អ្នកការទូត​ចិន​សង្ស័យ​ស្ថិតនៅក្នុង​គោលដៅ​វាយប្រហារ​នៅ​សណ្ឋាគារ​មួយ​នៅ​ប៉ា​គី​ស្ថាន​

22-04-2021 10:40 am 309

​រថយន្ត​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​មួយគ្រឿង ត្រូវបាន​គេ​បើក​មក​ធ្វើ​សកម្មភាព​បំផ្ទុះ នៅ​កន្លែង​ចត​រថយន្ត​ស្ថិតនៅ​សណ្ឋាគារ​Serena​នៅក្នុង​ទីក្រុង​Quetta ខេត្ត​Balochistan​ប្រទេស​ប៉ា​គី​ស្ថាន បង្ក​ជា​អគ្គិ​ស​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បណ្តាលឲ្យ​មនុស្ស​យ៉ាងហោ​ចណាស់​៤​នាក់​ស្លាប់​និង​១២​នាក់​រងរបួស​។ យោងតាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​BBC​បានឲ្យដឹងថា ជនបង្ក​ទំនងជា​មានបំណង​វាយប្រហា​រលើ​មន្ត្រីការទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។ 

​លោក Nong Rong​អគ្គរដ្ឋទូត​ចិន​បាន​ទៅ​បំពេញ​បេស​ក​កម្ម​នៅក្នុង​តំបន់​នោះ តាម​គម្រោង​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​។ យ៉ាងណា​អំឡុងពេល​នៃការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​កើតឡើង លោក​មិន​ស្ថិតនៅក្នុង​សណ្ឋាគារ​ទេ​។ Serena​ដែលជា​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​នៅក្នុង​ក្រុង​នេះ ត្រូវគេ​ដឹងថា ជា​កន្លែង​ស្នាក់អាស្រ័យ​របស់​មន្ត្រី​រដ្ឋាភិបាល​និង​ឥស្សរជន​ដែល​មានឋានៈ​ខ្ពង់ខ្ពស់​ដែល​បាន​មកលេង​ទីនេះ​។ 

​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​អះអាងថា ជា​អ្នក​នៅ​ពីក្រោយ​ប៉ុន្តែ​មិន​បានបញ្ជាក់​ព័ត៌មាន​លម្អិត​នោះឡើយ​។ អ្នកនាំពាក្យ​ក្រុម​តា​លី​បង់​បាន​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា «​នេះ​ជា​ការវាយប្រហារ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត ដោយ​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់បែក​របស់​យើង បាន​ប្រើប្រាស​រថយន្ត​ដែល​ផ្ទុក​គ្រឿងផ្ទុះ​បើក​ចូលក្នុង​សណ្ឋាគារ​»​។ 

​គួរ​ជម្រាបជូន​ថា ខេត្ត​Balochistan​មាន​ទីតាំង​នៅក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន គឺជា​ជម្រក​របស់​ក្រុម​ប្រដាប់អាវុធ​ជាច្រើន រួមទាំង​ក្រុម​ជ្រុលនិយម​អ៊ីស្លាម​និង​ក្រុម​បំបែក​ខ្លួន​។ ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក្រុម​នេះ​និង​អង្គការ​សកម្មប្រយុទ្ធ​ដទៃទៀត បាន​បង្កើន​ការវាយប្រហារ​នៅក្នុង​តំបន់ ក្បែរ​ព្រំដែន​រវាង​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន​។ ពួក​សកម្មប្រយុទ្ធ​ចង់បាន​តំបន់​នេះ ដើម្បី​បង្កើត​ឯករាជ្យ​ផ្តាច់​ពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​ពួកគេ​តែងតែ​ធ្វើ​សកម្មភាព​នានា ដើម្បី​ប្រឆាំងនឹង​គម្រោង​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​របស់​ចិន​នៅក្នុង​តំបន់​នេះ​ផងដែរ​។ ក្រុម​បំបែក​ខ្លួន​ក៏ត្រូវបាន​ស្តីបន្ទោសផងដែរ ចំពោះ​ការវាយប្រហារ​កាលពី​២​ឆ្នាំមុន​លើ​សណ្ឋាគារ​មួយ​នៅ​Gwadar, ​គម្រោង​កំពង់ផែ​មួយ​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ចិន​។ ពួកគេ​បាន​ចោទប្រកាន់​រដ្ឋាភិបាល​និង​ប្រទេស​ចិន ពី​ការកេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ ឧស្ម័ន​និង​រ៉ែ​ដែលមាន​នៅក្នុង​ខេត្ត​Balochistan ហើយ​ផ្តល់​ផលប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​ដល់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​នេះ​៕  ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត