រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងដឹកនាំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនជាបន្ដបន្ទាប់ ដោយក្នុងនោះអ្នកដែលទទួលបានការចាក់មុនគេ គឺជាក្រុមមនុស្សអាទិភាព ដូចជាថ្នាក់ដឹកនាំ មន្ដ្រីក្នុងក្រសួងស្ថាប័ន កងកម្លាំងប្រដាប់អាវុធ គ្រូពេទ្យ និងអ្នកដែលប្រឈមហានិភ័យដទៃទៀត។ ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគឺមិនគិតប្រាក់ទេ ហើយឈរលើគោលការណ៍ស្ម័គ្រចិត្ដ។ ដោយសារតែបែបនេះ ទើបមានប្រជាពលរដ្ឋខ្លះមិនចង់ចាក់ដោយសម្អាងលើហេតុផលផ្សេងៗ។ ការមិនចង់ចាក់ឬគេចវេះមិនចាក់វ៉ាក់សាំងរបស់ពលរដ្ឋមួយចំនួននោះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលពន្យល់ថា ត្បិតការចាក់វ៉ាក់សាំងស្ថិតលើគោលការណ៍ស្មគ្រ័ចិត្ត តែនេះជាការរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាសុខភាពសាធារណៈ។ ម្យ៉ាងបើមិនចាក់នឹងប្រឈមហានិភ័យកាន់តែធ្ងន់ធ្ងរនៅពេលអនាគត តួយ៉ាងដូចជា អាចបាត់បង់ឱកាសការងារ រឺប្រឈមនឹងលក្ខខណ្ឌការធ្វើដំណើរ។ យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា កត្តាសុខភាពគឺជារឿងដែលត្រូវបានលើកលែង សម្រាប់បុគ្គលដែលមិនអាចទទួលយកការចាក់វ៉ាក់សាំង តែចាំបាច់ត្រូវមានការបញ្ជាក់ពីគ្រូពេទ្យផងដែរ។
តើហេតុអ្វីបានជាការចាក់វ៉ាក់សាំងប្រែក្លាយជាកាតព្វកិច្ចសម្រាប់ពលរដ្ឋគ្រប់រូប?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនតាមរយៈសារសំឡេងកាលពីថ្ងៃទី០៦មេសា លោកបានលើកឡើងថា បច្ចុប្បន្នការចាក់វ៉ាក់សាំងគឺធ្វើឡើងក្នុងលក្ខខណ្ឌស្ម័គ្រចិត្ដមែន ប៉ុន្ដែបន្ដិចទៀតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ច។ លោកថានៅថ្ងៃខាងមុខអ្នកដែលមិនបានចាក់វ៉ាក់សាំងនឹងប្រឈមការលំបាកជាច្រើន ដូចជានៅក្នុងការរកការងារធ្វើ ឬក៏ជួបបញ្ហាពេលធ្វើដំណើរទៅក្រៅប្រទេសជាដើម។ លោកនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះថា...
សំឡេងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន៖
ត្រង់ចំណុចនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហាញការយល់ឃើញដែរថា វ៉ាក់សាំងគឺចាក់ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ចន្លោះពេលជំងឺកូវីដ-១៩កំពុងវាយលុកទូទាំងពិភពលោករួមទាំងកម្ពុជា។ បើប្រជាពលរដ្ឋមិនចូលរួមសហការ ពិតជារឿងគួរឲ្យសោកស្ដាយបំផុត។ ដូច្នេះ បើសិនដាក់បញ្ចូលការចាក់វ៉ាក់សាំងជារឿងកាតព្វកិច្ចកាន់តែល្អ...
សំឡេងលោកពេជ្រ ស្រស់៖
ក្រៅពីលើកឡើងពីការចាក់វ៉ាក់សាំងកូវីដ-១៩នឹងក្លាយជាវ៉ាក់សាំងកាតព្វកិច្ចនៅថ្ងៃអនាគត លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនក៏មានប្រសាសន៍ពាក់ព័ន្ធនឹងបុគ្គលជាមន្ដ្រីរាជការផងដែរ។ ប្រមុខរាជរដ្ឋាភិបាលនិយាយចំៗ គឺនៅពេលណាមួយដែលគ្រប់ស្ថាប័នចាក់បានពី៧០ភាគរយឡើងទៅ មន្ដ្រីដែលគេចវេះមិនចាក់ប្រហែលមិនអាចចូលធ្វើការបាននោះទេ។ លោកបន្ថែមថា ប្រសិនបើគ្រាន់តែវ៉ាក់សាំងដើម្បីការពារជីវិតខ្លួនឯង និងចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ធ្វើមិនបានផង ចាំបាច់អ្វីដែលត្រូវធ្វើជាទាហាន ប៉ូលិស ឬជាមន្ដ្រីរាជការតទៅទៀត។ លោកសង្កត់ធ្ងន់ដូច្នេះ...
សំឡេងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន៖
ប៉ុន្ដែករណីដែលមន្ដ្រីរាជការគេចវេះមិនបានចាក់វ៉ាក់សាំង អាចនឹងប្រឈមការបាត់បង់ការងារ លោកស្រីចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញទស្សនៈថា បើសិនជាធ្វើអ្វីដែលខុសពីការណែនាំរបស់អង្គការសុខភាពពិភពលោកនឹងប៉ះពាល់ដល់សិទ្ធិសេរីភាពផ្សេងៗ។ ការដែលកំហិតឲ្យពលរដ្ឋត្រូវចាក់វ៉ាក់សាំង ដើម្បីដោះដូរនឹងការបានការងារធ្វើ ឬការអាចបន្ដការងារ វានឹងបង្កជាចំណោទបញ្ហា។
សំឡេងលោកស្រីចក់ សុភាព៖
លោកស្រីបន្ដថា ជាជាងការដាក់កំហិត រដ្ឋាភិបាលគួរតែធ្វើយ៉ាងម៉េចបង្កលក្ខណៈអំណោយផលដល់ពលរដ្ឋ ក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងបន្ដការលើកទឹកចិត្ដផងដែរ...
សំឡេងលោកស្រីចក់ សុភាព៖
ចំណែកលោកប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏យល់ឃើញមិនខុសពីលោកស្រី ចក់សុភាព។ អាជ្ញាធរពាក់ព័ន្ធគួរប្រើប្រាស់វិធីសាស្ដ្រក្នុងការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋឲ្យអស់ពីលទ្ធភាព ដើម្បីឲ្យពួកគាត់មកទទួលការចាក់វ៉ាក់សាំង។ ធ្វើបែបនេះបាន គឺល្អជាងការតម្រូវឬបង្ខំ។
សំឡេងលោកប៉ា ច័ន្ទរឿន៖
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក៏បញ្ជាក់ពីអ្វីដែលលោកបានលើកឡើង គឺមិនមែនជាការដាក់គំនាប ឬជាការរើសអើងរវាងអ្នកបានចាក់និងអ្នកមិនបានចាក់វ៉ាក់សាំងទេ។ អ្វីដែលសំខាន់គឺចង់សំដៅលើការចូលរួមចំណែកដើម្បីទប់ស្កាត់កូវីដ-១៩។ ម្យ៉ាងវិញទៀតការរួមចំណែកថែរក្សាសុខភាពសាធារណៈពិតជាសំខាន់។ សូមស្ដាប់ការពន្យល់របស់លោកនាយករដ្ឋមន្ដ្រី...
សំឡេងលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន៖
ការចូលរួមរបស់ពលរដ្ឋនៅក្នុងការចាក់វ៉ាក់សាំង ត្រូវបានលោកពេជ្រ ស្រស់បញ្ជាក់ដែរថា ពិតជារឿងចាំបាច់។ ជាការពិតដើម្បីសុខមាលភាពសង្គម និងដើម្បីថែរក្សាអាយុជីវិតរបស់ប្រជាពលរដ្ឋ ត្រូវតែចាក់វ៉ាក់សាំងទាំងអស់គ្នា ដូច្នេះត្រូវតែចូលរួមដើម្បីស្ដារស្ថានភាពក្នុងប្រទេសកម្ពុជាឡើងវិញ ហើយពលរដ្ឋកុំជឿតាមការឃោសនារបស់អ្នកដទៃ។ លោកពេជ្រ ស្រស់កត់សម្គាល់បែបនេះ...
សំឡេងលោកពេជ្រ ស្រស់៖
សូមជម្រាបជូនថា លោកនាយករដ្ឋមន្ដ្រីក៏បានលើកឡើងពីករណីលើកលែង ចំពោះអ្នកដែលមិនអាចចាក់វ៉ាក់សាំងបានផងដែរ។ នោះគឺត្រូវតែមានការបញ្ជាក់ពីគ្រូពេទ្យថាបុគ្គលនេះមិនអាចចាក់បាន ហើយដើម្បីចៀសវាងពីការស៊ុមគ្រលុំ មន្ដ្រីថ្នាក់ខេត្ដត្រូវមានការបញ្ជាក់ពីមន្ទីរសុខាភិបាលនៅថ្នាក់ខេត្ដ។ ចំណែកមន្ដ្រីនៅភ្នំពេញ ត្រូវមានការបញ្ជាក់ដូចគ្នាពីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ គឺបញ្ជាក់ជូនមន្ដ្រីរាជការស៊ីវិលនៅថ្នាក់ជាតិទាំងស្ថាប័ននីតិបញ្ញត្ដិ ស្ថាប័ននីតិប្រតិបត្ដិ និងស្ថាប័នធម្មនុញ្ញផ្សេងទៀត រួមទាំងក្រសួងព្រះបរមរាជវាំងផងដែរ។ ការចេញលិខិតបញ្ជាក់ក្រៅពីមន្ទីរសុខាភិបាលរាជធានី-ខេត្ដ មិនអាចទទួលស្គាល់បានឡើយ។
ជាការកត់សម្គាល់ បច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងប្រឈមយ៉ាងធ្ងន់ធ្ងរនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ គិតតាំងពីថ្ងៃទី២០កុម្ភៈរហូតមកដល់ពេលនេះ នៅមិនទាន់អាចទប់ស្កាត់ការឆ្លងរាតត្បាតបាននៅឡើយ ខុសពីការផ្ទុះករណីឆ្លងក្នុងសហគមន៍ពីរលើកកន្លងមក។ ការឆ្លងក្នុងសហគមន៍លើកទីបីហៅថាព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ បានឆក់យកអាយុជីវិតពលរដ្ឋជាង២០នាក់ទៅហើយ។ ដោយសារតែបែបនេះ ទើបរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ដើម្បីទប់ស្កាត់ រួមនឹងការអំពាវនាវឲ្យពលរដ្ឋស្ម័គ្រចិត្ដទៅចាក់កុំឲ្យយឺតពេល៕
ដោយ៖ពេញ ផេង