«គុណភាពជីវិត ល្អឬអាក្រក់អាស្រ័យលើមនុស្សដែលមានក្នុងជីវិតរបស់អ្នក»

08-04-2021 4:39 pm 386

សៀវភៅនរណានៅក្នុងបន្ទប់អ្នក?ជាសៀវភៅដែលទទួលបានការចាប់អារម្មណ៍និងលក់ដាច់បំផុតដោយសៀវភៅនេះបានរៀបចំឱ្យជីវិតរបស់អ្នកដែលបានអានកាន់តែល្អប្រសើរតាម ការស្គាល់ពីភាពសំខាន់របស់មនុស្សដែលដើរចូលមកក្នុងជីវិតអ្នក។សៀវភៅនរណានៅក្នុងបន្ទប់អ្នក?មាន៨ជំពូក និង១១៨ទំព័រ ចាប់តាំងពីសន្លឹកដំបូង រហូតដល់សន្លឹកចុងក្រោយ គ្រប់ប្រយោគនិងគ្រប់ឃ្លាសុទ្ធសឹងតែមានចំណុចសំខាន់ដែលអ្នកពុំគួររំលងសោះឡើយ។

សៀវភៅនរណានៅក្នុងបន្ទប់អ្នក? មានអ្នកនិពន្ធល្បីៗចំនួន៣រូបរួមគ្នាចង់ក្រងឡើងដោយអ្នកនិពន្ធទី១ គឺលោក Ivan Misner .PHD គាត់គឺជាស្ថាបនិកនិងជាប្រធានក្រុម BNIដែលជាអង្គភាពបណ្តាញទំនាក់ទំនងធុរកិច្ចធំជាងគេនៅលើលោក ។គាត់ជាអ្នកសរសេរសៀវភៅល្បីៗជាច្រើនចំណងជើងរហូតគាត់ទទួលបានពានរង្វាន់ជាច្រើន គាត់បានត្រូវបានគេឱ្យឈ្មោះថា Humanitarianប្រចាំឆ្នាំដោយកាកបាទក្រហម អាមេរិកកាំង ហើយថ្មីៗនេះគាត់បានទទួលពានរង្វាន់ផ្នែកដឹកនាំរបស់សមាគមន៍Jonh C.Maxwell។

អ្នកនិពន្ធទី២គឺលោក Stewart Emeryជាអ្នកសហនិពន្ធសៀវភៅដែលលក់ដាច់លំដាប់អន្តរជាតិក្រោមចំណងជើងថា Success Built To last។គាត់មានបទពិសោធន៍ពេញមួយជីវិតទាក់ទងនឹងធុរកិច្ច ។ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះលោក បានដឹកនាំបុគ្គលិករាប់ពាន់នាក់ និងអ្នកគ្រប់គ្រងរាប់រយនាក់។ចំណែកនាក់និពន្ធទី៣គឺលោក Rick Sapio គាត់មានភាពជាសហគ្រិនតាំងពីតូច ដោយគាត់បានបើកកន្លែងជុសជុលកង់ក្នុងអាយុ១៣ឆ្នាំ តាំងពីពេលនោះមកគាត់មានក្រុមហ៊ុនក្នុងដៃចំនួន២០ ។

សៀវភៅនរណានៅក្នុងបន្ទប់អ្នក?បានបញ្ចូលគ្នានូវគំនិត បទពិសោធន៍ និងការសិក្សាស្រាវជាវរបស់សហនិពន្ធទាំង៣រូបធ្វើឱ្យសៀវភៅនេះលក់ដាច់យ៉ាងច្រើន និងបានបកប្រែជាច្រើនភាសារនៅទូទាំងពិភពលោក។ក្នុងទំព័រទី៥នៃជំពូកទី១ អ្នកនិពន្ធបានចោទសួរថា តើអ្នកធ្លាប់ស្រម៉ៃថារស់នៅក្នុងជីវិតប្រសើរជាងមុនទេ?តើអ្នកចង់មានជីវិតដែលជុំវិញដោយមនុស្សដែលគាំទ្រ និងចង់ឃើញអ្នករីកចម្រើនដែរទេ? អ្នកនិពន្ធបានធ្វើការណែនាំថា ជីវិតប្រៀបបានទៅនឹងបន្ទប់ ។តើបន្ទប់របស់អ្នកបានដាក់អ្នកណាខ្លះនៅក្នុងនោះ ? ហើយអ្នកនិពន្ធក៏បានលើកឡើងនូវពាក្យគួរចង់ចាំមួយឃ្លាថា« គុណភាពជីវិតរបស់អ្នក ល្អឬអាក្រក់គឺអាស្រ័យលើមនុស្សដែលស្ថិតនៅក្នុងបន្ទប់របស់អ្នក»។ 

អ្នកត្រូចាំថា មនុស្សដែលចូលទៅក្នុងបន្ទប់របស់អ្នក ពួកគេមិនមែនដើរចូលមកដោយដៃទទេរនោះទេ។ពួកគេនាំមកជាមួយនូវរបស់ផ្សេងៗមកតាមខ្លួន ដូចជាបទពិសោធន៍ គុណតម្លៃជីវិត ទស្សនវិជ្ជាដែលពួកគេតែងប្រកាន់ខ្ជាប់ ហើយរបស់ទាំងអស់នោះសុទ្ធតែជារបស់អរូបិយមើលមិនឃើញនឹងភ្នែកឡើយ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកផងដែរ។យើងមិនដឹងថាពួកវាល្អឬអាក្រក់ចំពោះអ្នកទេ តែអ្វីដែលយើងដឹងច្បាស់គឺពួកវាជះឥទ្ធិពលលើរបៀបដែលមើលមកខ្លួនឯង និងរបៀបដែលអ្នកមើលទៅពិភពលោកខាងក្រៅ ពោលគឺមិនត្រឹមតែលើទំនាក់ទំនងខាងក្នុងខ្លួនអ្នកប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលជះលើទំនាក់ទំនងខាងក្រៅផងដែរ។

ប្រសិនបើអ្នកមិនប្រុងប្រយ័ត្នទេ មនុស្សដែលមានតួនាទីក្នុងការផ្សាយឥទ្ធិពលលើជីវិតរបស់អ្នក អាចជាប្រភេទមនុស្សដែលអ្នកមិនចង់បានឡើយ។យើងអាចហៅមនុស្សប្រភេទនេះថា«មនុស្សបំពុល»មនុស្សពុលអាចធ្វើឱ្យជីវិតរបស់អ្នកប្រែជាច្របូកច្របល់មែនទែននិងអាចឈានដល់ក្តីវិនាសអន្តរាយថែមទៀតផង។សព្វថ្ងៃនេះ តើអ្នកធ្លាប់មានអារម្មណ៍ថា ជីវិតរបស់អ្នកកំពុងមានស្ថានភាពច្របូកច្របល់ដែរឬទេ? តើបន្ទប់របស់អ្នកបានពេញណែនដោយសម្លេងឡូឡាខ្លាំង ?ពេញដោយដ្រាម៉ា? ភាពធុញទ្រាន់? ឆេវឆាវ ឆាប់ខឹងដែរទេ?ដូច្នេះមុនធ្វើការទទួលមនុស្សដើម្បីចូលមកក្នុងបន្ទប់របស់អ្នកនោះ គួរតែវិនិច្ឆ័យឱ្យបានជាក់លាក់និងល្អិតល្អន់ និងរៀបចំតាមផ្នែកឱ្យបានត្រឹមត្រូវបំផុត។

តើធ្វើយ៉ាងណាឱ្យបន្ទប់របស់អ្នករៀបរយ ?ក្នុងជំពូកទី៤ ទំព័រទី៥៥ អ្នកនិពន្ធចង់ឱ្យអ្នកពិនិត្យ និងវាយតម្លៃមនុស្សដែលកំពុងស្ថិតនៅក្នុងបន្ទប់របស់អ្នក។ដោយអ្នកអាចសើរើ និងរៀបចំបន្ទប់របស់អ្នកឡើងវិញ ដើម្បីកសាងអនាគតថ្មីមួយ តាមរយៈការស្រង់ឈ្មោះមនុស្សដែលស្ថិតនៅក្នុងបន្ទប់របស់អ្នក សូមរាយនាម មនុស្សសំខាន់ក្នុងបញ្ជី ការស្រង់នេះទៀតសោតគឺផ្តោតសំខាន់លើគុណតម្លៃ និងភាពសំខាន់របស់ពួកគេមកក្នុងជីវិតអ្នក ដូចជាគ្រួសារ ស្វាមី/ភរិយា មិត្តភក្តិ មិត្តរួមការងារជាដើម។រកឃើញភាពសំខាន់របស់អ្នកក្នុងបន្ទប់ហើយអ្នកត្រូវតែជ្រើសរើសអ្នកដែលមានភាពសំខាន់ខ្លាំងមកដាក់ក្បែរខ្លួន ហើយអ្នកផ្សេងដាក់នូវចំណុចបន្តបន្ទាប់តាមភាពសំខាន់របស់គេ ហើយអ្វីដែលអ្នកត្រូវធ្វើបន្តនោះគឺ ឈប់បបើកទ្វាបន្ទប់ទទួល មនុស្សដែលធ្វើឱ្យបន្ទប់របស់អ្នករញ៉េរញ៉ៃតទៅទៀត។

បន្ទាប់ពីបានអានសៀវភៅនរណានៅក្នុងបន្ទប់អ្នក?រួចហើយអ្នកនិងយល់កាន់តែច្បាស់អំពីសារៈសំខាន់នៃមនុស្សដែលអ្នកប្រាស្រ័យទាក់ទង ប៉ុន្តែគ្រប់ទ្រឹស្តីដែលមានក្នុងសៀវភៅបើទោះមិនអាចយកទៅអនុវត្តបានទាំងស្រុងក៏ដោយ តែអ្នកក៏អាចយកវាទៅរៀបចំបន្ទប់អ្នកបានល្អជាងមុនផងដែរ៕ 

ព័ត៌មានផ្សេងទៀត