ចិនរំពឹងថាកិច្ចប្រជុំកំពូលអាស៊ាននឹងផ្តល់ផលវិជ្ជមានសម្រាប់មីយ៉ាន់ម៉ា

23-04-2021 9:12 pm 1792

នៅមុនកិច្ចប្រជុំកំពូលពិសេសរបស់មេដឹកនាំប្រទេសមាជិកអាស៊ាន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាងយី(Wang Yi) បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តី ការបរទេសថៃលោកDon Pramudwinai និងរដ្ឋមន្ត្រីការបរទេសប្រ៊ុយណេលោកErywan bin PehinYusof ដែលជាប្រធានប្តូរវេននៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់អាស៊ាន កាលពីថ្ងៃទី២២ ខែមេសា។ នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនេះ លោកវ៉ាងយីបានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលពិសេសនាពេលខាងមុខរបស់មេដឹកនាំអាស៊ានគឺពិតជាសំខាន់ខ្លាំងបំផុតនៅពេលនេះ។ លោកបន្តថាកិច្ចប្រជុំនេះនឹងដើរតួនាទីជាអ្នកស្ថាបនាក្នុងការធ្វើឱ្យស្ថានភាពមីយ៉ាន់ម៉ាប្រសើរឡើងវិញ ដោយភាគីចិនរំពឹងថានឹងមានសញ្ញាណវិជ្ជមានចំនួនបី។ 

សញ្ញាវិជ្ជមានទាំងបីគឺទី១ កិច្ចប្រជុំគួរតែ ជំរុញការផ្សះផ្សានយោបាយនៅមីយ៉ាន់ម៉ាគឺជារឿងអាទិភាពបំផុត បើទោះជាបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ មេដឹកនាំយោធាធានាថានឹងអាចដោះស្រាយបានដោយខ្លួនឯងក៏ដោយ។ លោកវ៉ាងមានប្រសាសន៍ថា មធ្យោបាយដ៏ល្អសម្រាប់អ្នកនយោបាយគ្រប់ភាគីក្នុងប្រទេសមីយ៉ាន់ម៉ានោះគឺ ការធ្វើនយោបាយដោយអនុលោមទៅតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានចែងនៅក្នុងប្រទេស។ ភាគីចិនសង្ឃឹមថាកិច្ចប្រជុំនេះអាចលើកទឹកចិត្តដល់មីយ៉ាន់ម៉ាឱ្យយកចិត្តទុកដាក់លើផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជន ធ្វើយ៉ាងណាផ្សះផ្សាគ្នាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់។

ទី២ ក្នុងអង្គប្រជុំគួរតែបង្ហាញតួនាទីរបស់អាស៊ាន នៅក្នុងការដោះស្រាយបញ្ហារបស់សមាជិកខ្លួន។ លោកវ៉ាងបានកត់សម្គាល់ថា ចាប់តាំងពីមីយ៉ាន់ម៉ាក្លាយទៅជាសមាជិកនៃគ្រួសារអាស៊ាន អាស៊ានផ្ទាល់ដឹងច្បាស់ជាងប្រទេសដទៃទៀតអំពីស្ថានភាពរបស់មីយ៉ាន់ម៉ាបច្ចុប្បន្ន ថាតើនឹងរៀបចំយុទ្ធសាស្រ្តយ៉ាងដូចម្តេចក្នុងការដោះស្រាយ។ ចិនរំពឹងថាអាស៊ាននឹងប្រកាន់ខ្ជាប់នូវមាគ៌ារបស់ខ្លួនដោយបង្ហាញពីសាមគ្គីភាព ការចូលរួមនិងការមូលមតិគ្នាតាមរយៈការពិគ្រោះយោបល់កសាងមូលដ្ឋានបង្រួបបង្រួម និងបង្កើតសំឡេងរួមមួយដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិថា អាស៊ានមានប្រាជ្ញានយោបាយនិងឆន្ទៈសមូហភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាក្នុងប្លុករបស់ខ្លួន។ 

ទី៣ លោកវ៉ាងបានលើកឡើងថា កិច្ចប្រជុំគួរតែពិភាក្សាលើបញ្ហាមួយចំនួនចំពោះការលូកដៃពីប្រទេសខាងក្រៅ។ ភាគីចិនបានបញ្ជាក់ឱ្យដឹងថា ការអនុវត្តកន្លងមកមានប្រទេសមួយចំនួនព្យាយាមដាក់ទណ្ឌកម្មមកលើមីយ៉ាន់ម៉ា ដែលនេះជាសញ្ញាណមួយបង្ហាញថាការគាបសង្កត់ពីកម្លាំងខាងក្រៅមិនមែនជាការចូលរួមចំណែកក្នុងការដោះស្រាយបញ្ហានៃកិច្ចការផ្ទៃក្នុងរបស់ប្រទេសទេ។ ផ្ទុយទៅវិញវានឹងនាំមកនូវភាពច្របូកច្របល់ហើយថែមទាំងធ្វើឱ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនថែមទៀត ដែលនឹងជះឥទ្ធិពលនិងផលរំខានដល់ស្ថិរភាពក្នុងតំបន់។

រួមជាមួយគ្នានេះប្រទេសចិនក៏រំពឹងថា កិច្ចប្រជុំនេះនឹងចាប់ផ្តើមដោយភាពប្រសើរ ដោយរក្សាឥរិយាបទទន់ភ្លន់ចំពោះស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ចិនក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិថាគួរតែធ្វើអ្វីមួយ ដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងនៅមីយ៉ាន់ម៉ាជំនួសវិញនិងដោយឥតលម្អៀង។ ក្នុងន័យនេះសហគមន៍អន្តរជាតិគួរតែរួមគ្នាគាំទ្រអាស៊ាន និងប្រើតួនាទីរបស់ខ្លួនឱ្យត្រឹមត្រូវនៅក្នុងកាលៈទេសៈនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់អាស៊ាននេះ ធ្វើឡើងជាលើកដំបូងក្រោយពីមានរដ្ឋប្រហារនៅមីយ៉ាន់ម៉ា និងមានការបង្ក្រាបយ៉ាងឃោឃៅពីសំណាក់យោធាមីយ៉ាន់ម៉ាទៅលើក្រុមអ្នកតវ៉ាទាមទារឱ្យមានការដោះលែងលោកស្រីអ៊ុង សានស៊ូជី និងអំពាវនាវឱ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ នៅក្នុងការបង្រ្កាបនេះបណ្តាលឱ្យស្លាប់អ្នកតវ៉ាប្រមាណ៧៣៨នាក់និងរាប់រយនាក់រងរបួស។ ដោយឡែកក្រុមបាតុករ អ្នកកាសែត សិល្បករ សរុបជាង៣ពាន់នាក់ផ្សេងទៀតត្រូវបានចាប់ឃុំខ្លួន។ សោកនាដកម្មមួយនេះបានធ្វើឱ្យអន្តរជាតិនៅមិនសុខ ហើយចេញមុខជាបន្តបន្ទាប់ ថ្កោលទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា ព្រមទាំងដាក់ទណ្ឌកម្មដើម្បីឱ្យរបបយោធាចុះចេញពីតំណែងផងដែរ៕ ដោយ៖ បឿ សុភា

ព័ត៌មានផ្សេងទៀត