អ៊ីរ៉ង់​ព្រមាន​សងសឹក​នឹង​អ៊ីស្រាអែល​ដែល​បើក​ការវាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែ​រ​Natanz

12-04-2021 5:19 pm 2259

អង្គការ​ថាមពលបរមាណូ​របស់​អ៊ីរ៉ង់​(IAEO)​និយាយថា ទីតាំង​នុយក្លេអ៊ែរ​Natanz​ដែ​លាតសន្ធឹង​លើ​វាល​ខ្សាច់​ភាគ​កណ្តាល​នៃ​ខេត្ត​Isfahan ត្រូវបាន​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម នៅ​ថ្ងៃអាទិត្យ​ទី​១១​ខែមេសា​ឆ្នាំ​២០២១ បន្ទាប់ពី​មានកា​រដាច់​ច​រន្ធ​អគ្គិសនី​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​Saeed Khatibzadeh បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង​តេ​ហេ​រ៉ង់​ថា អ៊ីស្រាអែល​ពិតជា​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ទៅលើ​ទីតាំង​នុយក្លេអ៊ែរ​Natanz​។ លោក​ថា ឧបទ្ទវហេតុ​នេះ​ជា​សំណាងល្អ​មិនបាន​បង្ក​ការប៉ះពាល់​ដល់​ជីវិត​មនុស្ស​ឬ​បរិស្ថាន​ឡើយ​។ យ៉ាងណាក៏ដោយ​វា​អាចជា​គ្រោះមហន្តរាយ​។ នេះ​ជា​បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ ដែល​អ៊ីរ៉ង់​ត្រូវតែ​ចាត់វិធានការ​សងសឹក​។​

​លោក​Ali Akbar Salehi​ប្រធាន​អង្គការ​ថាមពលបរមាណូ​អ៊ីរ៉ង់ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ ស្របពេល​ដែល​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រឈមមុខ​នឹង​អំពើ​ភេរវកម្ម​ប្រឆាំងនឹង​នុយក្លេអ៊ែរ​នេះ​។ លោក​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ការវាយប្រហារ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកប្រឆាំង​នឹង​វឌ្ឍនភាព​ឧស្សាហកម្ម​និង​នយោបាយ​របស់​ប្រទេស ក្នុង​គោលបំណង​រារាំង​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្ម​នុយក្លេអ៊ែ​រដែ​ល​មាន​ការរីកចម្រើន​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​នេះ អ៊ីស្រាអែល​មិនទាន់​ឆ្លើយតប​នឹង​អ៊ីរ៉ង់​នៅឡើយ​ទេ​។ តែ​វិទ្យុ​សាធារណៈ​Kan​របស់​អ៊ីស្រាអែល បាន​ផ្សព្វផ្សាយ​ដោយយោង​ប្រភពពី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ថា ភ្នាក់ងារ​ចារកម្ម​Mossad​របស់​ជាតិ​អ៊ីស្រាអែល ជា​អ្នកបើក​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត និង​ថា​ការខូចខាត​នៅ​Natanz គឺមាន​ទំហំធំធេង​ជាង​ការរាយការណ៍​របស់​អ៊ីរ៉ង់​ទៅទៀត​។ ចំណែក​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​អាមេរិក​បាន​ប្រាប់​សារព័ត៌មាន​New York Times​ថា ការផ្ទុះ​ទ្រង់ទ្រាយ​ធំ​មួយ​បាន​បំផ្លាញ​ទាំងស្រុង​នូវ​ប្រព័ន្ធ​ថាមពល​នៅ​ខាងក្នុង ដែល​ផ្គត់ផ្គង់​ម៉ាស៊ីន​ចម្រាញ់​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​នៅ​ខាងក្នុង​អគារ​ក្រោម​ដី និង​អាច​ចំណាយពេល​យ៉ាងតិច​៩​ខែ ដើម្បី​ជួសជុល​ការខូចខាត​ឲ្យ​ប្រសើរ​ឡើងវិញ​។ 

​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​សាធារណរដ្ឋ​អ៊ីស្លាម​បាន​និយាយថា ខ្លួន​បានចាប់ផ្តើម​ដំណើរការ​ម៉ាស៊ីន​ដើម្បី​បំប៉ន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​កម្រិត​ខ្ពស់ នៅឯ​ទីតាំង​នុយក្លេអ៊ែ​រ​Natanz​នោះ ដោយ​រំលោភ​លើ​ការប្តេជ្ញាចិត្ត​របស់ខ្លួន នៅក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​។ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ ជា​ភាគី​ដែល​យកចិត្តទុកដាក់​ខ្លាំង​បំផុត នៅក្នុង​ការចូលរួម​ទប់ស្កាត់​កុំឲ្យ​អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយរ៉ា​ញ៉ូម​លើសពី​ដើម្បី​បម្រើឲ្យ​វិស័យ​ថាមពល​។ 

​ក្រោម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥​ដែល​ត្រូវបាន​ចងក្រង​ឡើង រវាង​អ៊ីរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១​រួមមាន​អង់គ្លេស អាមេរិក បារាំង ចិន រុស្ស៊ី​សុទ្ធតែជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាតិ​+​អាល្លឺម៉ង់​និង​សហភាព​អឺរ៉ុប បាន​កំណត់ឲ្យ​អ៊ីរ៉ង់​មាន​បរិមាណ​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ត្រឹមតែ​៣,៦៧​ភាគរយ​ប៉ុណ្ណោះ ដែល​បរិមាណ​ប៉ុណ្ណេះ គ្រប់គ្រាន់​ល្មម​នៅក្នុង​ការប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​វិស័យ​ថាមពល​។ កាលណា​អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​លើស​កម្រិត​រហូតដល់​៩០​ភាគរយ​នោះ គឺអាច​យកទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ហើយ​។ 

​ប៉ុន្តែ​មួយ​រយៈពេល​ធំ​ដែល​អ៊ីរ៉ង់​រស់នៅ​ក្រោម​ទណ្ឌកម្ម ដែល​ដាក់​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្រោយ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​ក្នុង​ឆ្នាំ​២០១៨ អ៊ីរ៉ង់​បាន​ព្រមាន​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​ជា​បន្តបន្ទាប់​ឲ្យដល់​កម្រិត​២០​ភាគរយ​។ អ៊ីរ៉ង់​គំរាម​បង្កើន​ធាតុ​អ៊ុយ​រ៉ា​ញ៉ូម​នេះ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​អន្តរាគមន៍ ឲ្យ​អាមេរិកដក​ទណ្ឌកម្ម​សេដ្ឋកិច្ចចេញពី​អ៊ីរ៉ង់ ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​យ៉ាងខ្លាំង​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត