វេទិការបូអាវអាស៊ី៖ លោកនាយករដ្ឋមន្រ្តីអរគុណរដ្ឋាភិបាលចិន ដែលជួយកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩

20-04-2021 4:58 pm 799

លោកនាយរដ្ឋមន្រ្តីហ៊ុន សែន បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការអនុវត្ត«ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ និងតួនាទីឈានមុខក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខាវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ បានទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន។ 

ថ្លែងនៅពិធីបើកវេទិការបូអាវសម្រាប់អាស៊ីស្ដីពី «ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ» តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ក៏បានអរគុណដល់រដ្ឋាភិបាលចិន ដែលបានផ្ដល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ក៏ដូចជាវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២,៨លានដូសដល់កម្ពុជា ដែលក្នុងនោះមាន ១,៣លានដូសជាជំនួយមនុស្សធម៌។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តីបានថ្លែងបន្តថា បច្ចុប្បន្នជំងឺកូវីដ-១៩ បានបន្ដគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈសកល និងការអភិវឌ្ឍជារួម។ ក្នុងបរិការណ៍នេះគ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់មិនមានសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ក្រៅតែពីការរាតត្បាតនៃជំងឺកូវីដ១៩ហើយនោះ ពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើនទៀត ដែលបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ស្របពេលជាមួយនឹងការងើបឡើងនៃប្រទេសមហាអំណាចកណ្តាល ដែលបានបោះជំហានយ៉ាងលឿនលើឆាកនយោបាយក្នុងតំបន់។

ដូច្នេះក្នុងកាលៈទេសៈនេះ លោកបានសម្ដែងការយល់ឃើញថា ពិភពលោកពិតជាត្រូវការអភិបាលកិច្ចសកលមួយ ដែលគាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដែលមិនគិតពីទំហំ ឬធនធាន ដោយមានអង្គការសហប្រជាជាតិជាស្នូល។ លោកបន្តថា កម្ពុជាទទួលស្គាល់នូវតួនាទីស្នូលនៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានភាពស្មុគស្មាញ និងអន្តរទំនាក់ទំនង។ ក្នុងបរិការណ៍នេះ ប្រទេសនីមួយគូរតែដើរតួនាទីកាន់តែសកម្មនៅក្នុងអភិបាលកិច្ចសកល ដោយភាពបត់បែន ស្ថាបនា និងឥរិយាបទទទួលខុសត្រូវ៕

ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត