លោក​វង្ស ពិ​សេន​៖ ករណី​យោធា​ផ្កាយ​ពីរ​ដែល​រត់ពន្ធ​ជនជាតិ​ចិន​២៨​នាក់​នោះ ត្រូវ​ធ្វើ​តាម​ច្បាប់​

22-04-2021 5:11 pm 1613

​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេ​រម​ភូមិន្ទ បានប្រកាស​បើកផ្លូវ​ឲ្យ​សមត្ថកិច្ច​ខេត្ដ​ស្វាយរៀង ចាត់វិធានការ​តាម​ផ្លូវច្បាប់ លើ​មន្ដ្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​ឈ្មោះ ស៊ុំ​ ពៅ ពាក់ព័ន្ធ​ករណី​រត់ពន្ធ​ជនជាតិ​ចិន​ចំនួន ២៨​នាក់ ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ស្វាយរៀង​។ 

​យោធា​ផ្កាយ​ពីរ​ម្នាក់ មានឈ្មោះ​ថា ស៊ុំ ពៅ និង​មាន​តួ​នា​ជា​អនុប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​យុទ្ធសាស្ដ្រ​យោធា នៃ​អគ្គបញ្ជាការ​ផង​នោះ ត្រូវបាន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេរ​ម​ភូមិន្ទ លោក វង្ស ពិ​សេន ប្រាប់​ដល់​អាជ្ញាធរ​ខេត្ត​ស្វាយរៀង សូម​ឲ្យ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ចុះ បន្ទាប់​ពី​ផ្កាយ​២​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប ខណៈ​កំពុង​រត់ពន្ធ​ជនជាតិ​ចិន​ចំនួន​២៨​នាក់​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ស្វាយរៀង នៅ​យប់​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១​។​

​តាមរយៈ​សារ​សំឡេង​របស់​លោក លោក វង្ស ពិ​សេន បាន​ប្រាប់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ចំពោះ​ករណី​នេះ ដោយ​លោក​មិន​ការពារ​នោះឡើយ​។ លោក​បាន​សង្កត់ធ្ងន់ថា « ចំពោះ​បុគ្គល​ស៊ុំ ពៅ  ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​ទៅ ខ្ញុំ​មិន​យោគយល់​ទេ ព្រោះ​នេះ​មិន​គោរព​បទបញ្ជា ហើយ​អនុវត្ត​ល្មើស​ច្បាប់​បាត់ទៅហើយ​។ អាហ្នឹង​ធ្វើ​ទៅ​តាម​ហ្នឹង​ទៅ ធ្វើ​តាម​ផ្លូវច្បាប់​»​។​

​គួរ​ជម្រាប​ថា លោក ស៊ុំ ពៅ បាន​ទទួល​លិខិត​បេសកកម្ម​មួយ​សន្លឹក ដែល​អនុញ្ញាតឲ្យ​ធ្វើ​ដំណើរបា​ន​នៅ​តាម​បណ្ដារ​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃ​ទី​០១ មេសា ហើយ​ផុតកំណត់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១​។ យ៉ាងណាក៏ដោយ នៅ​យប់​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២១ លោក ស៊ុំ ពៅ ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​បាន ពីបទ​លួច​រត់ពន្ធ​ជនជាតិ​ចិន​ចំនួន​២៨​នាក់​ពី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ស្វាយរៀង​។ 

​គួរ​កត់​ស​ម្កាល់​ដែរ​ថា ទាក់ទង​នឹង​ករណី​លួច​រត់ពន្ធ​មនុស្ស​នេះ​មិនមែន​ជា​ករណី​ទី​១​នោះទេ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​មេសា​ជាមួយគ្នា កម្លាំង​នគរបាល​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​កែប ក៏​បាន​បង្ក្រាប​ករណី​មនុស្ស​ឆ្លង​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ។ ករណីនេះ សមត្ថកិច្ច​ខេត្ត​កំពត​បាន​ធ្វើ​ការឃាត់​ខ្លួន​ជនល្មើស​ពីរ​នាក់ និង​បន្ត​ស្វែងរក​បុគ្គល​ពាក់ព័ន្ធ​ផ្សេងទៀត និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

​ដោយ​៖​ស៊ូ សូរិយា​

ព័ត៌មានផ្សេងទៀត