មន្ទីរ​បរិស្ថាន​​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​កុំឲ្យ​មាន​ការលួចបើក ឬ​មាន​សេវាកម្ម​ទេសចរណ៍​​

08-04-2021 4:49 pm 136

​ក្រសួងបរិស្ថាន​បានចេញ​សេចក្តីណែនាំ​ដល់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដែលមាន​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាលខេត្ត អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ធ្វើការ​បិទ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ដែល​ស្ថិតក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អ​ភ​រិក្ស​ជីវៈចម្រុះ​ជា​បណ្តោះអាសន្ន​រយៈពេល ១៤ ថ្ងៃ​គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២១​។ 

​ក្រសួងបរិស្ថាន​ក៏បាន​ណែនាំ​ដល់​មន្ទីរ​បរិស្ថាន​ត្រូវ​សហការ ត្រួតពិនិត្យ តាមដាន ហាមឃាត់​នូវ​រាល់​ការធ្វើដំណើរ​ចេញ​-​ចូល និង មិនត្រូវ​អនុញ្ញាតឱ្យ​មាន​សកម្មភាព​សេវាកម្ម​ទេសចរណ៍​ណាមួយ នៅតាម​គោលដៅ​ទេសចរណ៍ នៅក្នុង​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ ក្នុងអំឡុងពេល​នៃ​ការបិទជា​បណ្តោះអាសន្ន​នេះ​ជាដាច់ខាត​។​

​គួរ​បញ្ជាក់ថា ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា​ជា​បណ្តោះអាសន្ន​នេះ គឺ​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន​ដើម្បី​ចូលរួម​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ 

​បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាន​នឹង​កំពុង​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន ៧៤ កន្លែង​ដែលមាន​ផ្ទៃដី​សរុប ៧,៣​លាន​ហិកតា ឬ​ស្មើ​ប្រមាណ ៤១%​នៃ ផ្ទៃដី​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន ២១ របស់​ប្រទេស​កម្ពុជា​។ ខេត្ត​រាជធានី​ដែល​មិនមាន​តំបន់ការពារធម្មជាតិ​រួមមាន​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង​។ ដោយ​៖​វណ្ណ យ៉ា​រី​

ព័ត៌មានផ្សេងទៀត