តៃវ៉ាន់​ប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់​ប្រសិនបើ​ចិន​បើក​ការវាយប្រហារ​

07-04-2021 3:41 pm 2857

​ថ្លែងប្រាប់​អ្នកកាសែត​នៅ​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួងការបរទេស​តៃវ៉ាន់​លោក​Joseph Wu​និយាយថា តៃវ៉ាន់​នឹង​ប្រយុទ្ធ​ដល់​ទីបញ្ចប់ ដើម្បី​ការពារ​ដែន​កោះ​មួយ​នេះ ប្រសិនបើ​ចិន​បើក​ការវាយប្រហារ​មកលើ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ណាមួយ​។ ឆ្លើយតប​នឹង​ការប្តេជ្ញាចិត្ត​នេះ លោក​Wu​បាន​និយាយថា តៃវ៉ាន់​នឹង​ធ្វើឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​សមត្ថភាព​យោធា​របស់ខ្លួន ដោយ​ចំណាយ​ថវិកា​កាន់តែច្រើន​លើ​វិស័យ​ការពារជាតិ​។  

​អាមេរិក​ដែលជា​អ្នកឃ្លាំមើល​ការវិវត្ត​នៅក្នុង​តំបន់​នេះ បាន​មើលឃើញ​យ៉ាងច្បាស់​ពី​គ្រោះថ្នាក់​នៃ​លទ្ធភាព​នៃ​ប្រទេស​ចិន ដែល​បើក​ការវាយប្រហារ​ប្រឆាំងនឹង​កោះ​តៃវ៉ាន់​។ ចិន​បាននិងកំពុង​តែ​បង្កើន​សម្ពាធ​យោធា​កាន់តែខ្លាំង​លើ​តៃវ៉ាន់ ទាំង​តាម​ផ្លូវទឹក​និង​ផ្លូវអាកាស តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​នៅក្បែរ​កោះ​តែ​វ៉ាន់ ដែល​ចិន​អះអាងថា​ដើម្បី​ការពារ​ធិបតេយ្យ​ភាព​ជាតិ​និង​សន្តិសុខ​។ នៅ​ថ្ងៃ​ចន្ទ​មន្ត្រី​កងទ័ពជើងទឹក​ចិន​និយាយថា នាវា​ផ្ទុក​យន្តហោះ​ខ្នាត​ធំ​របស់ខ្លួន​កំពុងតែ​ដឹកនាំ​ការធ្វើ​សមយុទ្ធ​នៅលើ​ដែនទឹក​ក្បែរ​កោះ​តៃវ៉ាន់ ហើយ​សមយុទ្ធ​នេះ​នឹង​ត្រូវបានធ្វើ​ជារឿយៗ​រហូត​ក្លាយជា​ទម្លាប់​។​

​ទីក្រុង​វ៉ាស៊ីនតោន​ដែលជា​អ្នកគាំទ្រ​និង​ផ្គត់ផ្គង់​អាវុធ​អន្តរជាតិ​ដ៏​សំខាន់បំផុត​របស់​តៃវ៉ាន់​បាននិងកំពុង​ជំរុញ​ក្រុង​តៃប៉ិ ធ្វើ​ទំនើបកម្ម​យោធា​របស់​ខ្លួនឲ្យបាន​ខ្លាំង​ក្លា ដែល​ចិន​ពិបាក​នៅក្នុង​ការវាយប្រហា​រ​។ អាមេរិក​បាន​និយាយ​ប្រៀបធៀប​ថា តៃវ៉ាន់​ត្រូវ​ប្រែខ្លួន​ឲ្យក្លាយ​ទៅជា​សត្វ​កាំ​ប្រម៉ា porcupines ដែល​ជាទូទៅ​តោ​មិន​ចូលចិត្ត​ស៊ី​វា​ឡើយ​។ តៃវ៉ាន់​ត្រូវ​បង្កើន​សមត្ថភាព​យោធា​ឲ្យ​កាន់តែ​រឹងមាំ បើ​មិន​ដូច្នេះ​ទេ កុំ​សង្ឃឹមថា​អាច​រារាំង​ឬ​យកឈ្នះ​ចិន ដែល​បាន​កសាង​យោធា​ដ៏​ធំ​មហិមារ អស់​រយៈពេល​៧០​ឆ្នាំ​មកហើយ​នោះ​។​

​តៃវ៉ាន់​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិន​ទាំងស្រុង ប៉ុន្តែ​ដែន​កោះ​មួយ​នេះ​បាន​បំបែក​ចេញពី​ប្រទេស​ចិន​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩​។ បើទោះជា​បែបនេះ​ក្តី ចិន​នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់ខ្លួន​និង​តែងតែ​ព្រមាន​ថា មិន​បោះចោល​ជម្រើស​យោធា​ប្រឆាំង​តៃវ៉ាន់​ឡើយ ប្រសិនបើ​ដែន​កោះ​ដែល​ចិន​ចាត់ទុក​ដូចជា​ខេត្ត​មួយ​របស់ខ្លួន នៅតែ​មានះ​រើ​បម្រាស​ចង់​ផ្តាច់ខ្លួន​ទៅជា​កោះ​ឯករាជ្យ​។ ផ្អែក​តាម​សកម្មភាព​របស់​ចិន មេបញ្ជាការ​កំពូល​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២១​ថា​ប្រទេស​ចិន​អាច​វាយលុក​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​២០២៧​ខាងមុខ ពោល ក្នុង​រយៈពេល​៦​ឆ្នាំ​ទៀត​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  តៃវ៉ាន់ចិន

ព័ត៌មានផ្សេងទៀត