ការឆ្លងបន្តគ្នានៅផ្សារអូរឫស្សីស្ថិតក្នុងសភាពធ្ងន់ធ្ងរ អ្នកឆ្លងកូវីដកើនដល់ជាង១០០នាក់

08-04-2021 4:54 pm 194

ករណីឆ្លងជំងឺកូវីដ-១៩ នៅផ្សារអូរឬស្សីបានរីករាលខ្លាំងនិងមានការឆ្លងបន្តគ្នាកាន់តែច្រើនឡើង ដែលសរុបត្រឹមតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ មានអាជីវករ សន្តិសុខ និងកម្មករបម្រើការងារនៅក្នុងផ្សារជាង១០០នាក់ហើយបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ 

ដូច្នេះដើម្បីឈានទៅកាត់ផ្ដាច់ប្រភពចម្លង និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានផ្សារអូរឬស្សី រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៨ ខែមេសានេះ បានសម្រេចដាក់ចេញនូវការណែនាំមួយចំនួនដូចជា៖ អាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារនេះ គិតចាប់ពីថ្ងៃទី១ ខែមេសាមក ហើយមិនទាន់បានទៅយកសំណាក ត្រូវរួសរាន់ទៅយកសំណាកតេស្តរកកូវីដ-១៩ ជាបន្ទាន់នៅវិទ្យាល័យបាក់ទូក និងត្រូវអនុវត្តវិធានចត្តាឡីស័កឲ្យបានត្រឹមត្រូវ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ត្រូវនៅក្នុងផ្ទះ ឬបន្ទប់ដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬបន្ទប់ ឬទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក បើពុំនោះទេនឹងត្រូវរងការពិន័យអន្តរការណ៍ និងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ចំពោះអាជីវករ សន្តិសុខ និងបុគ្គលិកបម្រើការងារក្នុងផ្សារណា ដែលមិនព្រមសហការទៅយកសំណាកតេស្តរកកូវីដ-១៩ តាមការណែនាំទេ នឹងមិនត្រូវបានអនុញ្ញាតឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញចូលបម្រើការងារឡើយ ពេលដែលផ្សារនេះត្រូវបានបើកដំណើរការឡើងវិញ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានណែនាំដល់ពលរដ្ឋដែលមានលំនៅឋានរស់នៅក្បែរខាងជាមួយអាជីវករ សន្តិសុខ និងបុគ្គលិក បម្រើការងារក្នុងផ្សារអូរឫស្សី នៅក្នុងកាលៈទេសៈនេះគឺដាច់ខាតមិនត្រូវជួបប្រាស្រ័យទាក់ទងជាមួយគ្នាឡើយ និងត្រូវចូលរួមឃ្លាំមើលពីការអនុវត្តវិធានចត្តាឡីស័ករបស់ពួកគាត់ផងដែ ក្នុងករណីពិនិត្យឃើញថាមានបុគ្គលណាមួយ មិនព្រមអនុវត្ត ឬអនុវត្តមិនបានពេញលេញតាមវិធានចត្តាឡីស័ក ត្រូវជួយណែនាំ និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។ រដ្ឋបាលរាជធានីភ្នំពេញធានារក្សាការសម្ងាត់ជូន ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការបានទាន់ពេលវេលា ចៀសវាងការចម្លងកូវីដ-១៩ កាន់តែធ្ងន់ធ្ងរទៅក្នុងមូលដ្ឋានភូមិ សង្កាត់ដែលខ្លួនកំពុងរស់នៅ។

គួរជម្រាបថា ការណែនាំបែបនេះរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបន្ទាប់ពីផ្សារអូរឬស្សីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ លើអាជីវករលក់ដូរ កម្លាំងសន្តិសុខ បុគ្គលិកនៅក្នុងផ្សារជាបន្ដបន្ទាប់។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០៣ ខែមេសា ក៏បានសម្រេចបិទផ្សារអូរឬស្សីជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩៕ ដោយ៖ស៊ូ សូរិយា 

ព័ត៌មានផ្សេងទៀត