​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ចាត់ទុក​របាយការណ៍​​រិះគន់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនមែនជា​រឿង​ថ្មី​​

08-04-2021 4:45 pm 136

​លោក​ជិន ម៉ា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ឆ្លើយតប​ចំនួន​២​ចំណុច​ចំពោះ​របាយការណ៍​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ ការឆ្លើយតប​របស់លោក​ជិន ម៉ា​លីន សារជាថ្មី​នេះ ក្រោយពី​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដែលមាន​មូលដ្ឋាន​ធំ​នៅ​ចក្រភព​អង់គ្លេស (United Kingdom) ថា​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​កន្លងទៅនេះ នៅតែ​យ៉ាប់យ៉ឺន​ដដែល​។ 

​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ បាន​ឆ្លើយតប​ចំនួន​២​ចំណុច​យ៉ាង​ដូច្នេះ​ថា​៖

១. របាយការណ៍​របស់ Amnesty International អំពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា គ្មានអ្វី​ថ្មី​នោះទេ ពោលគឺ សឹងតែ​ទាំងអស់​យក​ចេញពី​ការផ្សាយ​របស់​វិទ្យុ​បរទេស​ដែលមាន​និន្នាការ​ប្រឆាំងនឹង​រដ្ឋាភិបាល និង​ចម្លង​ចែកចាយ​តៗ​គ្នា​ពី​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​មួយ​ក្តាប់​តូច ដែល​គេ​ផ្តល់​លុយ​ឱ្យ​ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ក្រោមរូបភាព និង​ហេតុផល​សិទ្ធិមនុស្ស​នេះ បើ​ពិនិត្យ​លើ​ឯកសារយោង​ក្នុង​របាយការណ៍​នេះ​។ 

២. ចំណែកឯ​របាយការណ៍​និង​ឯកសារ​ផ្លូវការ ការពន្យល់ បកស្រាយ និង​ឆ្លើយតប​បំភ្លឺ របស់​រដ្ឋាភិបាល​ជា​សាធារណៈ នា​ពេលកន្លងមក មិន​ត្រូវបាន​គេ​យកមក​ពិចារណា​បន្តិច​ណា​សោះឡើយ​។ លោក​ជិន ម៉ា​លីន បាន​ចោទ​ជា​សំណួ​រថា តើ​ពួក​បរទេស​ទាំងនេះ​គេ​ចង់បាន​អ្វី​ឱ្យ​ពិតប្រាកដ ពី​ការចេញ​របាយការណ៍​បំផ្លើស​ខុសពី​ការពិត​បែបនេះ​?

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ដែលមាន​មូលដ្ឋាន​ធំ​នៅ​ចក្រភព​អង់គ្លេស (United Kingdom) បាន​លើកឡើងថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ នៅតែ​យ៉ាប់យ៉ឺន​ខ្លាំង ដោយសារតែ​ការរំលោភបំពាន​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល ទៅលើ​ប្រជាពលរដ្ឋ គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប្រព័ន្ធយុត្តិធម៌ និង​តុលាការ ត្រូវបាន​រដ្ឋាភិបាល ប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ ដើម្បី​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​លើ​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​។ សម្រាប់​ឆ្នាំ​២០២០ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​សិក្សា និង​វិភាគ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុងប្រទេស​ចំនួន ១៤៩ រួច​ចងក្រង​ជា​របាយការណ៍​កម្រាស​ជាង ៤​រយ​ទំព័រ (៤០៨) ចេញផ្សាយ​នៅ​ថ្ងៃទី​០៦ ខែ​មេសា​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) រកឃើញថា ការ​រឹតត្បិត​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ដែលមាន​តាំងពី​ឆ្នាំ​២០១៧ មក​នោះ ផ្ទុះឡើង​កាន់តែខ្លាំង​ក្នុង​ឆ្នាំ​២០២០ ជាមួយនឹង​ការបង្កើត​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាពអាសន្ន ដែលជា​ក្របខណ្ឌ​ច្បាប់​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិមនុស្ស​។ ជាមួយគ្នានេះ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី និង​សមាជិក​បក្សប្រឆាំង នៅតែ​បន្ត​ប្រឈម​ការយាយី និង​ការ​ធ្វើទុក្ខបុកម្នេញ តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធយុត្តិធម៌​ដោយ​មិន​ត្រឹមត្រូវ​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បានប្រកាស​ច្រានចោល​របាយការណ៍ ដែល​បាន​សរសេរ​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា របាយការណ៍​នោះ មិន​គ្រប់​ជ្រុងជ្រោយ ខ្វះ​មូលដ្ឋាន​ពិត​ជាក់ស្តែង និង​មាន​ចរិត​នយោបាយ​៕ (​សេង បារាំង​)

ព័ត៌មានផ្សេងទៀត