បិទ​ផ្សារ​ងិន​អាន ឬ​ផ្សារ​ទំនប់ នៅ​ខណ្ឌ​ឫស្សីកែវ បន្ទាប់ពី​មាន​អាជីវករ​ឆ្លង​កូ​វីដជា​បន្តបន្ទាប់​

23-04-2021 10:17 am 204

​រដ្ឋបាល​ខណ្ឌ​ឫស្សី​កែវ​នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១ បានសម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ងិន​អាន ឬ​ផ្សារ​ទំនប់​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មេសា ដល់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ក្រោយ​ពី​ផ្សារ​នេះ​បាន​រកឃើញ​អាជីវករ​នៅ​ក្នុង​ផ្សារ​នេះ​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ជា​បន្តបន្ទាប់​។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ​។​

​ការផ្អាក​ដំណើរការ​ផ្សារ​នេះ​គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​កាន់តែ​ធ្ងន់ធ្ងរ​ចូលទៅ​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​។ ជាមួយគ្នា រដ្ឋបាល​ខណ្ឌឫស្សីកែវ​បាន​អំពាវនាវ​ដល់​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវករ​ដែល​ពាក់ព័ន្ធ រួមទាំង​អ្នក​ដែល​បាន​ចេញ​-​ចូល​ផ្សារ​នេះ​គិត​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​មេសា​មក បើ​មាន​អាការៈ​ក្ដៅខ្លួន ក្អក ពិបាក​ដកដង្ហើម និង​មាន​ការសង្ស័យថា​បាន​ឆ្លង​មេ​រោគកូ​វីដ​-១៩ ឱ្យ​ទៅ​យក​សំណាក​ពិនិត្យ​រក​មេ​រោគកូ​វីដ​-១៩ ជា​បន្ទាន់​នៅ​ក្នុង​មជ្ឈមណ្ឌល​ម៉ូឌែ​ន​៥ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត