យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​

07-05-2021 4:01 pm 209

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្រហម ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រមាណ​ជាង​៧​ម៉ឺន​នាក់ បានចាប់ផ្តើម​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​ដូសទី​១​ហើយ ចាប់ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា​តទៅ​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយ​ឧត្តមសេនីយ៍ឥត សារ៉ាត់​អគ្គមេបញ្ជាការ​រង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ក្នុងឱកាស​ដែល​លោក​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​តំបន់​ខាងលើ​។​

​ទន្ទឹមនឹងនេះ​ដែរ លោកនាយ​ឧត្តមសេនីយ៍ឥត សារ៉ាត់​ក៏​បាន​បញ្ជាក់​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ដែរ​ថា លោក​នឹង​បង្កើន​ទីតាំង​ចាក់​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​នេះ​ដើម្បី​ឱ្យ​ដំណើរការ​ចាក់​មាន​ភាព​រលូន រហ័ស និង​ស្រប​តាម​ការកំណត់​។​

​ពិតណាស់ បន្ទាប់ពី​ឃើញ​តំបន់​ក្រហម​មាន​ការឆ្លង​រាលដាល​ខ្លាំង​ពី​ជំងឺ​កូវី​ដ​-១៩ និង​ដើម្បី​កាត់ផ្តាច់​នូវ​ការចម្លង​ឱ្យបាន​ឆាប់ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បញ្ជា​ឱ្យ​ក្រុមការងារ​នៃ​ក្រសួង​ការពារជាតិ ត្រូវធ្វើ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ពលរដ្ឋ​នៅ​តំបន់​ក្រហម​ឱ្យបាន​គ្រប់ៗ​គ្នា ប៉ុន្តែ​លោក​ហាម​ពលរដ្ឋ​ដែល​នៅ​តំបន់​ផ្សេង ចូល​មក​ចាក់​ក្នុង​តំបន់​ក្រហម​នេះ​។​

​ទន្ទឹម​នឹង​ការដាក់ចេញ​នូវ​បទបញ្ជា​ខាងលើ​នេះ​ដែរ ថ្នាក់​ដឹកនាំ​កម្ពុជា​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា​៖« នៅក្នុង​តំបន់​ក្រហម​នេះ ដរាបណា​មិន​ចាក់​អស់​គ្រប់​ប្រជាជន​ទេ គឺ​យើង​មិន​អាច​ដើរ​ចេញ​ចោល​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ ហើយ​ខ្ញុំ​ក៏​ចង់​ប្រាប់​ឱ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​ជាង ៥២​ម៉ឺន​នាក់ ក្នុង​តំបន់​ក្រហម​មិន​ខ្វះ​ទេ ដោយសារ​វ៉ាក់សាំង​ចំនួន ១​លាន​ដូសនឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១១ និង​ទី​១៥​ខាងមុខនេះ​»​។​

​ទាក់ទង​ទៅនឹង​ការចាក់​វ៉ាក់សាំង​នេះដែរ លោកនាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង គឺ​តម្រូវ​ឱ្យ​បំពេញ​កម្រង​ព័ត៌មាន​អត្តសញ្ញាណ​នៅតាម​លំនៅឋាន​ជាមុន ហើយ​ពេល​ទៅ​ចាក់​ត្រូវ​យក​ភ្ជាប់​ទៅ​ជាមួយ​នូវ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូចជា​៖​អត្តសញ្ញាណ​បណ្ណ លិខិតឆ្លងដែន ឬ​សំបុត្រកំណើត​ជាដើម ហើយ​ការចាក់​វ៉ាក់សាំង និង​ការបំពេញ​បណ្ណ​ព័ត៌មាន​ចាក់​វ៉ាក់សាំង គឺ​មិន​មាន​គិត​ប្រាក់​នោះឡើយ​។​

​សូម​ជម្រាប​ជូន​ថា ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​ក្រហម​ចំនួន​៤​ខណ្ឌ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា គឺ​សម្រេច​បាន​ចំនួន​២៤៦,៧០២​នាក់​ហើយ​ក្នុងនោះ​ពលរដ្ឋ​នៅក្នុង​ខណ្ឌ មានជ័យ​ចាក់​បាន ៥១,៨៤៥​នាក់ ,​ខណ្ឌដង្កោ ចាក់​បាន ៥៩,៨០៣​នាក់ ,​ខណ្ឌ​កំបូល ចាក់​បាន ៤២,៩៤១​នាក់ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាក់​បាន ៩២,១១៣​នាក់​៕​ដោយ​៖​ថា ចាន់​ធី​

ព័ត៌មានផ្សេងទៀត

អ្នក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​លេខ​រៀង​ទី​៣​លាន​ទទួលបាន​ប្រាក់​លើកទឹកចិត្ត​១០​លាន​រៀល​

គិត​ត្រឹម​ថ្ងៃ​១៤​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់​

 បញ្ចប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​នៅ​ភ្នំពេញ​កងទ័ព​នឹង​បន្ត​ទៅ​ខេត្ត​ព្រះសីហនុ​

 អភិបាលខេត្ដ​៖ ពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ​ត្រូវ​ចាក់​វ៉ាក់សាំង​គ្រប់គ្នា តែ​ស្រុក​ផ្សេង​យក​អ្នកមាន​អាទិភាព​សិន​

 ភូមិ​៤​ទៀត​ក្នុង​ក្រុង​សៀមរាប​ត្រូវ​កំណត់​ជា​តំបន់​ក្រហម​ដោយមាន​ករណី​ឆ្លងកូវី​ដ​ស្មុគស្មាញ​

គិត​ត្រឹម​ថ្ងៃទី​៧​មិថុនា​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​២​លាន​៧​សែន​នាក់​

 អគ្គមេបញ្ជាការ​រង​ស្នើ​ឲ្យ​បញ្ឈប់​ការដឹក​កម្មករ​ពី​ខេត្ត​មកចាក់​វ៉ាក់សាំង​នៅ​ភ្នំពេញ​

 នាយករដ្ឋមន្ត្រី​៖ ចាក់វ៉ាក់​សាំង​ត្រូវ​ប្រើ​​យុទ្ធសាស្ត្រ​​ផ្កា​រីក​​ មិន​​អាច​​ចាក់​​នេះ​​តិច​​នោះ​​តិច​​ទេ​​

ពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំង​៦​ចាក់​វ៉ាក់សាំង​ដូសទី​១​បាន​ជិត​៨៥​ម៉ឺន​នាក់​និង​ដូសទី​២​ជាង​៥៧​ម៉ឺន​នាក់​

បិទ​ខ្ទប់​៣​ភូមិ​ក្នុង​ខេត្ត​កណ្ដាល និង​ដាក់​ជា​តំបន់​ក្រហម លឿង​ទុំ និង​លឿង​១៤​ថ្ងៃ​