តំណាង​យោធា​បាន​ចូល​កាន់កាប់​ស្ថានទូត​និង​បណ្តេញ​មន្ត្រី​ទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង់គ្លេស​

08-04-2021 10:43 am 1022

អ្នកការទូត​ដែល​ស្មោះត្រង់​នឹង​របប​យោធា​មី​យ៉ាន់​ម៉ា បាននាំគ្នា​សម្រុកចូល​កាន់កាប់​អគារ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស នៅពេលដែល​លោក​Kyaw Zwar Minn​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​មិន​ស្ថិតនៅក្នុង​ស្ថានទូត​។ នៅពេលដែល​លោក​Kyaw Zwar Minn​វិលត្រឡប់​មកកាន់​ស្ថានទូត​វិញ លោក​ត្រូវបាន​គេ​រារាំង​មិន​ឲ្យចូល ដោយនិយាយ​ប្រាប់ថា ពួកគេ​ទទួលបាន​បញ្ជា​ពី​រដ្ឋធានី ដូច្នេះ​មិនអាច​អនុញ្ញាតឲ្យ​លោក​ចូល​បានឡើយ​។ លោក​Kyaw Zwar Minn​បាន​ថ្លែងប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា បុគ្គលិក​ស្ថានទូត​ត្រូវបាន​ស្នើឲ្យ​ចាកចេញ​ពី​អគារ​ស្ថានទូត ដោយ​មន្ត្រី​អនុព័ន្ធយោធា​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​ប្រាប់ថា​លោក​Kyaw Zwar Minn​លែង​ជា​អ្នកតំណាង​ឲ្យ​ប្រទេសមី​យ៉ាន់​ម៉ាត​ទៅ​ទៀតហើយ​។ លោក​Kyaw Zwar Minn បាន​ពណ៌នា​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ពុធ​នោះ​ថា ដូចជា​ប្រភេទ​នៃ​រដ្ឋប្រហារ​កណ្តាល​ទីក្រុង​ឡុង​ដ៍ ហើយ​លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ជួយ​អន្តរាគមន៍​។​

​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ក្រសួងការបរទេស​អង់គ្លេស​ពី​ស្ថានទូត​មី​យ៉ាន់​ម៉ា ថា​លោក​Chit Win​អគ្គរដ្ឋទូត​រង ជា​អ្នកធ្វើ​ការបន្ត​ពី​លោក​Kyaw Zwar Minn ដែល​ត្រូវបាន​របប​យោធា​ណែនាំ​ឲ្យចេញ​ពី​ស្ថានទូត​កាលពី​មួយខែ​មុន​។ តែ​លោក​Kyaw Zwar Minn​បាន​តវ៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ទទូច​កុំឲ្យ​អង់គ្លេស​ទទួលស្គាល់អ្ន​កដែល​ធ្វើការ​បម្រើឲ្យ​របប​យោធា​ខុសច្បាប់ បដិសេធ​ការធ្វើការ​ជាមួយ​លោក Chit Win​ដែល​តែងតាំង​ដោយ​របប​យោធា ឬ​អ្នកការទូត​ផ្សេងទៀត​ដែល​របប​យោធា​អាច​នឹង​តែងតាំង​នៅ​ថ្ងៃ​អនាគត ជាមួយនឹង​ការជំរុញឲ្យ​រដ្ឋាភិបា​ល​អង់គ្លេស បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​មី​យ៉ាន់​ម៉ា​វិញ​។​

​ចំណាត់ការ​របស់រប​ប​យោធា​មី​យ៉ាន់​ម៉ា ប្រឆាំងនឹង​អ្នកការទូត​ខ្លួនឯង​ប្រចាំ​នៅ​ប្រទេស​ដែលជា​អតីត​អាណានិគម​លើ​មី​យ៉ាម៉ា​មួយ​នេះ បន្ទាប់ពី​លោក​Kyaw Zwar Minn​កាលពី​ខែ​មីនាឆ្នាំ​២០២១ បានបង្ហាញ​ឥរិយាបទ​ប្រឆាំងនឹង​របប​យោធា​មី​យ៉ាន់​ម៉ា តាមរយៈ​ការស្នើឲ្យ​ដោះលែង​លោកស្រី​អ៊ុង សាន ស៊ូ​ជី​និង​អ្នក​ដែល​កំពុង​ជាប់ឃុំ​ឲ្យមាន​សេរីភាព​។ ក្រោយ​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ថ្ងៃទី​៩​ខែមីនា​មី​យ៉ាន់​ម៉ា​បាន​កោះហៅ​អគ្គរដ្ឋទូត​រូបនេះ​ត្រឡប់មក​ស្រុក​វិញ ហើយ​លោក​Kyaw Zwar Minn​ក៏​ឈប់​ធ្វើតាម​ការណែនាំ​របស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា​ចាប់តាំងពី​ពេល​នោះមក​។ លោក​Kyaw Zwar Minn​បញ្ជាក់ថា​សុន្ទរកថា​របស់លោក​មិនមែន​ជាការ​ក្បត់​ប្រទេស​ទេ ហើយ​លោក​ក៏​មិន​ទេរ​ទៅខាង​ណា​ដែរ​។ សម្រាប់​អង់គ្លេស​បានបង្ហាញ​សាមគ្គីភាព​ជាមួយ​លោក​Kyaw Zwar Minn ដោយបាន​កោតសរសើរ​ពី​ភាពក្លាហាន និង​ការ​ស្នេហារ​ជាតិ​របស់លោក​។​

