រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​៤៤៦​នាក់​ទៀត និង​អ្នក​ជាសះស្បើយ​១៣០​នាក់​

22-04-2021 3:23 pm 433

​មនុស្ស​ចំនួន​៤៤៦​នាក់​បន្ថែមទៀត​ត្រូវបាន​រកឃើញ​ថា​មាន​វិជ្ជ​មានកូ​វីដ​-១៩ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា កាល​ពី​ម្សិលមិញ ដែល​សុទ្ធសឹងតែ​ជា​អ្នក​ឆ្លង​ក្នុងករណី​សហគមន៍​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​។​
​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ​ឱ្យដឹងថា អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ថ្មី​នេះ រកឃើញ​នៅ​រាជធានី​ភ្នំពេញ​មាន​៣៣១​នាក់ ខេត្ត​ព្រះសីហនុ​៨២​នាក់ កណ្ដាល​២១​នាក់ តាកែវ​៥​នាក់ កំពង់ស្ពឺ​២​នាក់ ស្វាយរៀង​១​នាក់ ព្រៃវែង​១​នាក់ កំពង់ចាម​១​នាក់ បាត់ដំបង​១​នាក់ និង​បន្ទាយមានជ័យ​១​នាក់​។ 

​ក្នុង​ចំណោម​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ទាំង​៤៤៦​នាក់​នេះ​ដែរ​មាន ជនជាតិខ្មែរ​៤៤២​នាក់ ជនជាតិ​ចិន​៣​នាក់ និង​ជនជាតិ​ឥណ្ឌូនេស៊ី​១​នាក់​។​

​គួរកត់សម្គាល់​ថា ទីផ្សារ និង​រោងចក្រ​ជា​ប្រភព​នៃ​ករណី​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មីៗ ដែល​ជា​ការឆ្លង​រាលដាល​បន្តបន្ទាប់​គ្នា និង​មាន​លក្ខណៈ​លឿន​រហ័ស​គួរឲ្យ​ព្រួយបារម្ភ​បំផុត​។ ក្នុងនោះដែរ រាជធានី​ភ្នំពេញ​ជា​ភូមិសាស្ត្រ​ដែល​រង​នូវ​ការ​រាតត្បាត​ខ្លាំងជាងគេ​ពី​សំណាក់​ជំងឺ​កូវី​ដ​-១៩ ដោយ​នៅ​ថ្ងៃនេះ​មាន​មនុស្ស​ដល់​ទៅ​៣៣១​នាក់​បាន​ឆ្លង​ជំងឺ​នេះ​។ រី​ឯ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃនេះ​បាន​បន្ត​កើនឡើង​នូវ​ករណី​ឆ្លង​ថ្មី​ដែរ មាន​ចំនួន​៨១​នាក់​។

ដោយឡែក​សម្រាប់​ខេត្ត​កណ្តាល​ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​រាជធានី​ភ្នំពេញ មាន​អ្នក​ឆ្លង​ថ្មី​២១​នាក់​នៅ​ថ្ងៃនេះ​។​

​ក្រៅ​ពី​អ្នក​ឆ្លង​ថ្មីៗ ក៏​មាន​អ្នកជំងឺ​កូវី​ដដែល​ព្យាបាល​ជា​សះស្បើយ​១៣០​នាក់​ផង​ដែរ រី​ឯ​ចំនួន​អ្នក​ជាសះស្បើយ​សរុប​មាន​២៣៩៤​នាក់ ខណៈ​អ្នក​កំពុង​ព្យាបាល​មាន​៥២០៤​នាក់​។​

​សរុប​គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មេសា​នេះ ប្រទេស​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩ សរុប ៨១៩៣​នាក់ ក្នុង​នោះ​អ្នក​ឆ្លង​ក្នុងករណី​សហគមន៍​កើន​ដល់​៧៦៤៨​នាក់ និង​អ្នកស្លាប់​សរុប​ឡើងដល់​៥៩​នាក់ រាប់បញ្ចូល​អ្នកស្លាប់​ថ្មី​៣​នាក់​កាលពី​ថ្ងៃ​ទី​២១​ខែ​មេសា​ម្សិលមិញ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត