រដ្ឋមន្ត្រីកសិកម្មស្នើចិនបន្តនាំចូលផ្លែមៀនប៉ៃលិននិងទឹកមាត់ត្រចៀកកាំពីកម្ពុជា

07-05-2021 4:37 pm 290

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានស្នើដល់អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បន្តជួយជំរុញការពិនិត្យសំណើរនាំចូលផលិតផលផ្សេងទៀត ដោយការចាប់ផ្ដើម ជាមួយផ្លែមៀនប៉ៃលិន ទឹកមាត់ត្រចៀកកាំនិងកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន។ ការសើ្ននេះធ្វើឡើងនៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីវេង សាខុន អញ្ជើញក្នុងពិធីសម្ភោធការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន៨០តោន ទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះលោក វេង សាខុន បានបង្ហាញក្ដីជឿជាក់ថា ព្រឹត្តិការណ៍នាពេលនេះគឺ ជាការចាប់ផ្តើមជាផ្លូវការនៃផលិតផលផ្លែស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីភាពជោគជ័យដ៏ធំធេងនេះ។ លោកក៏បានអំពាវនាវឱ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថាកសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានអរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និង GACC ដែលបានផ្ដល់កិច្ចសហការល្អក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មកសិកម្ម។ លោកបានរំលឹកថា កិច្ចសហប្រតិបត្តិការការទូតជាផ្លូវការកម្ពុជា-ចិនបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨កន្លងមកម្លេះ ហើយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ខាងមុខគឺ ជាខួបលើកទី៦៣ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលភាគីទាំងពីរបានកំណត់ថាជាឆ្នាំ«មិត្តភាពកម្ពុជា-ចិន»ព្រមទាំងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលភាគីទាំងពីរបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣នៅទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន២ប្រភេទហើយ ត្រូវបានប្រទេសចិនអនុញ្ញាតឲ្យនាំចូលទីផ្សារប្រទេសខ្លួនដោយផ្ទាល់។ ផលិតផលទាំងនោះរួមមានផ្លែចេកស្រស់ និងផ្លែស្វាយស្រស់។ យ៉ាងណាមិញ កម្ពុជាមានក្តីរំពឹងថា ឆាប់ៗនេះប្រទេសចិននឹងអនុញ្ញាតឲ្យនាំចូលផលិតផលផ្សេងៗទៀតរបស់កម្ពុជាតាមរយៈការស្នើសុំខាងលើនេះ៕ ដោយ៖ ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត

លោក​វេង សាខុន អរគុណ​នាយករដ្ឋមន្ត្រី​ដែល​ទម្លាក់​ថវិកា​បន្ថែម​៥០​លាន​ដុល្លារ​

 រដ្ឋមន្ត្រី​កសិកម្ម​ស្នើ​បេឡា​រូស​ផលិត​គ្រឿងយន្ត​សម្រាប់​ប្រមូល​ផល​ដំឡូង​មី​

រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់​ជុំវិញ​ករណី​វៀតណាម​បំផ្លាញ​ផ្លែស្វាយ​កម្ពុជា​ជាង​៦​ពាន់​តោន​

រដ្ឋមន្ត្រី​កសិកម្ម​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង​

រដ្ឋមន្ត្រី​​កសិកម្ម ​អំពាវនាវ​ឲ្យ​ចិន​ មក​វិនិយោគ​​លើ​វិស័យ​កសិកម្ម​ និង​កែច្នៃ​​អាហារ​​