ចិន​បកស្រាយ​ថា​ជំនួយ​ដែល​ខ្លួន​ផ្ដល់​មក​កម្ពុជា​មិនមែនជា​អន្ទាក់​បំណុល​ទេ​

12-04-2021 3:33 pm 129

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បានចេញ​លិខិត​ឆ្លើយតប​មួយ បន្ទាប់ពី​មាន​ការចុះផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​(RFA)​កាលពី​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០២១​។ អត្ថបទ​ព័ត៌មាន​នោះ​មាន​ចំណងជើង​ថា “​រដ្ឋាភិបាល​ចិន​ប្ដេជ្ញា​រឹតចំណង​មិត្តភាព​ជាមួយ​កម្ពុជា​អមតៈ​” ដោយ​ស្ថានទូត​ចិន​ចាត់ទុក​ខ្លឹមសារ​នៃ​អត្ថបទ​ព័ត៌មាន​នេះ​មាន​ចេតនា​លាប​ពណ៌​ថា ជំនួយ​របស់​ចិន​មកកាន់​ប្រទេស​កម្ពុជា​មិន​គោរព​សិទ្ធិមនុស្ស​និង​ច្បាប់​របស់​ប្រទេស​កម្ពុជា បណ្ដាលឲ្យ​កម្ពុជា​ធ្លាក់ក្នុង​អន្ទាក់​បំណុល និង​ព្រមទាំង​បន្ដ​ពង្រីក​ឥទ្ធិពល​យោធា​របស់ខ្លួន​។ 

​ការចុះផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ដូច្នេះ ត្រូវបាន​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ចាត់ទុកជា​ការចុះផ្សាយ​បែប​បង្កាច់បង្ខូច​មកលើ​ចិន​។ តាមរយៈ​អត្ថបទ​កម្រាស់​ជាង​៣​ទំព័រ​ចិន​បាន​បកស្រាយ​ថា ជំនួយ​ផ្ដល់​ប្រាក់កម្ចី​របស់​ចិន​ទៅកាន់​បរទេស​តែងតែ​ប្រកាន់ខ្ជាប់​គោលការណ៍​មិនមាន​លក្ខខណ្ឌ​នយោបាយ មិន​នាំចេញ​របៀប​អភិវឌ្ឍន៍ និង​មិន​ប្រើប្រាស់​កម្ចី​ជា​លេស​ដើម្បី​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​ទេ​។ រហូត​មកដល់ពេលនេះ​ចិន​ក៏​មិនបាន​យក​បំណុល​ទៅ​គាបសង្កត់​ប្រទេស​ណាមួយ​ឡើយ និង​គ្មាន​ប្រទេស​ណា​រង​ទុក្ខ​ព្រោះតែ​មិនអាច​សងបំណុល​ចិន ហើយក៏​មិនដែល​លឺថា​ប្រទេស​ណា​ស្អប់ខ្ពើម​ជំនួយ​ច្រើនពេក​របស់​ចិន​ដែរ​។ ផ្ទុយទៅវិញ​ប្រទេស​ទទួល​ជំនួយ​ភាគច្រើន​នៅតែ​បន្ដ​ស្នើសុំ​ចិន​បង្កើន​ជំនួយ​បន្ថែម ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ និង​បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ខ្លួន​។​

​ស្ថានទូត​ចិន​បន្ថែមទៀតថា ចំពោះ​កម្ចី​របស់​ចិន​មក​កម្ពុជា​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​កម្រិត​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បានផ្ដល់​បច្ចេកទេស​គ្រប់គ្រង​និង​ស្ដង់ដា​យ៉ាងសកម្ម ដើម្បី​ជួយ​ប្រទេស​កម្ពុជា​បណ្ដុះបណ្ដាល​អ្នក​បច្ចេកទេស​វិស្វកម្ម និង​អ្នកគ្រប់គ្រង​ក្នុងស្រុក​។ ស្ថានទូត​ចិន​ក៏បាន​គូសបញ្ជាក់​ផងដែ​រថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​បដិសេធ​ជា​ច្រើនលើកច្រើនសារ ប្រទេស​កម្ពុជា​មិន​ធ្លាក់ចូល​អន្ទាក់​បំណុលរ​បស់​ចិន​ទេ​។ 

