ក្រសួងការពារជាតិសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារទី០៦ ខែមេសានេះថា អាមេរិកបានជំរុញឲ្យប្រទេសរុស្ស៊ីបង្ហាញពីចេតនាក្នុងការបង្កើនកម្លាំងយោធានៅតាមបណ្តោយព្រំដែនភាគអាគ្នេយ៍អ៊ុយក្រែននិងនៅតំបន់គ្រីមេ។ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន(Pentagon)លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីមិនបានជូនដំណឹងពីសមយុទ្ធរបស់ខ្លួន នៅតាមព្រំដែនដូចអ្វីដែលគេធ្លាប់ធ្វើនោះទេ បែរជាបន្សល់ទុកនូវចេតនាមិនច្បាស់លាស់របស់ខ្លួនដែលនិងធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់។ លោក Kirby បន្តថា «យើងអំពាវនាវឱ្យប្រទេសរុស្ស៊ីបង្ហាញចេតនារបស់ពួកគេឱ្យបានកាន់តែច្បាស់អំពីអ្វីដែលគេកំពុងធ្វើ ជាមួយនឹងកងកម្លាំងពួកគេជាច្រើននៅតាមព្រំដែន»។ លោកបានបន្ថែមទៀតថា ភាគីទាំងអស់ចាំបាច់ត្រូវគោរពតាមកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍ឆ្នាំ២០១៤-២០១៥ ស្តីពីជម្លោះអ៊ុយក្រែនជាមួយក្រុមឧទ្ទាមដែលមានរុស្ស៊ីជាសម្ព័ន្ធមិត្ត និងដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសនិងប្រទេស។
សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភដ៏ធំបំផុតនៃការបង្កើននូវវត្តមានកងទ័ពរបស់រុស្ស៊ីនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែន និងនៅតំបន់គ្រីមេដែលជាទឹកដីអ៊ុយក្រែន ហើយរុស្ស៊ីបានចូលកាន់កាប់នៅឆ្នាំ២០១៤ ។ មានវីដេអូឯកសារជាច្រើននៅលើបណ្តាញសង្គម បង្ហាញពីចំនួនដ៏ច្រើននៃសព្វាវុទ្ធយោធានិងរថពាសដែករបស់រុស្ស៊ី ត្រូវបានដឹកជញ្ជូនចូលទៅក្នុងតំបន់ក្បែរព្រំដែននោះ។
គួរកត់សម្គាល់ថា កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកAntony Blinken បានបង្ហាញជំហរគាំទ្រអ៊ុយក្រែនចំពោះបូរណភាពទឹកដីអ៊ុយក្រែនដែលរុស្ស៊ីគឃ្លើនឈ្លានពាន។ ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី បានធ្លាក់ក្នុងជម្លោះចាប់តាំងពីរុស្ស៊ីដាក់តំបន់គ្រីមេឲ្យចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤។ ក្រៅពីនេះក៏មានភាពតានតឹងផ្ទុះឡើងជុំវិញការគាំទ្ររបស់រុស្ស៊ីចំពោះពួកបះបោរ ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់Donbassនៃប្រទេសអ៊ុយក្រែន ដែលទីក្រុងគៀវនិយាយថា បានសម្លាប់មនុស្សចំនួន១៤,០០០នាក់៕ បឿ សុភា