របៀប​ថែទាំ​និង​ព្យាបាល​ជំងឺ​កូវី​ដ​១៩ក្នុងករណី​ត្រូវ​ព្យាបាល​នៅ​ផ្ទះ

08-04-2021 12:13 pm 528

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​ដាក់​ចេញ​នូវ​នីតិវិធី​ប្រតិបត្តិ​សម្រាប់​ការគ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​នៅតាម​ផ្ទះ ចំពោះ​អ្នកជំងឺ​ដែល​គ្មាន​រោគសញ្ញា និង​ករណី​ជំងឺ​ស្រាល​។ ការដាក់ចេញ​នីតិវិធី​នេះ ធ្វើឡើង​ស្រប​តាម​អនុសាសន៍​ណែនាំ របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឲ្យ​ក្រសួង​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​គិតគូរ រៀបចំ​ទុកជាមុន​ពី​លទ្ធភាព​ផ្តល់​ការព្យាបាល​នៅតាម​ផ្ទះ សម្រាប់​អ្នកជំងឺ​កូវី​ដ​១៩ ដែល​មាន​ស្ថានភាព​ស្រាល ដើម្បី​សម្រាល​បន្ទុក​មន្ទីរពេទ្យ​រដ្ឋ​នានា ក្នុងករណី​អ្នកជំងឺ​កើនឡើង​កាន់តែច្រើន ហើយ​មិន​អាច​មាន​ទីតាំង​សម្រាប់​ព្យាបាល​។ តើ​អ្នកជំងឺ​កូវី​ដ​១៩​ត្រូវធ្វើ​បែបណា​ខ្លះ​នៅពេល​ព្យាបាល​ជំងឺ​នៅ​ផ្ទះ​?

​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា អ្នកជំងឺ​កូវី​ដ​១៩​ដែល​ព្យាបាល​នៅ​ផ្ទះ​ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន ដោយ​រស់​នៅក្នុង​បន្ទប់​ផ្ទះ​ដាច់ដោយឡែក ប្រើប្រាស់​បន្ទប់ទឹក បង្គន់ និង​បរិភោគ​អាហារ​ដាច់ដោយឡែក​ពី​សមាជិក​គ្រួសារ និង​ត្រូវ​ពាក់​ម៉ាស​ជាប់​ជានិច្ច និង​រក្សា​គម្លាត​យ៉ាងតិច​២​ម៉ែត្រ​ក្នុង​ពេល​ចាំបាច់​ត្រូវ​ពិភាក្សា​ជាមួយ​សមាជិក​ក្នុង​គ្រួសារ​។​

​អ្នកជំងឺ​ត្រូវ​វាស់​កម្តៅ​រាល់ថ្ងៃ នៅ​ពេល​ព្រឹក និង​ល្ងាច បើ​កម្តៅ​លើសពី​៣៧.៥​អង្សា​សេ ឬ​មាន​រោគសញ្ញា ហត់ ពិបាក​ដកដង្ហើម អស់កម្លាំង​ខ្លាំង រវើរវាយ ចុក​ទ្រូង ត្រូវ​ឆាប់​ទាក់ទង​ទៅ​គ្រូពេទ្យ​ដែល​ទទួលបន្ទុក​។ ត្រូវ​បរិភោគ​អាហារ​ចម្អិន​បានល្អ កាត់បន្ថយ​អាហារ​ជាតិ​ខ្លាញ់ ប្រៃ និង​ផ្អែម​។​

​អ្នកជំងឺ​អាច​ធ្វើ​កិច្ចការ​ផ្សេងៗ​ជាធម្មតា ហាត់ប្រាណ​ក្នុងផ្ទះ សម្អាត​បន្ទប់​រស់នៅ​ផ្ទាល់ខ្លួន បន្ទប់ទឹក ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ទៀត​ជា​រៀងរាល់ថ្ងៃ រីឯ​សំណល់​របស់​អ្នកជំងឺ និង​ក្រុមគ្រួសារ​ត្រូវ​ទុក​ដាច់ដោយឡែក​ពីគ្នា បិទ​ឲ្យ​ជិត​ល្អ​ដើម្បី​អាជ្ញាធរ​ចាត់ចែង​តាម​នីតិវិធី​នៃ​ការគ្រប់គ្រង​សំណល់​ចម្លងរោគ​។​