​ក្រៅពី​បកស្រាយ​រឿង​បំណុល ក៏មាន​ការបកស្រាយ​លើ​ចំណុច​មួយទៀត​ដែលថា ការគាំទ្រ​របស់​ចិន​មិន​ខ្វល់​ពី​ការគោរព​សិទ្ធិមនុស្ស​និង​ច្បាប់​របស់​កម្ពុជា​។ ស្ថានទូត​ចិន​គូសបញ្ជាក់ថា ជំនួយ​ជា​សេដ្ឋកិច្ច​ដែល​ចិន​ចាប់ផ្ដើម​ផ្ដល់​មក​កម្ពុជា​តាំងពី​ទសវត្ស​ទី​៥០​ដល់​បច្ចុប្បន្ន បាន​ជួយ​លើ​ការងារ​ជាច្រើន​តាំងពី​ការស្ថាបនា​ផ្លូវ ស្ពាន រួម​នឹង​ផ្នែក​ផ្សេងៗ​ទៀត​។ ទាំងនេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ជា​ជំនួយ​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា ហើយ​ចិន​ក៏បាន​រួមចំណែក​ក្នុង​កិច្ចការ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជន​ផងដែរ​។ សរុបមក ពុំមាន​អ្វីដែល​អាច​ចាត់ទុកបាន​ថា​ជំនួយ​របស់​ចិន​ល្មើស​នឹង​សិទ្ធិមនុស្ស​និង​ច្បាប់​របស់​កម្ពុជា​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្ដិការ​យោធា​វិញ ស្ថានទូត​ចិន​បញ្ជាក់ថា គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិនអាច​កាត់ផ្ដាច់​បាន នៃ​កិច្ច​កសាង​សហគមន៍​ជោគវាសនា​រួម​រវាង​ចិន​និង​កម្ពុជា​។ ឧទាហរណ៍​ជាក់ស្ដែង​មានការ​រួមគ្នា​ថែរក្សា​សន្ដិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់ ការជួយ​ដល់​កម្ពុជា​នូវ​សម្ភារ​ទប់ស្កាត់​ជំងឹ​កូវី​ដ និង​ការបញ្ជូន​ក្រុម​អ្នកជំនាញ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​មកជួយ​បង្ហាត់បង្រៀន​នៅ​កម្ពុជា និង​ការ​ផ្ដល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​ថែមទៀត​។ ហេតុនេះ​ការ​លើកឡើងថា​កិច្ចសហប្រតិបត្ដិការ​យោធា​រវាង​ប្រទេស​ទាំងពីរ​ក្នុង​បំណង​ស្វែងរក​វត្ដ​មាន​យោធា​ចិន​នៅ​កម្ពុជា ជាការ​បង្ខូច​គំនិតល្អ​របស់​អ្នក​ស្អាតស្អំ​។​

​ជា​ការកត់សម្គាល់ នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​មានមតិ​លើកឡើងថា ជំនួយ​របស់​ចិន​ធ្វើឡើង​ក្នុង​គោលបំណង​ដាក់​គំនាប​ឬ​ដាក់​អាណានិគម ហើយក៏​មិនមែន​សំដៅ​តែ​លើ​ប្រទេស​កម្ពុជា​នោះដែរ​។ ជារួម​គឺ​ប្រទេស​ដែល​ទទួល​ជំនួយ​ពី​ចិន​ច្រើន តែងតែមាន​ទស្សនៈ​លើកឡើងថា​ប្រទេស​ទាំងនោះ​នៅ​ថ្ងៃ​ខាងមុខ​អាច​នឹងត្រូវ​ចិន​គ្រប់គ្រង ឬ​អាច​ជាប់បំណុល​ចិន​វ័ណ្ដ​ក​៕

​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត