​​អង្គការ​សមាគម​សារព័ត៌មាន​ចំនួន​៤​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​យក​ព័ត៌មាន​នៅ​តំបន់​ក្រហម​បាន​​

08-05-2021 3:36 pm 180

អង្គការ​សមាគម​អ្នកសារព័ត៌មាន​ចំនួន​៤ អំពាវនាវ​ទៅ​ក្រសួង​ព័ត៌មាន ស្តារឡើងវិញ​នូវ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​ក្នុង​ការចូល​ទៅយក​ព័ត៌មាន​ដោយ​សុវត្ថិភាព​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​។ ការអំពាវនាវ​របស់​អង្គការ​សមាគម​ទាំងនេះ ធ្វើឡើង​ក្រោយពី​ក្រសួង​ព័ត៌មាន បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នកសារព័ត៌មាន​ណា​ដែល​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​វិធានការ​បិទ​ខ្ទប់​និង​វិធានការ​សុខាភិបាល​បំភ្លៃ​ខុសពី​ការពិត​។ 

អង្គការ​សមាគម​អ្នកសារព័ត៌មាន​ចំនួន​៤ បាន​អំពាវនាវ​ទៅ​ក្រសួង​ព័ត៌មាន ស្តារឡើងវិញ​នូវ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​ក្នុង​ការចូល​ទៅយក​ព័ត៌មាន​ដោយ​សុវត្ថិភាព​នៅ​តំបន់​ក្រហម ក្នុង​រាជធានី​ភ្នំពេញ​។ ការអំពាវនាវ​របស់​អង្គការ​សមាគម​ទាំងនេះ​ធ្វើឡើង​ក្រោយពី​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៤ ខែ​ឧសភា បាន​ព្រមាន​ចាត់វិធានការ​ច្បាប់​លើ​អ្នកសារព័ត៌មាន​ដែល​ចុះផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​វិធានការ​បិទ​ខ្ទប់​និង​វិធានការ​សុខាភិបាល​បំភ្លៃ​ខុសពី​ការពិត ហើយ​ធ្វើឱ្យ​សាធារណជន​មាន​ការភ័ន្តច្រឡំ និង​បង្ក​ភាពច្របូកច្របល់​ក្នុងសង្គម នៅ​អំឡុងពេល​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ​សមាគម​អ្នកសារព័ត៌មាន​ចំនួន​៤ រួមមាន មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) សហព័ន្ធ​អ្នកសារព័ត៌មាន​អន្តរជាតិ (IFJ) និង​ក្លឹប​អ្នកសារព័ត៌មាន​បរទេស​នៃ​កម្ពុជា (OPCC)​។  ពួកគេបាន​លើកឡើងថា លទ្ធភាព​របស់​អ្នកសារព័ត៌មាន​ក្នុង​ការផ្លាស់​ទី​ដោយ​សេរី​ទៅក្នុង​តំបន់​ក្រហម គឺមាន​ភាពចាំបាច់​ណាស់​ដល់​ការងារ​របស់​ពួកគេ ក្នុងការ​ផ្តល់ព័ត៌មាន​ជូន​ដល់​សាធារណជន​។ ប៉ុន្តែ​ការដកហូត​សិទ្ធិសេរីភាព​របស់​អ្នកសារព័ត៌មាន​នាពេល​ថ្មីៗ​នេះ ដោយ​មិនឱ្យ​ចូល​យក​ព័ត៌មាន​ក្នុង​តំបន់​ក្រហម​នោះ បាន​រឹតត្បិត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការរាយការណ៍​ដោយ​សេរី​និង​យុត្តិធម៌​។​

​សេចក្តីថ្លែងការណ៍​រួម​បន្តថា ក្រៅពី​ការ​រឹតត្បិត​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​មិនឱ្យ​ចូលក្នុង​«​តំបន់​ក្រហម​» ការអនុញ្ញាត​ចូលទៅ​«​តំបន់​លឿងទុំ​»​សម្រាប់តែ​អ្នកសារព័ត៌មាន​ដែល​ត្រូវ​បានអនុញ្ញាត​ដោយ​រដ្ឋាភិបាល​នោះ គឺ​បានដាក់​កម្រិត​លើ​លំហូរ​ព័ត៌មាន ខណៈ​ការ​ផ្តល់ព័ត៌មាន​ទៅ​សាធារណជន​គឺជា​គន្លឹះ​ក្នុង​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ អង្គការ​សមាគម​ទាំងនោះ​បញ្ជាក់ថា អ្នកសារព័ត៌មាន​ឯករាជ្យ​មួយចំនួន​បាន​ត្រៀមខ្លួន​ទទួលយក​ហានិភ័យ និង​ចាត់វិធានការ​ការពារ​ខ្លួន​ដែល​ចាំបាច់​យ៉ាង​ម៉ត់ចត់ ដើម្បី​ចុះ​យក​ព័ត៌មាន​ក្នុង​តំបន់​ក្រហម ទៅតាម​វិធី​ដែល​អាច​ការពារ​ខ្លួន​ពួកគេ​និង​ការពារ​សុវត្ថិភាព​សាធារណជន​បាន​។​

