ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយកាលពីថ្ងៃពុធ ទី៧ ខែមេសា ថាអាមេរិកបាននឹងកំពុងត្រៀមដកទណ្ឌកម្មពីប្រទេសអុីរ៉ង់ និងទង្វើទាំងឡាយណាដែលផ្ទុយទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៥ ហើយងាកមកបន្តគោរពតាមកិច្ចព្រមព្រៀងមួយនេះវិញ ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានមានប្រសាសន៍ថា «យើងបានត្រៀមចាត់វិធានការចាំបាច់ក្នុងការវិលត្រឡប់ទៅគោរពតាមផែនការសកម្មភាពរួមនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ (JCPOA) រួមទាំងការដកទណ្ឌកម្មដែលមិនស៊ីសង្វាក់គ្នាជាមួយនឹងកិច្ចព្រមព្រៀងនេះផងដែរ»។
គួររំលឹកថាអតីតនាយករដ្ឋមន្ត្រីអាមេរិកលោកដូណាល់ ត្រាំ កាលពីឆ្នាំ២០១៨ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ ដោយចោទអុីរ៉ង់ថាបានបំពានទៅលើកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអុីរ៉ង់យ៉ាងធ្ងន់ធ្ងរ។ ក្រោយមកអុីរ៉ង់បានប្រកាសដោយចំហ ថានឹងបំពានលើខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ដើម្បីឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីប្រទេសខ្លួនវិញ៕ ដោយ៖ បឿ សុភា