ស្រីលង្កាបណ្តេញនាវាចិនមួយគ្រឿងដែលដឹកវត្ថុធាតុដើមសម្រាប់ផលិតនុយក្លេអ៊ែរ

22-04-2021 12:00 pm 209

អាជ្ញាធរស្រីលង្កាបានឱ្យដឹងនៅថ្ងៃពុធ ទី២១ ខែមេសាថា ខ្លួនបានបណ្តេញនាវាដឹកទំនិញរបស់ចិនមួយគ្រឿងឈ្មោះMV BBC Naple ឱ្យចាកចេញពីកំពង់ផែហាំបានតូតា (Hambantota) នៃប្រទេសស្រីលង្កា ដោយ​ចោទប្រកាន់ថានាវានេះ មិនបានប្រកាសពីការដឹកជញ្ជូនប្រភេទទំនិញដែលមានធាតុវិទ្យុសកម្មឡើយ។ ការស្នើសុំឲ្យមានការចាកចេញនេះ បន្ទាប់ពីត្រូវបានគេរកឃើញថានាវានេះ បានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួនមានដូចជាស្ពាន់ធ័រ អ៊ុយរ៉ាញ៉ូមជាដើម ដែលជាវត្ថុធាតុដើមសម្រាប់ផលិតនុយក្លេអ៊ែរនិងអាវុធដទៃទៀត។ 

ក្រុមប្រឹក្សានិយតករថាមពលបរមាណូនៃប្រទេសស្រីលង្កាលោក អានីល រ៉ាន់ជីត (Anil Ranjith) បានប្រាប់ឱ្យដឹងថា « នេះជាបទល្មើសមួយក្នុងការចូលកំពង់ផែដោយមិនបានប្រកាសពីវត្ថុធាតុដើមដ៏គ្រោះថ្នាក់..​ហើយ​​យើងបានសម្រេចចិត្តបញ្ជាឱ្យនាវាចាកចេញពីដែនទឹករបស់យើងជាបន្ទាន់»។ 

គួរបញ្ជាក់ថាកំពង់ផែហាំបានតូតា (Hambantota)ត្រូវបានស្រីលង្កាជួលឱ្យចិនកាលពីឆ្នាំ ២០១៧ ក្នុងរយៈពេល ៩៩ ឆ្នាំបន្ទាប់ពីរដ្ឋាភិបាលស្រីលង្កាគ្មានលទ្ធភាពសងប្រាក់ចំនួន ១,៤ លានដុល្លារដែលខ្លួនបានខ្ចីពីទីក្រុងប៉េកាំងដើម្បីសាងសង់កំពង់ផែមួយនេះ។ កំពង់ផែហាំបានតូតាមានចម្ងាយប្រហែល២៦០ គីឡូម៉ែត្រខាងត្បូងទីក្រុងកូឡុំបូ គឺនៅជិត មហាសមុទ្រឥណ្ឌាដែលជាផ្លូវទឹកដ៏សំខាន់មួយក្នុងការដឹកជញ្ជូនទំនិញតាមនាវា៕ ដោយ៖ បឿ សុភា 

ព័ត៌មានផ្សេងទៀត