​ADB៖ សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​

28-04-2021 2:42 pm 889

​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បាន​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុង​ឆ្នាំ​២០២១ ហើយ​កើន​ខ្ពស់​ក្នុង​ឆ្នាំ​២០២២​។ បើតាម ADB សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​កើនឡើង ៤,០%​នៅ​ឆ្នាំនេះ និង​៥,៥% ក្នុង​ឆ្នាំ​២០២២ ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការ​សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។

​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង ៤,០% នៅ​ឆ្នាំនេះ និង ៥,៥% ក្នុង​ឆ្នាំ​២០២២​។ នេះ​ជា​ការព្យាករណ៍​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ មេសា ឆ្នាំ​២០២១​។ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចកម្ពុជា​នេះ ត្រូវបាន ADB អះអាងថា គឺ​ដោយសា​រការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ជួយ​ជំរុញ​តម្រូវការ​សម្រាប់​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។ 

​បើតាម​នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា​របស់ ADB លោកស្រី Sunniya Durrani-Jamal បាន​ថ្លែងថា «​សេដ្ឋកិច្ច​កម្ពុជា បាន​ធ្លាក់ចុះ ៣,១% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវី​ដ​-១៩​។ រាជរដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ចំពោះ​ករណី​ថ្មីៗ ដែល​បាន​កើតឡើង ហើយ​យើង​រំពឹងថា សេដ្ឋកិច្ច​នឹង​វិលត្រឡប់​មករក​កំណើន​វិញ​ក្នុង​ឆ្នាំ​២០២១​។ កំណើន​នេះ​នឹង​ជួយ​បង្កើន​ប្រាក់ចំណូល​គ្រួសារ ប៉ុន្តែ​មិនមែន​គ្រប់​វិស័យ​និង​តំបន់​ទាំងអស់ នឹង​ទទួលបាន​ប្រយោជន៍​នេះ​ស្មើគ្នា​នោះទេ ដូច្នេះ​វា​ចាំបាច់​ណាស់ ក្នុង​ការតាមដាន​មើល​ជីវភាព​គ្រួសារ​ទាំងឡាយ ក៏ដូចជា​តម្រូវការ​គាំទ្រ​បន្ថែម​ឱ្យបាន​ដិតដល់​»​។​

​តែបើ​យោងតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ២០២១ ផលិតកម្ម​ឧស្សាហកម្ម​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង ៧,១% ក្នុង​ឆ្នាំ​២០២១ និង​៧,០% នៅ​ឆ្នាំ​២០២២ ដោយសារ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​សម្រាប់​ការធ្វើដំណើរ ក៏ដូចជា​កំណើន នៃ​ឧស្សហកម្មធ​ន​ស្រាល​ផ្សេងទៀត ដូចជា​ផលិតផល​អេឡិចត្រូនិច និង​កង់​។​

​ទន្ទឹមនឹង​គ្នា​នេះ វិស័យ​កសិកម្ម​ត្រូវបាន​រំពឹងថា នឹង​កើនឡើង​១,៣% ក្នុង​ឆ្នាំ​២០២១ និង​១,២% ក្នុង​ឆ្នាំ ២០២២ ដោយមាន​ការកើនឡើង នៃ​ផលិតកម្ម​កសិផល បន្ទាប់ពី​រង​ការខូចខាត ដោយ​ទឹកជំនន់​កាលពី​ឆ្នាំមុន ការបន្ត​មាន​កំណើន​នៃ វារីវប្បកម្ម និង​ការ​ហក់​ឡើង នៃ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ វិស័យ​សេវាកម្ម នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ល្បឿន​យឺតៗ ពោល​ប្រមាណ ៣,៣% ក្នុង​ឆ្នាំ​២០២១ ទៅ ៦,២% ក្នុង​ឆ្នាំ​២០២២​។ 

​ជាមួយគ្នានេះ ADB ថា​កិច្ចប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ក្នុងស្រុក ដែល​បានចាប់ផ្តើម​ក្នុង​ខែកុម្ភៈ​ឆ្នាំ​២០២១ កំពុង​ធ្វើឱ្យ​សកម្មភាព​វិស័យ​សេវាកម្ម​ធ្លាក់ចុះ​។ ការ​រឹតបន្តឹង​ការធ្វើដំណើរ​ត្រូវបាន​រំពឹងថា នឹង​នៅ​បន្ត​ស្ទើរតែ​ពេញ​មួយឆ្នាំ​ក្នុង​ឆ្នាំ​២០២១ ដែល​មានន័យថា វិស័យ​ទេសចរណ៍ មិន​ត្រូវបាន​រំពឹងថា អាចជួយ​ជំរុញ​កំណើន​ផ្នែក សេវាកម្ម​នៅ​ឆ្នាំនេះ​ទេ​។ វិស័យ​អចលន ទ្រព្យ​ត្រូវបាន​ព្យាក​រថា នឹង​ងើប​ឡើងវិញ ពី​ការធ្លាក់ចុះ​កាលពី​ឆ្នាំមុន ដោយមាន​និន្នាការ​ស្រដៀង​គ្នា ទៅនឹង​ឧស្សាហកម្ម​សំណង់​។​