​អង់គ្លេស​មិន​គាំទ្រ​របប​យោធា​មី​យ៉ាន់​ម៉ា​ទេ និង​ថា​ការ​សម្រុកចូល​ស្ថានទូត​និង​បណ្តេញ​លោក​Kyaw Zwar Minn​ចេញពី​ស្ថានទូត ជា​ទង្វើ​មួយ​ដែល​អង់គ្លេស​ចាត់ទុកថា​ជាការ​សម្លុត ធ្វើបាប ហើយ​អង់គ្លេស​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​បែបនេះ ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​។ នេះ​ជា​ការសរសេរ​បង្ហោះ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ ដោយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក​Dominic Raab​។ ចក្រភព​អង់គ្លេស​នៅតែ​បន្ត​អំពាវនាវ​ឲ្យ​បញ្ឈប់​ការធ្វើ​រដ្ឋប្រហារ​និង​អំពើហិង្សា​គួរឲ្យ​ស្អប់ខ្ពើម និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ឲ្យបាន​យ៉ាង​ឆាប់រហ័ស​។​

​ក្រោយ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​យក​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល មក​គ្រប់គ្រង​ទាំងស្រុង​នៅ​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១ របប​យោធា​បាន​តាម​កម្ចាត់​អ្នកការទូត ដែលមាន​ជំហរ​ប្រឆាំងនឹង​ខ្លួន​ចំនួន​២​រូប​ហើយ រួមមាន​លោក​Kyaw Moe Tun​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ( UN ) និង​លោក​Kyaw Zwar Minn​ដែលជា​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​នេះឯង​។ តែ​សម្រាប់​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​នៅតែ​ស្ថិតក្នុង​តំណែង បើទោះបីជា​របប​យោធា​បញ្ជូន​មន្ត្រីការទូត​ថ្មី​ទៅ​ជំនួស​ក៏ដោយ ប៉ុន្តែ​បាន​វិល​ត្រឡប់មកវិញ ព្រោះតែ​នៅ​ទីនោះ​គ្មាន​នរណា​ទទួលស្គាល់​រដ្ឋាភិបាល​យោធា​មី​យ៉ាន់​ម៉ា​ទេ​។​

​ក្រៅពីនេះ របប​យោធា​ក៏បាន​បង្កើន​ការបង្ក្រាប​អ្នកប្រឆាំង​នៅ​ក្នុងស្រុក​ដែរ ជាពិសេស​បង្ក្រាប​ក្រុមអ្នកតវ៉ា​។ ប្រមុខ​មេទ័ព​លោក​Min Aung Hlaing​បាន​បន្ទោស​លើ​ក្រុមអ្នកតវ៉ា​ថា ជា​អ្នក​ចង់​បំផ្លាញ​ប្រទេស ហើយ​ថា​មាន​បាតុករ​តែ​២៤៨​នាក់​ប៉ុណ្ណោះ​បាន​ស្លាប់ ខុសពី​ការរាប់​ឃើញ​ដោយ​សមាគមន៍​សម្រាប់​អ្នកទោសនយោបាយ​ថា​មានរ​ហូ​ដល់​ទៅជិត​៦០០​នាក់​។ នៅ​ថ្ងៃ​ពុធ​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា​ដែល​ត្រូវ​យោធា​បណ្តេញចេញ បានចាប់ផ្តើម​ពិភាក្សា​ជាមួយ​អ្នក​ស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ ដើម្បី​ប្រមូល​ភស្តុតាង​ប្រឆាំងនឹង​របប​យោធា​។ អ្នកតំណាង​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា បាន​និយាយថា​ពួកគេ​រកឃើញ​ភស្តុតាង​ជាង​២០,០០០ ដែល​បង្ហាញ​ពី​ការរំលោភ​សិទ្ធិមនុស្ស​ដោ​យ​របប​យោធា​។ ក៏មាន​ផងដែរ​នូវ​ភស្តុតាង​បង្ហាញ​ពី​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ជាង​៥៤០​និង​១០​ករណី​ស្លាប់​នៅក្នុង​ពន្ធនាគារ​អំឡុងពេល​ស្ថិតក្រោម​ការឃុំខ្លួន ក៏ដូចជា​ការធ្វើ​ទារុណកម្ម​និង​ការឃុំខ្លួន​ដោយ​ខុសច្បាប់​៕ ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត