រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​ថ្មី​ដល់​ទៅ​១១៣​នាក់ និង​អ្នក​ជាសះស្បើយ​៩០​នាក់​

08-04-2021 11:20 am 1577

​កម្ពុជា​បាន​បន្ត​រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ដល់​ទៅ​១១៣​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា ដែល​សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់​។ អ្នក​ឆ្លងកូវី​ដ​-១៩​ក្នុង​សហគមន៍​ទាំង​១១៣​នាក់​នេះ មាន​ជនជាតិ​ខ្មែរ​១០៩​នាក់ និង​ចិន​៤​នាក់​។ របាយការណ៍​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​០៨ ខែ​មេសា​នេះ​បញ្ជាក់ថា ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំង​១១៣​នាក់​នេះ រកឃើញ​នៅ​រាជធានី​ភ្នំពេញ​១០៣​នាក់ ខេត្ត​កណ្ដាល​៣​នាក់ ខេត្ត​ព្រះសីហនុ​៣​នាក់ ស្វាយរៀង​៣​នាក់ និង​កំពត​១​នាក់​។​

​គួរកត់សម្គាល់​ថា រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​បាន​បង្ហាញ​នូវ​សន្ទុះ​ហក់​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ក្នុង​សហគមន៍ បន្ទាប់ពី​មាន​ការផ្ទុះ​ករណី​ឆ្លង​នៅក្នុង​រោងចក្រ និង​ការឆ្លង​ជា​បន្តបន្ទាប់​នៅ​ផ្សារ​អូរឫស្សី​តួលេខ​ថ្ងៃនេះ​មាន​មនុស្ស​ដល់​ទៅ​១០៣​នាក់​បាន​ឆ្លងកូវី​ដ​-១៩​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​១០៣​នាក់​នេះ មាន​ជនជាតិ​ខ្មែរ​១០២​នាក់ និង​ជនជាតិ​ចិន​មាន​១​នាក់​ប៉ុណ្ណោះ​។ ជាមួយគ្នានេះដែរ សម្រាប់​ខេត្ត​ស្វាយរៀង កណ្ដាល និង​ព្រះសីហនុ ដែល​កន្លង​ទៅ​បាន​ហក់​ឡើង​នូវ​ករណី​ឆ្លង​ច្រើន បាន​ថមថយ​នូវ​ករណី​ឆ្លង​ថ្មី​។ 

​ដោយឡែក​សម្រាប់​ករណី​ជា​សះស្បើយ​វិញ នៅ​ថ្ងៃនេះ​ក៏​មាន​ច្រើន​ដែរ ដោយ​មាន​អ្នកជំងឺ​កូវី​ដ​-១៩​ចំនួន​៩០​នាក់​ថ្មី​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ​។ ទាំង​៩០​នាក់​ដែល​ជា​សះស្បើយ​នេះដែរ មាន​អ្នកជំងឺ​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា​២​នាក់ និង​៨៨​នាក់​ទៀត​ជា​អ្នកជំងឺ​ក្នុងករណី​ឆ្លង​សហគមន៍​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ បច្ចុប្បន្ន​ចំនួន​អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​មាន ១,០៨៥​នាក់ និង​អ្នក​ជាសះស្បើយ​សរុប​ឡើងដល់​១,៩១៤​នាក់​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ក្នុង​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​។​

​សរុប​គិត​ត្រឹម​ថ្ងៃ​ទី​០៨ ខែ​មេសា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​សរុប​ឡើងដល់ ៣,០២៨​នាក់ និង​អ្នក​ឆ្លង​ក្នុងករណី​សហគមន៍​កើន​ដល់ ២,៤៩៦​នាក់ រី​ឯ​អ្នកស្លាប់​សរុប​ឡើងដល់ ២៤​នាក់ រាប់​ទាំង​អ្នក​ឆ្លង​ថ្មី​២​នាក់​ទៀត​កាលពី​ថ្ងៃ​ទី​០៧ ខែ​មេសា​៕ 

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត