ជំងឺ​កូវី​ដ​-១៩​សម្លាប់​ពលរដ្ឋ​កម្ពុជា​ឡើងដល់​២៤​នាក់​ហើយ​!

08-04-2021 1:26 pm 1069

​អ្នកជំងឺ​កូវី​ដ​-១៩​ជា​បុរស​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់​ទៀត​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​វីរុស​កូវី​ដ​-១៩​នៅ​ឯ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២១​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​០៨ ខែ​មេសា​នេះ​។​

​គួរបញ្ជាក់​ថា អ្នកជំងឺ​កូវី​ដ​-១៩​ស្លាប់​ថ្មី​ទាំង​២​នាក់​ថ្មី​នេះ​រួមមាន ទី​១.​ជា​បុរស​ខ្មែរ​អាយុ​៦៨​ឆ្នាំ​ម្នាក់ ជា​អ្នក​រស់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅវេលា​ម៉ោង​០១៖៤០​នាទី​រំលង​អាធ្រាត​ថ្ងៃទី​០៧ ខែ​មេសា​។ បុរស​រូបនេះ​ត្រូវបាន​ក្រុមគ្រូពេទ្យ​សន្និដ្ឋានថា ស្លាប់​ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ និង​ធ្ងន់ធ្ងរ​ដោយសារ​ការវាយលុក​ពី​មេ​រោគកូ​វីដ​-១៩​។ 

​ចំណែកឯ​អ្នក​ស្លាប់​ម្នាក់​ទៀត ជា​បុរស​ខ្មែរ​អាយុ​៤៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ស្លាប់​នៅវេលា​ម៉ោង​១១៖៥៥​នាទី​ព្រឹក​ថ្ងៃទី​០៧ ខែ​មេសា​។ បុរស​រូបនេះ​ត្រូវបាន​ក្រុម​គ្រូពេទ្យ​អះអាង​ថា បាន​ស្លាប់​ដោយសារ​មាន​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ និង​រលាក​សួត​ទាំងសងខាង​ធ្ងន់ធ្ងរ បណ្ដាលមកពី​ការវាយប្រហារ​ពី​សំណាក់​មេ​រោគកូ​វីដ​-១៩​។​

​គិត​ត្រឹម​ថ្ងៃទី​០៨ ខែ​មេសា​នេះ ជំងឺ​កូវី​ដ​-១៩​បាន​ផ្ដាច់ជីវិត​អ្នកជំងឺ​នៅ​កម្ពុជា​សរុប​២៤​នាក់​ហើយ ក្នុងនោះ​មាន​ជនជាតិខ្មែរ​២១​នាក់ ចិន​២​នាក់ និង​កូរ៉េ​១​នាក់​។ ម្យ៉ាងទៀត ក្នុង​ចំណោម​អ្នក​ស្លាប់​សរុប​ទាំង​២៤​នាក់​នេះ​ដែរ ភាគច្រើន​ជា​មនុស្ស​មាន​វ័យ​ចំណាស់ និង​ជា​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត