បិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ​ក្នុងស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​ម្នាក់​

22-04-2021 11:36 am 584
រូបភាពនៃការបិទខ្ទប់នៅភូមិសាស្រ្តស្រុករុក្ខគិរី ខេត្តបាត់ដំបង

​រដ្ឋបាល​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២១ បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​ខ្នាច​អំ​ពរ ស្ថិតក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ខែ​មេសា​ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា ក្រោយ​ពី​ភូមិសាស្ត្រ​នេះ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ម្នាក់​។ អ្នក​ដែល​ឆ្លង​ជា​បុរស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ខ្នាច​អំ​ពរ ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្ត​បាត់ដំបង និង​មាន​មុខរបរ​ជា​អ្នក​បើក​ឡាន​ដឹក​ម្នាស់​ទៅ​លក់​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ​។ នេះ​បើ​តាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​បាត់ដំបង​។​

​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​ខាងលើ​នេះ គឺ​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​កុំឱ្យ​ឆ្លង​រីក​រាលដាល​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត ។​

​ក្នុង​ករណី​បើ​មាន​បុគ្គល ឬ​ជន​ណា​ដែល​ព្យាយាម​ល្មើស​ដោយ​ចេតនា​ទៅនឹង​បម្រាម​នៃ​វិធានការ​បិទ​ខ្ទប់​របស់​អាជ្ញាធរ​នឹង​ប្រឈម​ការផ្ដន្ទាទោស ទៅតាម​ការកំណត់​នៅក្នុង​ច្បាប់​ស្ដីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវី​ដ​-១៩​ខាងលើ រួមមាន​ដូចជា​អ្នក​ដែល​ធ្លាប់​បាន​ចេញ​ចូល​រកស៊ី​នៅ​ផ្សារ​នាគ​មាស រាជធានី​ភ្នំពេញ ឲ្យប្រញាប់​ទៅ​យក​សំណាក​ធ្វើតេស្ត​រក​មេ​រោគកូ​វីដ​-១៩ និង​តាមដាន​សុខភាព​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត