ចិនថាអាមេរិកគិតអវិជ្ជមានហួសហេតុពេកមកលើខ្លួន

17-04-2021 1:03 pm 396

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក លី យូចេង(Le Yucheng)បានឱ្យដឹងនៅថ្ងៃទី១៦ ខែមេសា ថាគោលនយោបាយរបស់រដ្ឋបាលអាមេរិកហាក់ដូចជាកំពុងបង្ហាញពីភាពមិនចុះសម្រុងគ្នា និងការបង្អាក់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរចិន-អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ លោកបន្ថែមថាប្រទេសចិនអាចនឹងក្លាយជាដៃគូមួយដ៏ល្អសម្រាប់ប្រធានាធិបតីអា​មេ​រិកលោកចូ បាយដិន ក្នុងការដោះស្រាយបញ្ហាចំពោះមុខ។ លោកបន្តថា«វិធីសាស្រ្តរបស់អាមេរិកបែបនេះខ្ញុំត្រូវតែនិយាយថាវាអវិជ្ជមានពេក ហើយខ្វះនូវស្មារតីឆ្ពោះទៅមុខ។ ចំពោះខ្ញុំវាពិបាកក្នុងការស្រមៃថាបញ្ហាប្រឈមទាំងពីរនេះតើនឹងអាចត្រូវបានដោះស្រាយចេញឬទេ ប្រសិនបើគ្មានកិច្ចសហការក្នុងទំនាក់ទំនងរវាងចិន-អាមេរិកនោះ»។ នេះបើតាមសារព័ត៌មានAPចេញផ្សាយនៅថ្ងែទី១៧ ខែមេសានេះ។

លោកលីក៏បានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងរដ្ឋបាលអាមេរិកទាក់ទងនឹងបញ្ហានៅកោះតៃវ៉ាន់។ ការព្រមាននេះបន្ទាប់ពីលោកបាយដិន បានបញ្ជូនគណៈប្រតិភូរបស់អាមេរិកទៅជួបប្រធានាធិបតីកោះតៃវ៉ាន់​​​នៅក្នុងសប្តាហ៍នេះ។ប្រទេសចិននៅតែអះអាងថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយកាលដែលចិនគ្រប់គ្រងកោះមួយនេះក៏វាគ្មានទាស់ខុសអ្វីដែរ។ ដូចនេះកោះតៃវ៉ាន់គួរតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទី​ក្រុង​​​​ប៉េកាំង។ លោកលីមានប្រសាសន៍ថា «អាមេរិកមិនគួរព្យាយាមយកកោះតៃវ៉ាន់ធ្វើជាកូនអុកទេ.. វាគ្រោះថ្នាក់ណាស់។ នេះជាបន្ទាត់ក្រហមរបស់ពួកយើង..អាមេរិកមិនគួរព្យាយាមជំនះឆ្លងកាត់វាមកទេ»។ ប្រ​ទេ​ស​​ចិ​ន​​សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងប្រសើរឡើងវិញនៅក្នុងអាណត្តិប្រធានាធិបតីអាមេរិកថ្មីលោកចូ បាយដិន ដែលបានឡើងកាន់តំណែងជំនួស អតីតប្រធានាធិបតីលោកដូណាល់ត្រាំកាលពីខែមក​រា​។ ប៉ុន្តែ​រដ្ឋបាលបាយដិនថ្មី ទំនងជាមិនបានបង្ហាញសញ្ញាណណាមួយ ក្នុងការគាំទ្រគោលនយោបាយឆ្ពោះទៅរកប្រទេសចិននោះឡើយ។

គួរកត់សម្គាល់ថាចិននិងអាមេរិកកំពុងមានភាពតានតឹងកាន់តែខ្លាំងលើបញ្ហាជាច្រើ​​នរួមមាន បញ្ហាសិទ្ធិមនុស្សនៅតំបន់ទីបេនិងតំបន់ស៊ីនជាំង ការបង្ក្រាបលើការតវ៉ានិងសេរីភាពប្រព័ន្ធនយោបាយនៅហុងកុងការ ទាមទារទឹកដីកោះតៃវ៉ាន់និងបញ្ហាផ្សេងទៀតនៅសមុទ្រចិនខាងត្បូង។ ក្រៅពីនេះ​អា​​មេរិកក៏បានធ្វើការចោទប្រកាន់ទីក្រុងប៉េកាំង ថាមានការយឺតយ៉ាវក្នុងការជូនដំណឹងអំពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដល់ពិភពលោកដែលបច្ចុប្បន្នជំងឺនេះបានឆ្លងរាលដាលយ៉ាងកាចសាហាវ បណ្តា​លឱ្​យ​ម​នុ​ស្សស្លាប់រាប់រយលាននាក់នៅទូទាំងពិភពលោក។ នៅសប្តាហ៍ក្រោយនេះប្រធានាធិបតីអាមេរិកថ្មីលោកចូ បាយដិននឹងអញ្ជើញមេដឹកនាំពិភពលោកចំនួន ៤០ ប្រទេសក្នុងនោះមានប្រធានាធិបតីចិនលោកស៊ី ជិនពី​ង​ផ​ង​​ដែរ ដើម្បីចូលរួមកិច្ចប្រជុំស្តីពីអាកាសធាតុពិភពលោកនៅថ្ងៃទី២២ - ២៣ ខែមេសាខាងមុខ ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័ននិងការផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ប្រទេសដែលមានកិច្ចខិតខំប្រឹង​ប្រែងចំ​ពោះ​បញ្ហានេះ៕ ដោយ៖ បឿ សុភា

 ពាក្យគន្លឹះ  ចិនអាមេរិកនយោបាយ

ព័ត៌មានផ្សេងទៀត