​គួរបញ្ជាក់​ថា ក្រោយ​ការថែទាំ​សុខភាព​រយៈពេល​១៤​ថ្ងៃ​អ្នកជំងឺ​នឹង​ត្រូវ​យក​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​ជាថ្មី ក្នុងករណី​លទ្ធផល​អវិជ្ជមាន​អ្នកជំងឺ​អាច​បញ្ចប់​ការព្យាបាល​នៅផ្ទះ​បាន ប៉ុន្តែ​បើ​លទ្ធផល​វិជ្ជមាន ត្រូវ​នៅ​ធ្វើតេស្ត​ម្តងទៀត​នៅ​៤៨​ម៉ោង​ក្រោយ​។ ក្នុងករណី​លទ្ធផល​អវិជ្ជមាន​នោះ​អ្នកជំងឺ​ត្រូវ​អនុញ្ញាត​ឲ្យ​បញ្ចប់​ការ​ព្យាបាល​នៅផ្ទះ​បាន​។​

​ក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា ទោះជា​បញ្ចប់​ការព្យាបាល ក៏​ត្រូវ​ឲ្យ​បន្ត​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​រយៈពេល​១៤​ថ្ងៃ​ទៀត និង​ធ្វើតេស្ត​ឡើង​វិញ​នៅ​ថ្ងៃទី​១៣ នៃ​ថ្ងៃ​ធ្វើ​ចត្តា​ឡី​ស័ក​។ ក្នុងករណី​លទ្ធផល​អវិជ្ជមាន​គឺ​អាច​បញ្ចប់​ការធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះបាន ប៉ុន្តែ​ករណី​លទ្ធផល​វិជ្ជមាន​អ្នកជំងឺ​ត្រូវ​បន្ត​ព្យាបាល​ឡើង​វិញ​ដូច​ដំណើរការ​នៃ​ការចាប់ផ្តើម​ព្យាបាល​ដំបូង​ដោយ​ត្រូវ​តាមដាន​ធ្វើតេស្ត​ម្តងទៀត​នៅ​១៤​ថ្ងៃក្រោយ​។​

​យ៉ាងណាមិញ​ក្រសួងសុខាភិបាល​ក៏​បាន​បញ្ជាក់​ពី​ការទទួលខុសត្រូវ​របស់អ្នក​ថែទាំ និង​អ្នកស្នាក់នៅ​ជាមួយ​អ្នកជំងឺ​កូវី​ដ​១៩ អាជ្ញាធរ និង​ក្រុមគ្រូពេទ្យ​ផងដែរ​។​

​សម្រាប់​អ្នក​ថែទាំ​គឺ​ត្រូវ​តាមដាន​សុខភាព​របស់​អ្នកជំងឺ​កូវី​ដ​១៩ ដោយ​ប្រើ​ទូរស័ព្ទ ឬ​សាកសួរ​ពី​ចម្ងាយ និង​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ក្រុម​គ្រូពេទ្យ​ក្នុងករណី​ស្ថានភាព​មាន​ការប្រែប្រួល​។ សម្រាប់​អាជ្ញាធរ​មូលដ្ឋាន គឺ​ត្រូវ​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រូពេទ្យ​ព្យាបាល និង​រក្សា​សន្តិសុខ និង​សុវត្ថិភាព​នៅ​ទីកន្លែង​ព្យាបាល​អ្នកជំងឺ​ស្នាក់នៅ​។​

​ដោយឡែក​ក្រុម​គ្រូពេទ្យ​ត្រូវ​តាមដាន​សុខភាព​អ្នកជំងឺ ២​ដង​ក្នុង​១​ថ្ងៃ​តាម​រយៈ​ទូរស័ព្ទ​Hotline​។ ចុះទៅពិនិត្យ​ផ្ទាល់​ក្នុងករណី​អ្នកជំងឺ​មាន​សុខភាព​ប្រែប្រួល និង​ផ្តល់​ការថែទាំ ព្យាបាល​តាម​រោគសញ្ញា​។ ក្រុម​គ្រូពេទ្យ​ក៏​ត្រូវ​កំណត់​សញ្ញា​គ្រោះ​ថ្នាក់​លើ​អ្នកជំងឺ និង​ទំនាក់ទំនង​ពិគ្រោះ​ជាបន្ទាន់ ដើម្បី​ធ្វើការ​បញ្ជូន​ទៅកាន់​មូលដ្ឋាន​សុខាភិបាល​ដែល​បាន​កំណត់​៕ ដោយ៖ សោ វិសាល


ព័ត៌មានផ្សេងទៀត