កូវី​ដ​-១៩៖ មាន​អ្នក​ឆ្លង​ថ្មី​៩១​នាក់ និង​អ្នក​ជាសះស្បើយ​៣០​នាក់​ទៀត​

07-04-2021 11:08 am 219

​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ចំនួន​៩១​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ក្នុងនោះ​មាន​១​នាក់​ជា​អ្នកដំណើរ​ជនជាតិ​ឥណ្ឌូនេស៊ី​១ និង​៩០​នាក់​ទៀត​ជា​អ្នក​ឆ្លង​ក្នុងករណី​សហគមន៍​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០​កុម្ភៈ ។ អ្នក​ឆ្លងកូវី​ដ​-១៩​ក្នុង​សហគមន៍​ទាំង​៩០​នាក់​នេះ​សុទ្ធសឹងតែ​ជា​ជនជាតិ​ខ្មែរ​ទាំងអស់​។ 

​របាយការណ៍​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​០៧ ខែ​មេសា​នេះ​បញ្ជាក់ថា ករណី​ឆ្លង​ក្នុង​សហគមន៍​ទាំង​៩០​នាក់​នេះ រកឃើញ​នៅ​រាជធានី​ភ្នំពេញ​៧៨​នាក់ ខេត្តតាកែវ​៤​នាក់ ស្វាយរៀង​៣​នាក់ ត្បូងឃ្មុំ​១​នាក់ កំពង់ចាម​១​នាក់ ព្រៃវែង​១​នាក់ ពោធិ៍សាត់​១​នាក់ និង​ប៉ៃលិន​១​នាក់​។​

​ជា​ការកត់សម្គាល់ ក្នុងចំណោម​ករណី​ឆ្លង​សហគមន៍​ទាំងអស់​នៅថ្ងៃនេះ គឺ​សុទ្ធសឹងតែ​ជា​ជនជាតិ​ខ្មែរ ក្នុងនោះ រាជធានី​ភ្នំពេញ​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​ច្រើនជាងគេ ដោយ​មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​៧៨​នាក់​។ ជាមួយគ្នានេះ ខេត្ត​តាកែវ​បាន​ហក់​មក​ឈរ​នៅ​លំដាប់​ទី​២​ដែល​មាន​អ្នក​ឆ្លង​ច្រើនជាងគេ​សម្រាប់​ថ្ងៃ​នេះ​បន្ទាប់​ពី​ភ្នំពេញ ដោយ​ខេត្ត​នេះ​មាន​អ្នក​ឆ្លង​ថ្មី​៤​នាក់ ចំណែក​ឯ​ខេត្ត​ស្វាយរៀង​បាន​បន្ត​ថមថយ​ករណី​ឆ្លង​ថ្មីៗ​ដោយ​មាន​តែ​៣​ករណី​ប៉ុណ្ណោះ​។ ចំណែក​ឯ​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ បានបង្ហាញ​សញ្ញា​ឡើងវិញ​ហើយ ដោយ​គ្មាន​អ្នក​ឆ្លង​សូម្បី​តែ​១​នាក់​នៅ​ថ្ងៃនេះ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ក្នុង​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​។​

​ដោយឡែក​សម្រាប់​អ្នក​ជាសះស្បើយ​វិញ នៅ​ថ្ងៃនេះ​មាន​៣០​នាក់ ដែល​រួមមាន អ្នកជំងឺ​ជា​អ្នកដំណើរ​ចូលមក​កម្ពុជា​១​នាក់ និង​២៩​នាក់​ជា​អ្នកជំងឺ​ក្នុងករណី​ឆ្លង​សហគមន៍​។ ប្រការ​នេះ​ធ្វើឲ្យ​ចំនួន​អ្នកជំងឺ​កំពុង​ព្យាបា​លមាន​១,០៦៤​នាក់ និង​អ្នក​ជាសះស្បើយ​សរុប​ឡើងដល់​១,៨២៤​នាក់​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​០៧ ខែ​មេសា​នេះ កម្ពុជា​មាន​អ្នក​ឆ្លងកូវី​ដ​-១៩​សរុប​ឡើងដល់​២,៩១៥​នាក់​, អ្នក​ឆ្លង​ក្នុង​សហគមន៍​កើន​ដល់​២,៣៨៣​នាក់ និង​អ្នកស្លាប់​មាន​២២​នាក់​ដដែល​៕ 

​ដោយ​៖ យឺន សីហា​​

ព័ត៌មានផ្សេងទៀត