មន្ទីរពេទ្យ​ឯកជនត្រូវបាន​អនុញ្ញាតិ​ឱ្យ​ប្រើប្រាស់​ឧបករណ៍Radpid Antigenតេស្ត​រហ័ស​រក​ជំងឺ​កូវី​ដ

22-04-2021 5:48 pm 522

Radpid Test គឺ​អាច​ធ្វើ​តេស្ត​រក​មេ​រោគកូ​វីត​19 ពី​អ្នកជំងឺ​នៅក្នុង​រយៈពេល​15 នាទី​តែប៉ុណ្ណោះ ។ ឧបករណ៍​នេះ​នឹង​ជួយ​ពន្លឿន​លទ្ធភាព​ក្នុង​ការស្វែងរក​មេរោគ covid-19 បាន​កាន់តែ​លឿន ដើម្បី​កាត់​ផ្តាច់​ការចម្លង​បាន​កាន់តែ​ឆាប់​។ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សុខាភិបាល បានអនុញ្ញាត​ឲ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ទាំងអស់​អាច​ប្រើប្រាស់​ឧបករណ៍​នេះ​នៅក្នុង​ទូទាំងប្រទេស​បាន ដោយ​អនុវត្ត​តាម​ការណែនាំ​។ 

​ក្រសួង​សុខាភិបាល​កម្ពុ​ជា​បានប្រកាស​អនុញ្ញាតឱ្យ​សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ទាំងអស់ អាច​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស (Rapid Antigen Test COVID-19) សម្រាប់​រក​មេ​រោគកូ​វីដ​១៩​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា មុន​នេះ​បន្តិច​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ការប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស​សម្រាប់​រក​មេ​រោគកូ​វីដ​១៩ នៅ​សេវា​សុខាភិបាល​ឯកជន​ស្រប​ច្បាប់​នេះ គឺ​ទទួលបាន​ការអនុញ្ញាត​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមកហើយ​។​

​ក្នុង​លិខិត​ដដែល​នោះ​បាន​បន្ថែមថា មន្ទីរពេទ្យ​ឯកជន មន្ទីរ​ពហុ​ព្យាបាល មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព នៅ​ទូទាំង​ប្រទេស អាច​ប្រើប្រាស់ Rapid Antigen test_Covid-19 ក្នុង​ការ​រក​មេ​រោគកូ​វីដ​១៩​ពី​អ្នកជំងឺ​។​

​ដោយឡែក​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​មួយ​ផ្សេង​ទៀត​ក៏​បានឲ្យ​ដឹង​ដែរថា សម្រាប់​មន្ទីរពេទ្យ​ឯកជន ពហុ​ព្យាបាល​និង​សម្ភព ដែល​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ទាំងអស់​ហើយ​មានបំណង​ចង់​ប្រើប្រាស់ Rapid Test គឺ​ត្រូវ​អនុវត្ត​តាម​គោលការណ៍​សម្រាប់​សេវា​សុខាភិបាល​ឯកជន​ដែល​នឹង​រៀបចំ​ជូន​ដោយ​ក្រសួង​សុខាភិបាល​នាពេល​ខាងមុខ​នេះ​មុននឹង​ចាប់ផ្ដើម​អនុវត្ត​។ 

​គួរបញ្ជាក់​ថា ឧបករណ៍​តេស្ត​រក​មេ​រោគកូ​វីដ​១៩ «Rapid Antigen Test COVID-19» មាន​ភាពងាយស្រួល​ក្នុងការ​តេស្ត​រក​មេរោគ ហើយ​ប្រើ​ពេល​ត្រឹម​១៥​នាទី​ប៉ុណ្ណោះ​។​ជាងនេះទៅទៀត ឧបករណ៍​តេស្ដ​រហ័ស​នេះ គឺ​ជួយ​រក​រោគវិនិច្ឆ័យ​បាន​លឿន ព្យាបាល​បាន​លឿន និង​កាត់ផ្តាច់​ការចម្លង​កាន់​តែ​ឆាប់​៕

​ដោយ​៖​ឈឹម សុភ​ទ្ទ​

ព័ត៌មានផ្សេងទៀត