អ្នកចូល​ខេត្តត្បូង​ឃ្មុំលែង​តម្រូវឲ្យធ្វើចត្តាឡីស័ក​១៤​ថ្ងៃ​ហើយ​បើ​គ្មាន​ការ​សង្ស័យ​កើត​កូវីដ​

06-05-2021 6:06 pm 224

​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ នៅ​ល្ងាច​ថ្ងៃទី​០៦ ខែ​ឧសភា​នេះ បាន​កែសម្រួល​សេចក្ដីណែនាំ ស្ដី​ពី​ការបន្ដ​ពង្រឹង​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩ និង​ការពង្រឹង​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ ក្នុងករណី​រកឃើញ​ប្រជាពលរដ្ឋ​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩​។​

​តាមរយៈ​សេចក្ដីណែនាំ​ថ្មី​របស់​អភិបាលខេត្ត​ត្បូងឃ្មុំ ត្រង់​ចំណុច​ទី​២​បានបញ្ជាក់​ថា «​ប្រជាពលរដ្ឋ​ដែល​ចូល​មក​ខេត្ត​ត្បូងឃ្មុំ ក្នុងករណី​មាន​រោគសញ្ញា​សង្ស័យ ត្រូវ​ធ្វើ​តេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​១៩ និង​អាច​រក្សាទុក​ក្នុង​មណ្ឌល​ចត្តា​ឡី​ស័ក រហូតដល់​ចេញ​លទ្ធផល​ធ្វើតេស្ត អវិជ្ជមាន​ជំងឺ​កូវី​ដ​១៩​។​

​គួររម្លឹកថា ដំបូង​ឡើយ លោក​អភិបាលខេត្ត​ត្បូងឃ្មុំ បានប្រកាសថា ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ចូល​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ត្រូវធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ជា​កំហិត​។​

យ៉ាងណាមិញនៅថ្ងៃទី០៦ ខែឧសភានេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន  បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​កែសម្រួល​លក្ខខណ្ឌ​ក្នុង​ការចេញ និង​ចូល​ភូមិសាស្ត្រ​របស់​ខ្លួន ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ប្រមុខ​រដ្ឋាភិបាល​បានបញ្ជាក់​ថា អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​លុប​ចោល​ជា​បន្ទាន់ នូវ​ការដាក់ចេញ​វិធានការ​ធ្វើ​ចត្តា​ឡី​ស័ក ចំពោះ​ប្រជាពលរដ្ឋ​ដែល​គ្មាន​ករណី​សង្ស័យ​ពាក់ព័ន្ធ​នឹង​កូវី​ដ​-១៩ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ករណី​សង្ស័យ​នឹង​ករណី​កូវី​ដ​-១៩ គឺ​ត្រូវ​អនុវត្ត​វិធានការ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​ដដែល​៕ ដោយ​៖ សៅ វិសាល​

ព័ត៌មានផ្សេងទៀត

 ខេត្ត​ត្បូងឃ្មុំ​ដាក់ចេញ​វិធានការ​៦​ចំណុច​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​