គិត​មកដល់ពេលនេះ​ផ្សារ​ចំនួន​១៥​ត្រូវ​បាន​បិទ​នៅ​ទូទាំង​រាជធានី​ភ្នំពេញ​

22-04-2021 5:38 pm 117

​លោក​ម៉េត មាស​ភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២១ ខែ​មេសា អាជ្ញាធរ​បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​ចំនួន​១៥ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ បន្ទាប់ពី​មាន​ក្រុម​អាជីវករ​ជា​ច្រើន បាន​ឆ្លង​គួរឲ្យ​បារម្ភ​។ 

​លោក​ម៉េត មាស​ភក្តី បានបញ្ជាក់​ថា ផ្សារ​ទាំង​១៥ ដែល​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​នោះ រួមមាន​៖ 

១. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ​អូរឫស្សី (​ខណ្ឌ​៧​មករា​) 

២. ផ្សារ​ដើម​គរ និង​ផ្សារ​បន្លែ (​ខណ្ឌ​ទួលគោក និង​ខណ្ឌ​បឹង​កេងកង​) 

៣. ផ្សារ​ចាស់ (​ខណ្ឌដូនពេញ​) 

៤. ផ្សារ​ធំ​ទួល​សង្កែ (​ខណ្ឌ​ឫស្សីកែវ​) 

៥. ផ្សារ​បឹងត្របែក​ផ្លា​ហ្សា (​ខណ្ឌចំការមន​) 

៦. ផ្សារ​ត្រពាំង​ថ្លឹង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) 

៧. ផ្សារ​ឯករាជ្យ​១ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) 

៨. ផ្សារ​ទួល​ពង្រ (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) 

៩. ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) 

១០. ផ្សារ​ពោធិ៍ចិនតុង (​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) 

១១. ផ្សារកណ្ដាល (​ខណ្ឌដូនពេញ​) 

១២. ផ្សារ​ដេប៉ូ (​ខណ្ឌ​ទួលគោក​) 

១៣. ផ្សារ​ពិភពថ្មី​ឈូក​មាស (​ខណ្ឌ​សែន​សុខ​) 

១៤. ផ្សារ​រីករាយ (​ខណ្ឌ​សែន​សុខ​) 

១៥. ផ្សារ​អូឡាំពិក (​ខណ្ឌ​បឹង​កេងកង​)​។​

​ការផ្អាក​ដំណើរការ​ផ្សារ​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​បញ្ហា​មួយ​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ម្ហូបអាហារ​ជា​ចាំបាច់​ប្រចាំថ្ងៃ​។ តែ​យ៉ាងណា សម្រាប់​ការដោះស្រាយ​លើ​បញ្ហា​នេះ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​គ្រប់គ្រង និង​ដឹកនាំ​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់ ឬ​ហៅ​កាត់​ថា​“​គ​.​ប​.​ខ​.”​។ គណៈកម្មការ​នេះ នឹង​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ ប្រសិនបើ​ជួប​បញ្ហា​ខ្វះខាត​ស្បៀង​ប្រចាំ​ថ្ងៃ​ចាំបាច់​បន្ទាន់ នៅក្នុង​អំឡុងពេល​នៃ​ការបិទ​ខ្ទប់​នេះ​។ ប្រជាពលរដ្ឋ​អាច​ទាក់ទង​បាន តាមតេ​ឡេ​ក្រាម​ដែល​មានឈ្មោះ​ថា “​តម្រូវការ​បន្ទាន់ នូវ​ជំនួយ​ស្បៀង​ចាំបាច់ (​គ​.​ប​.​ខ​)”​។​

​ជាមួយគ្នានេះ ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​បញ្ចេញ​រថយន្ត​ដឹក​ស្បៀង ទៅ​ចល័ត​លក់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់ (​តំបន់​ក្រហម​) ដើម្បី​លក់​ជូន​ប្រជាពលរដ្ឋ ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​ផងដែរ​៕ ដោយ​៖ សៅ វិសាល​
 

ព័ត៌មានផ្សេងទៀត