​អង្គការ​សមាគម​អ្នកសារព័ត៌មាន​បាន​បន្តទៀតថា អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល គោលការណ៍​វិជ្ជាជីវៈ និង​មាន​ក្រមសីលធម៌​ត្រឹមត្រូវ​នោះ គួរតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ចូល​យ​ក​ព័ត៌មាន​ក្នុង​តំបន់​ក្រហម និង​តំបន់​លឿង​ទុំ​។ ពួកគេ​យល់ថា ការ​រឹតត្បិត​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការការពារ​សេរី​ភាព​សារព័ត៌មា​ននិង​ការទទួលបាន​ព័ត៌មាន​។ អ្នកសារព័ត៌មាន​ទាំងអស់ ទាំង​អ្នកសារព័ត៌មាន​បម្រើកា​រ​តាម​ស្ថាប័ន និង​អ្នកសារព័ត៌មាន​ឯករាជ្យ​មិនមាន​ស្ថាប័ន (freelance journalists) បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត ហើយ​គួរតែ​ទទួលបាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការចូល​យក​ព័ត៌មាន​ក្នុង​តំបន់ហាមឃាត់​។ នេះ​បើតាម​ការលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នោះ​។​

​អង្គការ​សមាគម​អ្នកសារព័ត៌មាន បានទាមទារ​ឱ្យ​ក្រសួង​ព័ត៌មាន​អនុញ្ញាតឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ​មិនមាន​ស្ថាប័ន (freelance journalists) បំពេញ​មុខងារ​របស់​ពួកគេ​នៅ​ទូទាំង​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ហើយ​ថា អ្នកសារព័ត៌មាន​ដែលមាន​បណ្ណ​បញ្ជាក់​អត្តសញ្ញាណ​នៅមាន​សុពលភាព និង​ប្រកាន់ខ្ជាប់​នូវ​វិធានការ​គម្លាត​សង្គម​យ៉ាង​តឹងរ៉ឹង មាន​ការពាក់​ម៉ាស់ ហើយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នោះ ត្រូវតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បន្តការងារ​របស់​ពួកគេ​ដោយ​ប្រក្រតី​។​

​យ៉ាងណាក៏ដោយ​លោក​មាស សុភ័ណ្ឌ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ពន្យល់ថា អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវគោរព​ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​ឱ្យ​ម៉ឺងម៉ាត់​ចំពោះ​ការចេញ​ចូលទៅក្នុង​តំបន់​ក្រហម ឬ​តំបន់ហាមឃាត់​ផ្សេងៗ ព្រោះថា ការចេញចូល​នៅក្នុង​តំបន់​ក្រហម​ក្តី និង​តំបន់ហាមឃាត់​ណាមួ​យក្តី គឺមាន​ហានិភ័យ​ណាស់​។ លោក​គូសបញ្ជាក់ថា ការហាមឃាត់​លើ​អ្នកសារព័ត៌មាន​នេះ មិនមែន​មានតែ​នៅ​កម្ពុជា​នោះទេ ពោល គឺ​ប្រទេស​ដទៃ​ក៏មាន​វិធានការ​បែប​នេះដែរ​។​

​រីឯ​សាលា​រាជធានី​ភ្នំពេញ​វិញ តាមរយៈ​លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​វិញ ថ្មីៗ​នេះ​បាន​និយាយថា ពុំមាន​ហេតុផល​ណា​ដែល​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូលទៅក្នុង​តំបន់​ក្រហម​នោះទេ​។ លោក​បន្ថែមថា បើ​អ្នកសារព័ត៌មាន​ចូលក្នុង​តំបន់​ក្រហម គឺ​ពួកគេ​អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវី​ដ​១៩ និង​អាចជា​ការនាំយក​ជំងឺ​កូវី​ដ​១៩​ទៅ​ចម្លង​ដល់​ក្រុមការងារ​នៅ​អង្គភាព​របស់ខ្លួន​។ ដូចនេះហើយ លោក​អំពាវនាវ​ម្តង​ជា​២​ដង​ហាម​ពួកគេ​ចូលទៅក្នុង​តំបន់​ក្រហម​៕

ព័ត៌មានផ្សេងទៀត

ពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​ចាក់​វ៉ាក់សាំង​ដូសទី​១​បាន​ជិត​៨៥​ម៉ឺន​នាក់​និង​ដូសទី​២​ជាង​៥៧​ម៉ឺន​នាក់​

បិទ​ខ្ទប់​៣​ភូមិ​ក្នុង​ខេត្ត​កណ្ដាល និង​ដាក់​ជា​តំបន់​ក្រហម លឿង​ទុំ និង​លឿង​១៤​ថ្ងៃ​

ផ្នែក​ខ្លះ​នៃ​ភូមិ​២​ក្នុង​ស្រុក​កោះធំ ​ខេត្ត​កណ្ដាលត្រូវ​កំណត់​ជា​«​តំបន់​ក្រហម និង​លឿងទុំ​»

រាជធានី​ភ្នំពេញ​លែង​មាន​តំបន់​ក្រហម​ទៀតហើយ​!

លោក​ឃួង ស្រេង​៖​ការ​បង្រួម​តំបន់​ក្រហម​ឱ្យនៅ​តូច​ត្រូវ​មើល​លើ​ស្ថានភាព​នៃ​តំបន់​ទាំងនេះ​

 ពលរដ្ឋក្នុងតំបន់ក្រហមចាក់វ៉ាក់សាំងដូសទី១បានជាង៦៩ម៉ឺននាក់ ដូសទី២បានជាង៣ម៉ឺននាក់

 ពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដូសទី​២​ពី​ថ្ងៃ​១៦​ឧសភា​នេះ​

 ​ខេត្ដ​ព្រះសីហនុ​បន្ដ​បិទ​ខ្ទប់​ក្រុង​២​សប្ដាហ៍​​បន្ថែម​តែ​មិន​កំណត់​តំបន់​ក្រហម​ទៀត​ទេ​​

១២​ថ្ងៃ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម​បាន​ជាង​៥៥​ម៉ឺន​នាក់

ផែនទី​បង្ហាញ​ពី​តំបន់​ក្រហម តំបន់​លឿងទុំ និង​តំបន់​លឿង ក្នុង​រាជធានី​ភ្នំពេញ​