក់​ណាមួយ​នោះឡើយ​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  មីយ៉ាន់ម៉ាគណបក្ស​​NLD

ព័ត៌មានផ្សេងទៀត

ប្រព័ន្ធផ្សព្វផ្សាយយោធា​មី​យ៉ាន់​ម៉ា​ចោទ​ក្រុម​ឧទ្ទាម​ថា​បានសម្លាប់​កម្មករសំណង់​២៥​នាក់​

 លោកស្រីអ៊ុងសាន ស៊ូជីរងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយដីធ្លី

 ធ្លាក់​យន្តហោះ​យោធា​នៅ​មី​យ៉ាន់​ម៉ា​ស្លាប់​មនុស្ស​១២​នាក់​

 រដ្ឋមន្ត្រី​អាស៊ាន​ដាក់​សម្ពាធ​ឱ្យ​មី​យ៉ាន់​ម៉ា​​​ពន្លឿន​ការដោះស្រាយ​វិបត្តិ​

 ថៃ​ព្រួយបារម្ភ​ពី​អំពើហិង្សា​ដែល​មិនទាន់​បញ្ចប់​នៅ​មី​យ៉ាន់​ម៉ា​

 សហគមន៍អឺរ៉ុបគ្រោងដាក់ទណ្ឌកម្មជាលើកទី៣ដល់របបយោធាមីយ៉ាន់ម៉ា

 វិបត្ដិ​នៅ​មី​យ៉ាន់​ម៉ា​បន្ដ​គ្មាន​ដំណោះស្រាយ ខណៈ​យោធា​កាន់​អំណាច​ចូលដល់​ខែ​ទី​៤

 និស្សិតមីយ៉ាន់ម៉ាពហិកាមិនវិលត្រឡប់ទៅសាលារៀនដើម្បីប្រឆាំងរបបយោធា

មីយ៉ាន់ម៉ាបន្តផ្អាកជើងហោះហើរអន្តរជាតិរយៈពេលមួយខែទៀតដោយសារវិបត្តិកូវីដ-១៩

លោកស្រីស៊ូជីបង្ហាញខ្លួនផ្ទាល់លើកដំបូងក្នុងតុលាការចាប់តាំងពីមានរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា