រដ្ឋបាលខេត្តព្រះសីហនុសម្រេចបិទមជ្ឈមណ្ឌលពាណិជ្ជកម្ម (ផ្សារចិន) រយៈពេល១៤ថ្ងៃ

20-04-2021 9:54 am 78

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេចមួយ ផ្អាកអាជីវកម្មទាំងអស់ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ (ផ្សារចិន) រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

តាមរយៈសេចក្ដីសម្រេចនៅយប់ថ្ងៃទី១៩ ខែមេសា រដ្ឋបាលខេត្តបានសម្រេចឲ្យអាជីវករលក់ដូរនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ (ផ្សារចិន) ទាំងអស់មានកាតព្វកិច្ចផ្ដល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ដ្រីសុខាភិបាល។

រដ្ឋបាលខេត្តបានឲ្យដឹងទៀតថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី២០ ខែមេសា មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ។ ក្នុងករណីអាជីវករណាខកខានមិនបានទៅផ្ដល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្ដល់វត្ថុសំណាកនៅវេទិកា ៧មករារៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានណែនាំអាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវតែធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា ការសម្រេចផ្អាកអាជីវកម្មទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ ធ្វើឡើងបន្ទាប់ពីរកឃើញថា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់នៅតំបន់មួយនេះ។ កន្លងទៅរដ្ឋបាលខេត្តព្រះសីហនុ ក៏បានផ្អាកបណ្ដោះអាសន្ននូវអាជីវកម្មគ្រប់ប្រភេទនៅផ្សារលើ ក្រុងព្រះសីហនុផងដែរ៕ 

ដោយ វណ្ណ យ៉ារី 

ព័ត៌មានផ្សេងទៀត