ធនាគារពិភពលោក​កត់សម្គាល់ថា កម្ពុជា​វិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ជាង​មុន​

30-04-2021 2:54 pm 295

​ក្នុង​រយៈពេល​២​ទសវត្ស​កន្លងមកនេះ កម្ពុជា​បាន​ឆ្លងកាត់​ការផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ គឺ​បាន​ឈានទៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក្នុង​ឆ្នាំ​២០១៥ ហើយ​បាននិងកំពុង​បន្ដ​ក្ដី​ប្រាថ្នា​ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ នេះ​បើតាម​របាយការណ៍​ព័ត៌មាន​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​(World Bank)​ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១​។ របាយការណ៍​ដដែល​បន្ដថា ដោយសារតែ​មាន​វិស័យ​អាទិភាព​មួយចំនួន​ដូចជា​ការនាំចេញ​សម្លៀកបំពាក់​និង​វិស័យ​ទេសចរណ៍ បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​អត្រាកំណើន​ជា​មធ្យម​ចំនួន​៧.៧​ភាគរយ​ចន្លោះ​ពី​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ​២០១៩​។ ការណ៍​នេះ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​មួយ​នៅក្នុង​ពិភពលោក​។​

​ប៉ុន្ដែ​ទន្ទឹមនឹង​ការរីកចម្រើន​នេះ ភាព​រង្គោះរង្គើ​នៅ​ទូទាំង​ពិភពលោក​បង្ក​ពី​ជំងឺ​កូវី​ដ​-១៩ ក៏បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០២០ ស្របពេល​ដែល​កម្ពុជា​ក៏ត្រូវ​ប្រឈម​នឹង​ការដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ “​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​” ឬ​ហៅ “EBA” ពី​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ​ដដែល​នេះ​។ ជំងឺ​កូវី​ដ​-១៩​ពិតជា​ធ្វើឱ្យមាន​ការថយចុះ​យ៉ាងខ្លាំង​នូវ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា ដូចជា​វិស័យ​ទេសចរណ៍ ការនាំចេញ​ផ្នែក​កម្មន្ដសាល និង​វិស័យ​សំណង់ ដែល​វិស័យ​ទាំងអស់នេះ​រួមចំណែក​រហូតដល់​៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ និង​រួមចំណែក​ជិត​៤០​ភាគរយ​នៃ​ការចំណាយ​ទៅលើ​ប្រាក់​ឈ្នួល​ការងារ​។​

​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ​២០២០មាន​កំណើន​អវិជ្ជមាន​-៣.១​ភាគរយ ជា​ការធ្លាក់ចុះ​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ តែ​យ៉ាងណាមិញ​បើតាម​ការព្យាករណ៍​របស់​ធនាគាពិភពលោក ​​ក្នុង​ឆ្នាំ​២០២១​នេះ​កម្ពុជា​រំពឹង​នឹង​អាច​ស្ដារ​សេដ្ឋកិច្ច​ឱ្យ​កើនឡើង​វិញ​ក្នុង​រង្វង់​៤​ភាគរយ តាមរយៈ​ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​បរិយាកាស​ពី​ខាងក្រៅ រួមជាមួយ​ការគាំទ្រ​ពី​រដ្ឋាភិបាល​បន្ថែមទៀត​។ ការព្យាករណ៍​គឺ​សម្អាង​ទៅលើ​ការសិក្សា​ស្រាវជ្រាវ​តាំងពី​មុន​ការ​ផ្ទុះឡើង​នូវ​ព្រឹត្ដិការណ៍​សហគមន៍​២០​កុម្ភៈ ដូច្នេះ​ក៏​មិនទាន់​ប្រាកដ​នៅឡើយ​ថា​កម្ពុជា​អាច​ធ្វើបាន​ឬក៏​យ៉ាងណា​។​

​ការផ្ទុះ​ឡើង​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ការ​ងើប​ឡើងវិញ​ដ៏​យឺតយ៉ាវ​នៃ​សកម្មភាព​សេដ្ឋកិច្ចពិភពលោក និង​ភាពចលាចល​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​អូសបន្លាយ​រយៈពេល​យូរ បាន​បង្ក​ជា​ហានិភ័យ​ដល់​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា​។ យោងតាម​ការព្យាករណ៍​ជា​ផ្លូវ​ការណ៍​មួយ​បង្ហាញថា អត្រា​នៃ​ភាពក្រីក្រ​ក្នុង​ឆ្នាំ​២០១៤​គឺមាន​១៣.៥​ភាគរយ ប្រៀបធៀប​នឹង​ឆ្នាំ​២០០៧​មាន​៤៧.៨​ភាគរយ​។ ប្រមាណ​ជា​៩០​ភាគរយ​នៃ​ពលរដ្ឋ​ក្រីក្រ គឺ​រស់នៅក្នុង​តំបន់​ជនបទ​។ ខណៈដែល​ក្នុង​ឆ្នាំ​២០០៩​កម្ពុជា​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​នៃ​ភាពក្រីក្រ គ្រួសារ​ភាគច្រើន​ដែល​បាន​រួចផុត​ពី​ភាពក្រីក្រ​ក៏​នៅមានកម្រិត​តិចតួច​ដែរ​។ ប្រជាជន​ប្រហែល​៤,៥​លាន​នាក់​នៅតែ​រស់នៅ​ក្បែរ​បន្ទា​ត់នៃ​ភាពក្រីក្រ និង​ងាយ​ធ្លាក់ចូល​ក្នុង​ភាពក្រីក្រ​វិញ​នៅពេលដែល​ប្រឈមមុខ​នឹង​វិបត្ដិ​សេដ្ឋកិច្ច​និង​វិបត្ដិ​ពី​ខាងក្រៅ​។ 

​ភាពក្រីក្រ​ពិតជា​បាន​កើនឡើង​ដោយសារតែ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩​។ នៅក្នុង​ខែមករា​ដើមឆ្នាំ​២០២១ មាន​មនុស្ស​ជាង​៧១​ម៉ឺន​គ្រួសារ​ស្មើនឹង​២,៨​លាន​នាក់​បានទទួល​សាច់​ប្រាក់ឧបត្ថម្ភ ខណៈ​នៅ​ដើមខែ​មិថុនា​ឆ្នាំ​២០២០​មាន​មនុស្ស​តែ​៥៦​ម៉ឺន​គ្រួសារ​ឬ​ស្មើនឹង​២,៣​លាន​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការទទួលបាន​សាច់ប្រាក់​ឧបត្ថម្ភ​នេះ​។ នោះ​មានន័យថា​យ៉ាងហោចណាស់​មនុស្ស​១៥​ម៉ឺន​គ្រួសារ​ឬ​ស្មើនឹង​០,៥​លាន​នាក់ ត្រូវបាន​កំណត់ថា​ជា​អ្នកក្រ​នៅ​ចន្លោះ​ខែមិថុនា​ឆ្នាំ​២០២០ ដល់​ខែមករា​ឆ្នាំ​២០២១​។​

