​លោក​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​នឹង​លោក​សម រង្ស៊ី​​រឿង​ឱ្យ​ពលរដ្ឋ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ចិន​​

12-04-2021 9:46 am 5485

​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រតិកម្ម​ឆ្លើយតប​លោក​សម រង្ស៊ី​ភ្លាមៗ បន្ទាប់ពី​លោក​សម រង្ស៊ី បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ចិន ដើម្បី​ការពារ​ជំងឺ​កូវី​ដ​-១៩ ខណៈ​វ៉ាក់សាំង​ចិន ជា​វ៉ាក់សាំង​មួយ​ដែល​លោក​សម រង្ស៊ី តែងតែ​ជំទាស់​មិនឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នេះ​ឡើយនា​ពេលកន្លងមក​។

​លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្សប្រឆាំង បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​របស់​ចិន កុំឱ្យ​មាន​ការរារែក​។ ការប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​របស់​ចិន​នាពេលនេះ វា​ផ្ទុយ​ពីអ្វី​ដែល​ខ្លួន​តែងតែ​ប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​យក​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩​របស់​ចិន មកចាក់​ជូន​ប្រជាពលរដ្ឋ ទាំង​ដែល​អង្គការ​សុខភាព​ពិភពលោក​មិនទាន់​ប្រកាស​ទទួលស្គាល់​។ តែ​នៅពេលនេះ​បែរជា​លោក​សម រង្ស៊ី ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង​ចិន​ទៅ វិញ ហើយ​ថែមទាំង​អះអាងថា វ៉ាក់សាំង​ចិន មិន​ប៉ះពាល់​ទៅដល់​សុខភាព​ឡើយ​។ សូម​ស្ដាប់​ការប្រកាស​របស់លោក​ស​ម រង្ស៊ី ដូចតទៅ​៖

​សំឡេង​លោក​សម រង្ស៊ី​៖

​ភ្លាមៗ​ក្រោយពី​លោក​សម រង្ស៊ី ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង​ចិន លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល បាន​ប្រតិកម្ម​ឆ្លើយតប​ថា ការប្រកាស​របស់លោក​សម រង្ស៊ី នាពេលនេះ មិនមាន​គោលបំណង​ល្អ​ឡើយ គឺ​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ដណ្ដើម​គ្នា​ចាក់​វ៉ាក់សាំង នៅពេលដែល​វ៉ាក់សាំង​នៅ​កម្ពុជា​មិនទាន់មាន​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាជន​។ សូម​ស្ដាប់​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រតិកម្ម​ឆ្លើយតប​នឹង​លោក​សម រង្ស៊ី ដូចតទៅ​៖

សំឡេង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​៖

​សូមញ្ជាក់ថា វ៉ាក់សាំង​ចិន​មាន​ពីរ​ប្រភេទ គឺ​វ៉ាក់សាំង Sinopharm និង​វ៉ាក់សាំង Sinovac ដែល​រដ្ឋាភិបាល​ទទួល​ជំនួយ និង​ទិញ​ពី​ចិន ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រីក​រាល​ជំងឺ​កូវី​ដ​-១៩​។ វ៉ាក់សាំង​របស់​ចិន​ទាំងពីរ​ប្រភេទ​នេះ ត្រូវ​បណ្ដា​ប្រទេស​មួយចំនួន រួមទាំង​កម្ពុជា​ផង បាន​ទទួលយក​វ៉ាក់សាំង​នេះ​មកចាក់​ជូន​ប្រជាជន ក្នុងខណៈដែល​អង្គការ​សុខភាព​ពិភពលោក មិនទាន់​ប្រកាស​ទទួលស្គាល់ តែ​យ៉ាងណា​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់ថា វ៉ាក់សាំង​នេះ មិន​ប៉ះពាល់​ទៅដល់​សុខភាព​ឡើយ​៕ (សោយ៖សេង បារាំង)​

វីដេអូ៖

 

ព័ត៌មានផ្សេងទៀត