កម្ពុជាទទួលបានជំនួយវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាម ចំនួន២សែនដូសពីរដ្ឋាភិបាលចិន

23-04-2021 3:54 pm 147

កម្ពុជាតាមរយៈលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានបង្ហាញការអរគុណយ៉ាងខ្លាំងដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសរដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទ ដែលបានផ្តល់ជំនួយវ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមចំនួន ២សែនដូស ដល់កម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ សាទឹក និង អ៊ុតក្តាម (FMD) ដែលបាននិងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ 

បើតាមការបញ្ជាក់របស់លោក វេង សាខុន កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២១កន្លងទៅ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលវ៉ាក់សាំងជំងឺសាទឹក ពីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិនចំនួន ១សែនដូស ដែលជាការផ្តល់ជូនក្នុងដំណាក់កាលទី១។ បន្ទាប់មកទៀត កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ ក្រសួងកសិកម្មក៏បានទទួលវ៉ាក់សាំងជំងឺអ៊ុតក្តាម FMD ចំនួន ១សែនដូសបន្ថែមទៀតពីចិន ដែលជាការផ្តល់មកកម្ពុជាក្នុងដំណាក់កាលទី២។ 

រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ វ៉ាក់សាំងជំងឺសាទឹក ដែលទទួលបានក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានបើកផ្តល់ និងចាក់វ៉ាក់សាំងដល់សត្វគោក្របីរបស់កសិករនៅតាមបណ្តារាជធានី-ខេត្ត អស់ចំនួន ៤ម៉ឺន ៧ពាន់ដូសរួចហើយ ដែលមកទល់ពេលនេះ សត្វគោក្របីដែលបានចាក់វ៉ាក់សាំងរួចហើយនោះ ក៏បានមានសុខភាពល្អប្រសើរផងដែរ។ 

គួរបញ្ជាក់ថា វ៉ាក់សាំងជំងឺសាទឹក និងអ៊ុតក្តាមនេះ ត្រូវបានផលិតយ៉ាងពិសេសសម្រាប់លក្ខខ័ណ្ឌអាកាសធាតុនៃប្រទេសកម្ពុជា ដូច្នេះកម្ពុជាមានជំនឿជឿជាក់យ៉ាងមុតមាំថា វ៉ាក់សាំងទាំងនេះនឹងមានប្រសិទ្ធភាព និងគុណភាពល្អបំផុតដែលមិនធ្លាប់មានពីមុនមក៕ ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត