ក្លិប​អ្នកកាសែត​កម្ពុជា​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវមា​ន​ក្រមសីលធម៌​វិជ្ជាជីវៈ​ក្នុងពេល​បំពេញ​ការងារ​

22-04-2021 9:06 pm 493

​ក្លិប​អ្នកកាសែត​កម្ពុជា (​កអក​) បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ឲ្យ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ នៅក្នុង​ពេល​ដែល​ចុះ​យក​ព័ត៌មាន ដើម្បី​រក្សាបាន​នូវ​តម្លៃ និង​សេចក្ដីថ្លៃថ្នូរ​របស់​អ្នកសារព័ត៌មាន​នៅ​ចំពោះមុខ​មហាជន​ទូទៅ​។ ពិសេស​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ចៀងវាង​ធ្វើ​អ្វី​ដែល​លើស​ពី​តួនាទី​របស់​ខ្លួន​។ នេះ​បើ​យោងតាម​សេចក្ដីអំពាវនាវ​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​នៅ​យប់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២១​នេះ​។​

​ការអំពាវនាវ​បែបនេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ក្លិប​អ្នកកាសែត​កម្ពុជា បាន​មើលឃើញ​ថា មាន​អ្នកសារព័ត៌មាន​មួយចំនួន​នៅ​មិន​ទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​នៅឡើយ ក្នុងនោះ​មាន​ដូច​ជា​ការ​បំពាន​លើ​សិទ្ធិ​បុគ្គល​, ការប្រើ​អាកប្ប​កិ​រយា និង​ពាក្យពេចន៍​មិន​សមរម្យ​ដែល​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​មិន​គួរប្រើ​។ 

​ជាមួយគ្នា ក្លិប​អ្នកកាសែត​កម្ពុជា​បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​នូវ​វិធានការ​សុខាភិបាល​«៣​កុំ និង​៣​កា​ពារ​» និង​វិធានការ​ផ្សេងៗ​ទៀត ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការចូលរួម​ទប់ស្កាត់​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។ ការអំពាវនាវ​យ៉ាង​ដូច្នេះ ដោយសារតែ​មាន​អ្នកសារព័ត៌មាន​មួយចំនួន​ពុំ​បាន​អនុវត្ត​វិធានការ​សុខាភិបាល​បាន​ល្អ​នៅឡើយ ដែល​ជា​ហានិភ័យ​មួយ​ក្នុង​ការ​ចម្លងជំងឺ​កូវី​ដ​-១៩​។​

​ទន្ទឹមនឹងនេះ​ដែរ ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​បាន​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​អាជីព​ទាំងឡាយ​ដែល​បាន​ពុះពារ​ចុះ​បំពេញការងារ ដោយ​ចុះ​យក​ព័ត៌មាន​និង​បន្ត​ផ្ដល់​ព័ត៌មាន​គ្រប់បែបយ៉ាង​ដល់​មហាជន រួម​ទាំង​សារ​អប់រំ​នានា​ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង និង​ស្វែងយល់​ពី​វិធី​ការពារ​កុំឱ្យ​ឆ្លង​ជំងឺ​កាច​សាហា​វកូវី​ដ​-១៩ ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត