ការសិក្សាលើគម្រោងអភិវឌ្ឍន៍រថភ្លើង Mono Rail នៅរាជធានីភ្នំពេញត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ខណៈការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងក្រោមដី ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយខែខាងមុខនេះ។ នេះជាការបញ្ជាក់របស់លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដឹកនាំដោយលោក Alexander D. Nash អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី០៦ ខែមេសា។
ទាក់ទងនឹងការសិក្សាលើគម្រោងអភិវឌ្ឍន៍រថភ្លើងMono Rail នេះ លោកស៊ុន ចាន់ថុល បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ជួយពិនិត្យឡើងវិញ លើលទ្ធផលនៃគម្រោងសិក្សាទាំងនេះ និងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ផងដែរ។ លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ប្រសិនបើគម្រោងទាំងនេះមានការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនពិតប្រាកដ មែននោះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់មុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ និងឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជាការឆ្លើយតប លោកAlexander D. Nash បានធ្វើការកត់សម្គាល់ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះសំណើនានា ដែលលោកស៊ុន ចាន់ថុល បានលើកឡើង និងបានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងធ្វើការពិនិត្យ និងសម្របសម្រួលចំពោះសំណើទាំងនោះ។
គួររម្លឹកថា កាលពីដើមខែមិថុនា ឆ្នាំ២០១៨ លោកស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា គម្រោងស្ថាបនាខ្សែរថភ្លើងលើអាកាសក្នុងរាជធានីភ្នំពេញមុនដំបូងគេនឹងអនុវត្តចាប់ពីស្ថានីយនៅផ្សារធំថ្មីឆ្ពោះទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដោយមានប្រវែងសរុប ១៨គីឡូម៉ែត្រ។ គម្រោងសាងសង់ខ្សែរថភ្លើងលើអាកាសនេះ នឹងត្រូវសាងសង់នៅតាមបណ្តោយវិថីសំខាន់ៗដែលរួមមានដូចជា មហាវិថីព្រះមុនីវង្ស កម្ពុជាក្រោម ព្រះមុនីរ៉េត ហ្សាលដឺហ្គោល និងផ្លូវវេងស្រេងជាដើម៕
ដោយ៖ យឺន សីហា