​លោក​ផៃ ស៊ី​ផាន​ប្រតិកម្ម​សំណើរ​សង្គម​ស៊ីវិល​​រឿង​បំណុល​ពលរដ្ឋ​ជំពាក់​ធនាគារ​​

07-04-2021 11:56 am 2672


​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បាន​ប្រតិកម្ម​និង​ចោទ​ជា​សំណួរ​ទៅ​សង្គម​ស៊ីវិល​ជាង​១០០​វិញ ក្រោយពី​សង្គម​ស៊ីវិល​ទាំងនេះ បានស្នើ​សុំឱ្យ​រដ្ឋាភិបាល ដាក់ចេញ​វិធានការ​ណែនាំ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ផ្អាក​ការបង់​សង​ប្រាក់កម្ចី និង​ប្រាក់​បង្គរ​ទាំងអស់​រយៈ​ពេល​៣​ខែ​ដល់​កូន​បំណុល ខណៈ​លោក​កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បដិសេធ​ចំពោះ​ការស្នើសុំ​របស់​សង្គម​វិល​ទាំងនេះ​ផងដែរ​។

​ក្រុម​អង្គការ សមាគម មិនមែន​រដ្ឋាភិបាល​ចំនួន​១០៣​ស្ថាប័ន ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់ចេញ​ជា​វិធានការ​ណែនាំ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្អាក​ការបង់​សង​ប្រាក់កម្ចី និង​ការប្រាក់​បង្គរ​ទាំងអស់ សម្រាប់​រយៈពេល​យ៉ាងតិច ៣​ខែ ដើម្បី​ផ្ដល់ឱ្យ​អ្នក​ខ្ចីប្រាក់​នូវ​ឱកាស​ក្នុងការ​ស្នាក់នៅ​ផ្ទះ និង​រក្សា​សុវត្ថិភាព អំឡុងពេល​ផ្ទុះឡើង​នៃ​វីរុស​កូវី​ដ​-១៩ ដែល​ពួកគេ​មិនគួរ​ត្រូវ​ភ័យខ្លាច​ក្នុង​ការបាត់បង់​ដីធ្លី ឬ​ផ្ទះសម្បែង ប្រសិនបើ​ពួកគេ​គ្មាន​លទ្ធភាព​សង​ប្រាក់​វិញ​ទេនោះ​។ ការស្នើសុំ​ដូច្នេះ ដោយសារតែ​កូនបំណុល​ដែល​ក្នុងនោះ​មាន​នៅក្នុង​វិស័យ​កាត់ដេរ ទេសចរណ៍ សេវា​កំសាន្ត សំណង់ ពលករ​នៃ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អាជីវករ​ជាដើម កំពុង​ប្រឈម​នូវ​បញ្ហា​រក​ប្រាក់ចំណូល ដោយសារតែ​ឥទ្ធិពល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​ស្នើសុំ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ នឹង​ចោទ​ជា​សំណួរ​ទៅវិញ​ថា តើ​ចង់ឱ្យ​កម្ពុជា​គ្រប់គ្រង​ប្រព័ន្ធ​សេដ្ឋកិច្ច​ដោយ​មូល​ធន់​និយម ឬ​ទីផ្សារសេរី​? លោក​ផៃ ស៊ី​ផាន បាន​ចោទសួរ​បន្ថែមទៀតថា ឬមួយ​ចង់ឱ្យ​រដ្ឋាភិបាល​ក្លាយទៅជា​រដ្ឋាភិបាល​កុម្ម​នី​ស​? បើតាម​លោក​ផៃ ស៊ី​ផាន បញ្ហា​នេះ​យើង​មិនអាច​លូកលាន់​និង​ធ្វើ​កិច្ច​អន្តរាគមន៍​ឡើយ​…

