EU​គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​មី​យ៉ាន់​ម៉ា តែ​រុស្ស៊ី​ថា​នឹង​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​

07-04-2021 5:37 pm 1416

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​លោក​ហ្សង់ យូ​វ ឡេ ឌៀន (Jean-Yves Le Drian)​បានប្រកាសថា សហភាព​អឺរ៉ុប​(EU)​កំពុង​ត្រៀម​នឹង​បង្កើន​ការ ដាក់ទណ្ឌកម្ម​ទៅលើ​យោធា​មី​យ៉ាន់​ម៉ា ដោយ​ផ្តោត​ទៅលើ​ផលប្រយោជន៍​អាជីវកម្ម​របស់​យោធា​បន្ថែម​ទៀត​។ លោក Le Drian បាន​ប្រាប់​សមាជិកសភា​ថា​«​យើង​នឹង​បន្ថែម​ទណ្ឌកម្មសេដ្ឋកិច្ច​ដោយមាន​ប្រទេស​ចំនួន ២៧ ចូលរួម​(​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​).....​ប្រឆាំង​នឹង​សកម្មភាព​សេដ្ឋកិច្ច​ទាំងឡាយ​ណា ដែល​ជាប់​ទាក់ទង​ជាមួយ​យោធា​មី​យ៉ាន់​ម៉ា ហើយ​នឹង​ដាក់​ទណ្ឌកម្ម​ពួកគេ​ឱ្យ​បាន​យ៉ាង​ឆាប់រហ័ស​» ។​

​តែ​ប្រទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២១​ថា ការដាក់ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច​ទៅ​លើ​រប​ប​យោធា​មី​យ៉ាន់​ម៉ា គឺជា​ការប្រថុយប្រថាន​មួយ​ក្នុង​ការជំរុញ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល​នៅ​មី​យ៉ាន់​ម៉ា​។ រុស្ស៊ី​បន្តថា​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​យោធា​មី​យ៉ាន់​ម៉ា ជា​រឿង​គ្មាន​ប្រយោជន៍ និង​គ្រោះថ្នាក់​បំផុត​។ ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​«​តាមពិត​..​ស្ថានការណ៍​បែបនេះ​នឹង​នាំឱ្យ​ភាគី​ទាំងសងខាង​ប្រឆាំង​គ្នា​ទៅវិញទៅមក ហើយ​ទីបំផុត​ប្រជាជន​មី​យ៉ាន់​ម៉ា​ឯណោះ​ទេ ដែល​នឹង​ត្រូវ​ធ្លាក់​ចូល​ក្នុង​ជម្លោះ​ស៊ីវិល​» ។ នេះ​បើ​តាម​សារព័ត៌មាន​Reuter​ចេញផ្សាយ​នៅ​ថ្ងៃទី​៧ ខែ​មេសា នេះ​។​

​ប្រទេស​រុស្ស៊ី ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ជួប​មេដឹកនាំ​រដ្ឋប្រហារ​យោធា​លោក​ឧត្ដមសេនីយ៍ Min Alung Hlaing នៅ​រដ្ឋធានី​ណៃ​ពិដោ​កាលពី​ខែ​មុន​។ ការជួបគ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ ក្រោយ​រុស្ស៊ី​ទទួល​ការរិះគន់​ពី​សកម្មជន​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​ដែល​បាន​ចោទប្រកាន់​ទីក្រុង​មូ​ស្គូថា​បាន​គាំទ្រ​ដល់​ការធ្វើ​រដ្ឋប្រហារ​របស់​របប​យោធា​ដែល​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​លោកស្រី​អ៊ុង សាន​ស៊ូ​ជី​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ គឺជា​រឿង​ស្របច្បាប់​។​

​ផែនការ​បន្ថែម​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​ដោយ​សហភាព​អឺរ៉ុប​នេះ​មិនមែន​ជា​ទណ្ឌកម្ម​លើ​ក​ទី​១​ទេ​។ កន្លង​មក​បណ្តា​លោក​ខាងលិច​មាន​អាមេរិក អង់គ្លេស កាណាដា ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​មី​យ៉ាន់​ម៉ា​រួមមាន ការបង្ក​ក​ទ្រព្យសម្បត្តិ​មេដឹកនាំ​យោធា​ព្រមទាំង​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​ទៀត​សរុប​មាន​ចំនួន​៩​នាក់ ។ ជាមួយគ្នា​នោះ​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​យោធា និង​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​របស់​កូន​មេដឹកនាំ​យោធា​Min Aung Hlaing ក៏​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីខ្មៅ​។ រីឯ​ជប៉ុន​ក៏​សន្យាថា​នឹង​ផ្តាច់ជំនួយ​ដែល​ធ្លាប់​បញ្ជូន​មក​មី​យ៉ាន់​ម៉ា​ដែរ ប៉ុន្តែ​នៅ​រក្សា​ការធ្វើ​អាជីវកម្ម​ជាមួយ​គ្នា​ដដែល​។ មូលហេតុ​នៃ​ការដាក់ទណ្ឌកម្ម​នេះ ដោយសារតែ​មាន​ក្រុមអ្នកតវ៉ា​ជាច្រើន​រយ​នាក់​បាន​ស្លាប់ និង​រងរបួស ជាពិសេស​កាលពី​ថ្ងៃ​ទី​២៧ មេសា ជា​ថ្ងៃ​ដែល​យោធា​បានសម្លាប់​ក្រុមអ្នកតវ៉ា ប្រមាណ​១១៤ នាក់ ដែល​នេះ​ជា​ចំនួន ដ៏​ច្រើន​បំផុត​ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា​នេះ​។​

​គួរកត់សម្គាល់​ថា​សមា​គម​អ្នកទោសនយោបាយ (AAPP) បាន​និយាយថា​មនុស្ស​ប្រហែល ៥៧០ នាក់​រួម​ទាំង​កុមារ​រាប់សិប​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​យោធា និង​ប៉ូលិស​មី​យ៉ាន់​ម៉ា​នៅក្នុង​ការធ្វើ​បាតុកម្ម​ស្ទើរតែ​រាល់ថ្ងៃ ចាប់តាំងពី​មាន​រដ្ឋប្រហារ​យោធា ហើយ​មនុស្ស​ប្រមាណ ៣៥០០ នាក់​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ចាប់ឃុំខ្លួន ។ ប្រភព​រាយការណ៍​ក្នុងស្រុក​បាន​ឱ្យដឹងថា អាជ្ញាធរ​បាន​ចេញ​ដីកា​ចាប់ខ្លួន​តារា​បង្ហាញ​ម៉ូត​និង​អ្នក​មាន​ឥទ្ធិពល​ក្នុង​បណ្តាញ​អ៊ី​ន​ធឺ​ណេត​រាប់សិប​នាក់ នៅ​ថ្ងៃ​អង្គារ​ទី​៦ ខែ​មេសា​នេះ រួម​ជាមួយ​គ្នា​នោះ​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយ​និង​អ្នកកាសែត​ល្បីៗ​នៅ​ទីក្រុង​យ៉ាំងហ្គោនក៏​ត្រូវ​បានចា​ប់​ខ្លួន​ផង​ដែរ​៕ ដោយ​៖​បឿ សុភា​

 ពាក្យគន្លឹះ  EUមីយ៉ាន់ម៉ាទណ្ឌកម្ម

ព័ត៌មានផ្សេងទៀត