​ដើម្បី​តាមដាន​ពី​កម្រិត​នៃ​ផលប៉ះពាល់​បង្កឡើង​ពី​ជំងឺ​កូវី​ដ​-១៩​ទៅលើ​គ្រួសារ​ពលរដ្ឋ​កម្ពុជា ធនាគារពិភពលោក​និង​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​បានរៀបចំ និង​កំពុង​ធ្វើ​ការស្ទង់មតិ​តាម​ទូរស័ព្ទ​។ ការស្ទង់មតិ​ជុំ​ទី​៤​បានបញ្ចប់​កាលពី​ខែធ្នូ​ឆ្នាំ​២០២០​និង​ខែមករា​ឆ្នាំ​២០២១ បង្ហាញឱ្យឃើញថា​៧២​ភាគរយ​នៃ​ពលរដ្ឋ​ដែល​បាន​ឆ្លើយតប​អាច​បន្ដ​មាន​ការងារ​ធ្វើ​។ ចំនួន​នេះ​ប្រហាក់ប្រហែល​នឹង​កម្រិត​ក្នុង​ខែឧសភា​និង​ខែសីហា​ឆ្នាំ​២០២០​ដែរ ប៉ុន្ដែ​នៅ​ទាប​បើ​ប្រៀបធៀប​កាលពី​ជំងឺ​កូវី​ដ​-១៩​ទើប​ផ្ទុះឡើង​ពីដំបូង ដែលមាន​រហូតដល់​៨២​ភាគរយ​នៃ​អ្នក​ត្រូវបាន​ស្ទង់​មតិ​នៅមាន​ការងារ​ធ្វើ​។ ការស្ទង់មតិ​ក្នុង​ខែធ្នូ​ឆ្នាំ​២០២០​បង្ហាញ​ផងដែ​រថា ៥០​ភាគរយ​នៃ​គ្រួសារ​ដែល​ត្រូវបាន​ស្ទង់​មតិ​មាន​ប្រាក់ចំណូល​ធ្លាក់ចុះ​។ 

​ជារួម​មក កំណែទម្រង់​ជា​ភាពចាំបាច់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ដែល​គាំទ្រ​ដល់​ជនក្រីក្រ លើកកម្ពស់​ការប្រកួត​ប្រជែង គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​លើកកម្ពស់​លទ្ធភាព​ទទួល​បាន​សេវាសាធារណៈ​ប្រកបដោយ​គុណភាព​និង​សមភាព​។ ប្រទេស​កម្ពុជា​ក៏​នៅតែមាន​គម្លាត​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការតភ្ជាប់​និង​ការវិនិយោគ​កាន់តែច្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទនិង​ទីក្រុង​។ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​បន្ថែម​វិញ​នឹង​តម្រូវឱ្យមាន​ការជំរុញ​ដល់​សហគ្រិនភាព ការពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការកសាង​ជំនាញ​ថ្មីៗ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ​ដែល​កំពុង​រីកចម្រើន​។ ជាងនេះទៅទៀត ស្ថាប័ន​សាធារណៈ​ដែលមាន​ការទទួលខុសត្រូវ​និង​មាន​ការឆ្លើយតប​ក៏​ជា​រឿង​សំខាន់​ផងដែរ ដើម្បី​សម្រេចបាន​គោលដៅ​ប្រកបដោយ​មហិច្ឆតា​របស់​កម្ពុជា ក្នុង​ការឈានទៅរក​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត

 បញ្ចប់ការបិទខ្ទប់តែស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋពិសេសអាជីវករមិនទាន់ល្អឡើងវិញទេ

 ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​រំពឹងថា​សេដ្ឋកិច្ចកម្ពុជា​​នឹង​កើន​៦%​ក្នុង​ឆ្នាំក្រោយ​​

 អ្នកសេដ្ឋកិច្ច៖ ការបើកផ្សាររដ្ឋឡើងវិញផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចនិងសង្គម

 រដ្ឋាភិបាលប្ដេជ្ញាប្រែក្លាយវិបត្ដិកូវីដជាឱកាសធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅស្ដារវិស័យសេដ្ឋកិច្ច

 ​ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​

 ពុំទាន់​មាន​ករណី​បិទ​ការនាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅ​វៀតណាម​នោះទេ​

 អ្នក​លក់ដូរ​ក្នុង​ផ្សារ អ្នករត់ម៉ូតូឌុប​និង​ដឹកជញ្ជូន​នៅ​ភ្នំពេញ​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូវី​ដ​

 ហ្វីលីពីន​បិទ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ដោយសារកូ​វីដ​១៩

 ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាមិនខ្វះលុយទិញវ៉ាក់សាំងទេ ខ្លាចតែមិនមានវ៉ាក់សាំងសម្រាប់ទិញ

 ធនាគារពិភពលោក​៖​សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា​នឹង​ធ្លាក់​ចុះ​១០%​នៅ​ឆ្នាំ​នេះ​