បិទ​ការធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​១២​យប់​នេះ​ទៅ​

06-04-2021 8:23 pm 6958

​រដ្ឋាភិបាល​បាន​សម្រេច​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ និង​ចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្ដោះអាសន្ន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​០៧ ខែ​មេសា​នេះ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២១​។ តែ​ដោយឡែក​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល ត្រូវបាន​ចាត់ទុក​ជា​តំបន់​តែមួយ គឺ​មិន​ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញ​-​ចូល​ឡើយ​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​របស់​រដ្ឋាភិបាល ស្ដី​ពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន​នៅ​យប់​ថ្ងៃ​ទី​០៦ ខែ​មេសា​នេះ​។​

​គួរបញ្ជាក់​ថា ការសម្រេច​ហាមឃាត់​ការធ្វើ​ការធ្វើ​ដំណើរ​ឆ្លង​កាត់ចេញ និង​ចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​នេះ គោលបំណង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩​ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ​ទៅ​ភូមិសាស្ត្រ​មួយទៀត ពិសេស​គឺ​ទប់ស្កាត់​ការឆ្លង​រាលដាល​ករណី​ឆ្លងកូវី​ដ​-១៩​ក្នុង​សហគមន៍​។

យ៉ាងណាមិញ សម្រាប់​ការហាមឃាត់​ការធ្វើដំណើរ​ខាងលើ ត្រូវបាន​លើកលែង​ចំពោះ​ករណី​ដូចជា​៖
-​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
-​ការធ្វើដំណើរ​របស់​មន្ត្រីរាជការ​សាធារណៈ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដោយ​ត្រូវ​បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​ប័ណ្ណ​សម្គាល់​ការងារ​របស់​ខ្លួន ឯកសារ​បេសកកម្ម និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​
-​ការធ្វើដំណើរ​របស់​ក​ង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន ដោយ​រួមទាំង​ការដឹកជញ្ជូន​ពលករ​ដែល​ធ្វើ​ដំណើរ​វិលត្រឡប់​ពី​ក្រៅ​ប្រទេស ចូលមក​កម្ពុជា​ទៅកាន់​ស្រុកកំណើត​ក្នុង​គោលបំណង​ដើម្បី​ធ្វើ​ចត្តា​ឡី​ស័ក​
-​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​
-​រថយន្ត​ពន្លត់​អគ្គីភ័យ​
-​រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​
-​ការដឹកជញ្ជូន​កម្មក​រ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវ​មាន​ប័ណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាក​វិជ្ជាជីវៈ​
-​ការធ្វើដំណើរ​របស់​ព​ល​រដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត ដើម្បី​ទទួលបាន​សេវា​សុខា​ភាពចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស​មិនឲ្យ​លើស​ពី​៤​នាក់ សម្រាប់​ករណី​នីមួយៗ និង​ការធ្វើដំណើរ​ដោយ​មូលហេតុ​ចាំបាច់​ផ្សេង​ទៀត​ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕

​ដោយ​៖ យឺន សីហា​

 

ព័ត៌មានផ្សេងទៀត