ចិន​បញ្ជូន​យន្តហោះ​យោធា​ទ្រង់ទ្រាយ​ធំ​ចូល​ដែនអាកាស​របស់​កោះ​តៃវ៉ាន់​

13-04-2021 5:33 pm 709

​ក្រសួងការពារជាតិ​តៃវ៉ាន់​និយាយថា យន្តហោះរបស់ចិន​ចំនួន​២៥​គ្រឿង នៅក្នុង​នោះ​រួមមាន​យន្តហោះ​ចម្បាំង​និង​បំផ្ទុះ​គ្រាប់បែក បាន​ហោះចូល​តំបន់​ការពារ​ដែនអាកាស (ADIZ )​របស់​កោះ​តៃវ៉ាន់​នៅ​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០២១​។ ក្រសួង​ការពារជាតិ​បាន​បន្ថែមទៀតថា តៃវ៉ាន់​ក៏បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ ដើម្បី​ព្រមាន​យន្តហោះ​របស់​ចិន​ផងដែរ ខណៈ​ប្រព័ន្ធ​មី​ស៊ី​ល​ត្រូវបាន​ដាក់ពង្រាយ ដើម្បី​ត្រួតពិនិត្យ​សកម្ម​ភាពខុសប្រក្រតី​ដែល​អាច​កើតឡើង​នៅ​ដែន​អាកាស​។​

​មិនមាន​អ្វី​ចម្លែក​ទេ​សម្រាប់​ចិន ព្រោះតែ​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​មួយ​របស់ខ្លួន​ប៉ុណ្ណោះ ចង់​បញ្ជូន​យន្តហោះ​មក​ច្រើនជាង​នេះ​ក៏បាន ប៉ុន្តែ​សម្រាប់​កោះ​តៃវ៉ាន់​ដែល​នៅតែ​រក្សា​ជំហរ​ចង់​ផ្តាច់ខ្លួន​ជា​កោះ​ឯករាជ្យ​នោះ ពិតជា​មាន​ការចម្លែក ដោយសារតែ​វា​ជា​ការឈ្លានពាន​ដែនអាកាស​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន​នៅក្នុង​ឆ្នាំ​២០២១​នេះ​។​

​ជា​ការកត់សំគាល់ ប្រទេស​ចិន​បាន​បើក​ការហោះហើរ​ជា​ទៀងទាត់​នៅលើ​ដែនទឹក​អន្តរជាតិ រវាង​ភាគខាងត្បូង​នៃ​កោះ​តៃវ៉ាន់​និង​កោះ​Pratas​ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ បេសកកម្ម​លើកចុងក្រោយ​របស់​ចិន គឺ​ចិន​បាន​បញ្ជូន​យន្តហោះ​ដែលមាន​តួនាទី​ខុសៗ​គ្នា មក​ក្រវែល​តៃវ៉ាន់​ចំនួន​១៨​គ្រឿង ដូចជា​យន្តហោះ​ទម្លាក់​គ្រាប់បែក​មាន​សមត្ថភាព​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​, យន្តហោះ​ប្រឆាំងនឹង​នាវាមុជទឹក​និង​យន្តហោះ​ព្រមាន​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  តៃវ៉ាន់ចិន

ព័ត៌មានផ្សេងទៀត