សំឡេង​លោក​ផៃ ស៊ី​ផាន​៖

​ដោយឡែក​លោក​កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ថ្លែងថា​សំណើរ​ដែល​ខាង​សង្គម​ស៊ីវិល​ស្នើឱ្យ​មាន​ការផ្អាក​ការបង់ប្រាក់​៣​ខែ មិនមែនជា​វិធី​ដោះស្រាយ​បញ្ហា​បាន​នោះទេ​។ លោក​ថា ការធ្វើ​បែបនេះ​នឹង​បង្ក​ផលប៉ះពាល់​ទៅដល់​វិស័យ​ហិរញ្ញវត្ថុ​ទៅវិញ​ទេ​។ បើតាម​លោក​កាំ​ង តុង​ងី វិស័យ​ហិរញ្ញវត្ថុ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​វិស័យសេដ្ឋកិច្ច ប្រសិនបើ​យើង​ធ្វើ​អ្វី​ដោយ​មិន​ប្រុងប្រយ័ត្ន​ទៅលើ​វិស័យនេះ​ទេ នោះ​វា​នឹងមាន​ហានិភ័យ​ខ្ពស់​ណាស់​ក្នុង​ការបង្ករ​ឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​……

​សំឡេង​លោក​កាំ​ង តុង​ងី​៖

​យ៉ាងណាមិញ​បើ​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​កំរាស់​៦​ទំព័រ ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏បាន​ទទួលស្គាល់​នូវ​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​កន្ល​ង​មក ដែល​បានធ្វើ​កិច្ច​អន្តរាគមន៍​ផ្តល់​សាច់ប្រាក់​ដល់​ជនក្រីក្រ កម្មករ​កម្មការិនី​មួយ​ចំនួន ដោយ​គោលនយោបាយ​នេះ អាចជួយ​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ដ៏​អាក្រក់​អំឡុងពេល​នៃ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​គោលនយោបាយ​របស់​រដ្ឋាភិបាល​ទាំង​នេះទេ ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​នៃ​ការរីក​រាលដាល​ជា​សកល​នេះ នឹង​កាន់​តែមាន​ស្ថានភាព​អាក្រក់​ខ្លាំង​ជាង​នេះ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ កន្លងមក​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ក៏បាន​ចាត់វិធានការ ស្របតាម​ការអំពាវនាវ​របស់​រដ្ឋាភិបាល ក៏ដូចជា​ធនាគារជាតិ​កម្ពុជា ដោយមាន​ការសម្របសម្រួល​ជាមួយនឹង​កូនបំណុល តាមរយៈ​យន្តការ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​។ ឥណទាន​រាប់សិប​ម៉ឺន ត្រូវបាន​រៀបចំ​ឡើងវិញ​តាម​ការស្នើសុំ​ពី​អតិថិជន​។ ក្រៅពីនេះ​ប្រតិប្តតិក​រវិស័យ​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ក៏បាន​ត្អូញត្អែ​រដែរ ពី​ផលប៉ះពាល់​ដូចៗ​គ្នា​ពី​វិបត្តិកូ​វីដ​-១៩ ខណៈ​វិស័យនេះ គឺជា​ស​សៃ​ឈាមដ៏​សំខាន់​មួយនៃ​សេដ្ឋកិច្ច​។​

​ក៏ប៉ុន្តែ​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើលឃើញថា ការរៀបចំ​ឥណទាន​ឡើងវិញ​នេះ មិន​គ្រប់គ្រាន់​ទេ ដើម្បី​ដោះស្រាយ​ជាមួយនឹង​ទំហំ​នៃ​វិបត្តិ​នៅពេលនេះ ដោយសារតែ​ការស្នើ​របស់​រដ្ឋាភិបាល​ចំពោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ មិនមាន​ការ​កំណត់ឱ្យ​បាន​ច្បាស់លាស់​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​កត់សម្គាល់ថា សម្រាប់​កម្ចី​ឥណទាន​ខ្នាតតូច​មួយចំនួន គឺ​មានការ​កំណត់ត្រា​ប្រាក់ចំណេញ​ខ្ពស់ ខណៈ​ចំណូល​ក្នុង​គ្រួសារ​បន្ត​ធ្លាក់ចុះ ហើយ​បន្ទុក​បំណុល​កាន់តែ​ធំ​សម្រាប់​អ្នក​ខ្ចីប្រាក់ បន្ទាប់ពី​បញ្ចប់​ការរៀបចំ​ឥណទាន​ឡើងវិញ​៕ (សេង បារាំង)

ព័ត៌មានផ្សេងទៀត