​លោកស្រី Sunniya Durrani បានឱ្យដឹងថា ល្បឿន​មិន​ស្មើគ្នា​នៃ​ការ​ងើប​ឡើងវិញ​នៃ​វិស័យ​នានា នឹង​បន្ត​ជា​សម្ពាធ​លើ​គ្រួសារ និង​ក្រុមហ៊ុន​មួយចំនួន​នៅ​ឆ្នាំនេះ ដែល​នឹង​ធ្វើឲ្យ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​ជា​រួមមាន​ការយឺតយ៉ាវ​។ ហានិភ័យ​ចម្បងៗ សម្រាប់​ចក្ខុវិស័យ​សេដ្ឋកិច្ច​នេះ រួមមាន ការរីក​រាលដាល នៃ​ការ​ផ្ទុះឡើង នៃ​កូវី​ដ​១៩ នៅតាម​សហគមន៍ កំណើនសេដ្ឋកិច្ច​យឺត​ជាង​ការរំពឹងទុក នៃ​ដៃគូ​ធុរកិច្ច​សំខាន់ៗ​របស់​កម្ពុជា ដូចជា​អាមេរិក និង​អឺរ៉ុប ការបន្ត​នៃ​ភាពទន់ខ្សោយ នៃ​តម្រូវការ​ក្នុងស្រុក និង​បញ្ហា​ប្រឈម​របស់​សេវាកម្ម​ហិរញ្ញវត្ថុ និង​ធនាគារ​។ លោកស្រី​បន្ថែមថា រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​រក្សា​ជំហរ​គោលនយោបាយ សារពើពន្ធ​ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​។​

​យ៉ាងណាក៏ដោយ​បើតាម​ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​គូសបញ្ជាក់ថា ខ្លួន​បាននិងកំពុង​អនុវត្ត​គម្រោង​វិនិយោគ ដែល​មានតម្លៃ​ជាង​២,១​ពាន់​លាន​ដុល្លារ នៅ​កម្ពុជា​។ នៅ​ឆ្នាំ​២០២០ ធនាគារ​អភិវឌ្ឍន៍អាស៊ី បានអនុម័ត​ផ្តល់​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ចំនួន ៤៧៧​លាន​ដុល្លារ ហើយ​បាន​កៀគរ​ថវិកា​បន្ថែមចំនួន ២៨១,៣​លាន​ដុល្លារ តាមរយៈ សហ​ហិរញ្ញប្បទាន សម្រាប់​ប្រទេស​កម្ពុជា​។ ថវិកា​របស់ ADB ដែល​ត្រៀម​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ​២០២១-២០២៣ រួមមាន​កម្ចីសម្បទាន​ចំនួន ១,៣៥​ពាន់​លាន​ដុល្លារ និង​ជំនួយឥតសំណង​ចំនួន ៣២,៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការស្តារ​សេដ្ឋកិច្ចជាតិ ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​១៩៕

 ពាក្យគន្លឹះ  ADBសេដ្ឋកិច្ចកម្ពុជា

ព័ត៌មានផ្សេងទៀត

 ​ADB​ផ្តល់​កម្ចី​និង​ជំនួយ​ដល់​កម្ពុជា​សរុប​​ជិត​៥០០​លាន​ដុល្លារ​ដើម្បី​ប្រឆាំង​កូវី​ដ​១៩​

 ធនាគារពិភពលោក​កត់សម្គាល់ថា កម្ពុជា​វិវឌ្ឍ​ខ្លួន​បាន​កាន់តែ​ប្រសើរ​ជាង​មុន​

 វ៉ាក់សាំង​កូវី​ដ​-១៩ ជា​ក្តីសង្ឃឹម​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ងើប​ឡើងវិញ​

 ​ធនាគារពិភពលោក​៖​​សេដ្ឋកិច្ចកម្ពុជា​​នឹង​រើប​ឡើងវិញ​នៅ​ឆ្នាំ​២០២១​

 ​ផលប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​​នឹង​ជា​សម្ពាធ​មួយផ្នែក​ទៀត​​ដល់​ការចំណាយ​របស់​រដ្ឋ​​

 ស្ថាប័ន​អន្ដរជាតិ​និង​រដ្ឋាភិបាល​ព្យាករ​ស្រដៀង​គ្នា​ពី​សេដ្ឋកិច្ច​កម្ពុជា​

ADB​រំពឹង​ថា​សេដ្ឋកិច្ច​កម្ពុជា​នឹង​ស្ទុះ​ងើប​ឡើង​វិញ​ដល់​៥.៩%​នៅ​ឆ្នាំ​២០២១

ADB៖​កម្ពុជា​ទប់ស្កាត់​កូវី​ដ​១៩​បានយ៉ាងល្អធៀប​នឹង​ប្រទេស​ដទៃ​ក្នុង​តំបន់​

​ADB ផ្តល់​កម្ចី​ជាង​២៩​លាន​ដុល្លារ​​ដល់​រដ្ឋាភិបាល​លើ​ផ្នែក​ផ្តល់​សេវាសាធារណៈ​​

ADB​​ផ្តល់​កម្ចី​១២៧,៨​លាន​ដុល្លារ​​ជួយ​ពង្រីក​បណ្តាញ​បញ្ជូន​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​​