អ៊ីរ៉ង់​ដោះលែង​កប៉ាល់​កូរ៉េខាងត្បូង​ជា​ថ្នូរ​នឹង​ការជួយ​រំដោះ​លុយ​ដែល​ជាប់​ក្រោម​ទណ្ឌកម្ម​អាមេរិក​

09-04-2021 12:47 pm 247

​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២១ អ៊ីរ៉ង់​បាន​ដោះលែង​កប៉ាល់​កូរ៉េខាងត្បូង​និង​នាវិក​របស់​កប៉ាល់​មួយគ្រឿង​នេះ ដែល​ត្រូវបាន​ឃាត់ទុក​តាំងតែ​ពី​ខែមករា​ឆ្នាំ​២០២១​។ ការយល់ព្រម​ព្រលែង​កប៉ាល់​និង​នាវិក​របស់​កប៉ាល់​នេះ បន្ទាប់ពី​កូរ៉េខាងត្បូង​បាន​សន្យាថា​នឹង​ជួយ​អន្តរាគមន៍​រំដោះ​លុយ​អ៊ីរ៉ង់​ចំនួន​៧​ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​បង្កក​ទុក​នៅក្នុង​ធនាគារ​របស់​កូរ៉េខាងត្បូង ក្រោម​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​។ 

​នៅ​ខែមករា អាជ្ញាធរ​អ៊ីរ៉ង់​បាន​រឹបអូស​យក​កប៉ាល់​កូរ៉េខាងត្បូង នៅ​ច្រក​សមុទ្រ​Hormuz​និង​នាវិក​ទាំងអស់​នៅក្នុង​កប៉ាល់ ក្រោម​ហេតុផល​ថា​កប៉ាល់​មួយគ្រឿង​នេះ មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ធ្វើឲ្យពុល​ទឹក​។ ក្រោយពី​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងត្បូង បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ទីក្រុង​តេ​ហេ​រ៉ង់ អ៊ីរ៉ង​ក៏បាន​យល់ព្រម​ដោះលែង​សមាជិក​នាវិក​ចំនួន​២០​នាក់​នៅក្នុង​ខែកុម្ភៈ លើកលែងតែ​ប្រធាន​ក្រុម​ដែល​មើល​ការខុសត្រូវ​លើ​កប៉ាល់​និង​កប៉ាល់ នៅក្នុង​ចេតនា​ទុក​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ចរចា​ជាមួយ​កូរ៉េខាងត្បូង​។ តែ​ផ្ទុយ​ពី​ការចោទប្រកាន់​អ៊ីរ៉ង់​ថា ការ​រឹបអូស​កប៉ាល់​របស់​កូរ៉េខាងត្បូង​ដើម្បី​ទុក​ធ្វើជា​ចំណាប់ខ្មាំង អ៊ីរ៉ង់​និយាយថា កូរ៉េខាងត្បូង​ទៅវិញ​ទេ ដែល​ផ្អិប​លុយ​របស់​អ៊ីរ៉ង់​ទុក​ធ្វើជា​ចំណាប់ខ្មាំង​។​

​បញ្ហា​នេះ​បាន​បង្កឲ្យមាន​ជម្លោះ​ការទូ​តរាប់​ខែ បន្ទាប់ពី​អ៊ីរ៉ង់​បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង បញ្ចេញ​មូលនិធិ​ចំនួន​៧​ពាន់​លាន​ដុល្លារ ដែល​ជាប់គាំង​នៅក្នុង​ធនាគារ​កូរ៉េខាងត្បូង ក្រោម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ជា​ថ្នូរ​នឹង​សេរីភាព​របស់​ប្រធាន​ក្រុម​របស់​កប៉ាល់​និង​កប៉ាល់​មួយគ្រឿង​។ ក្រោយ​ចរចា​ភាគី​ទាំងសងខាង​បាន​ឯកភាពគ្នា​ថា កប៉ាល់​កូរ៉េខាងត្បូង​និង​លុយ​របស់​អ៊ីរ៉ង់ មិនមែនជា​បញ្ហា​ដែល​ពាក់ព័ន្ធ​គ្នា​ទេ ហើយ​នៅ​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០២១ អ៊ីរ៉ង់​បាន​យល់ព្រម​ដោះលែង​កប៉ាល់​និង​ប្រធាន​ក្រុម ខណៈ​ខាង​កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​សន្យា​ជួយ​ដោះស្រាយ​បញ្ហា​លុយ​របស់​អ៊ីរ៉ង់ ដែល​កំពុងតែ​ត្រូវបាន​បង្កក​ទុក​ក្នុង​ធនាគារ​របស់ខ្លួន ក្រោម​ទណ្ឌកម្ម​របស់​អាមេរិក​។ កូរ៉េខាងត្បូង​បាន​និយាយថា កប៉ាល់នោះបាន​ចាកចេញ​ពី​អ៊ីរ៉ង់ បន្ទាប់ពី​បញ្ចប់​នីតិវិធី​រដ្ឋបាល ហើយ​មិន​បង្ក​ជា​ការបំពុល​អ្វី​ឡើយ​។ ក្រៅពីនោះ អ៊ីរ៉ង់​បាន​បោះបង់ចោល​ផែនការ ដើម្បី​ស្វែងរក​ការចោទប្រកាន់​ពីបទ​ព្រហ្មទណ្ឌ​ប្រឆាំងនឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា លុយ​របស់​អ៊ីរ៉ង់​ដែល​ត្រូវបាន​បង្កក​នៅក្នុង​ធនាគារ​កូរ៉េខាងត្បូង​នេះ គឺ​ជាប់ទាក់ទង​នឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ដែល​បានដាក់​ឡើងវិញ​លើ​អ៊ីរ៉ង់ បន្ទាប់ពី​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅ​ឆ្នាំ​២០១៨ ក្រោម​មូលហេតុ​ថា​អ៊ីរ៉ង់​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នេះ​។ នៅពេល​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​លោកចូ បាយ​ដិន ភាព​តានតឹង​រវាង​អាមេរិក និង​ប្រទេស​ដែលជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក តួយ៉ាង​ដូចជា​កូរ៉េខាងត្បូង ជាមួយ​អ៊ីរ៉ង់ ហាក់​បាន​ថមថយ​បន្តិច​។ សហរដ្ឋអាមេរិក​និង​អ៊ីរ៉ង់​បានចាប់ផ្តើម​ពិភាក្សា​ដោយ​ប្រយោល ដើម្បី​វិលត្រឡប់ទៅរក​កិច្ចព្រមព្រៀង​នេះ​វិញ​។ ថ្មីៗ​នេះ​សហរដ្ឋអាមេរិក​បាន​យល់ព្រម​អនុញ្ញាតឲ្យ​អ៊ីរ៉ង់​ប្រើប្រាស់​មូលនិធិ​ដែល​ត្រូវបាន​បង្កក​ទុក សម្រាប់​គោលបំណង​មិនមែន​យោធា ហើយ​អ៊ីរ៉ង់​បាន​ចំណាយលុយ​ខ្លះ​ទៅលើ​វ៉ាក់សាំង​ការពារ​មេ​រោគកូ​វីដ​-១៩ តាមរយៈ​យន្តការ​COVAX​។ តែ​មន្ត្រី​ក្រសួង​បាន​និយាយ​ដោយ​មិន​ផ្តល់​ចំនួន​ទឹកប្រាក់​ជាក់លាក់​ទេ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត