ប៉ុន្មានខែថ្មីៗនេះ ចិនបានបង្កើនសកម្មភាពយោធាក្បែរៗកោះតៃវ៉ាន់ ជាដែនកោះចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន។ ចិនបានប្រកាសក្ដែងៗថា សកម្មភាពធ្វើសមយុទ្ធនៅក្បែរដែនកោះនេះនឹងត្រូវធ្វើឡើងជាទៀងទាត់រហូតក្លាយជាប្រពៃណី ក្រោមហេតុផលការពារអធិបតេយ្យភាពជាតិ។ ជាការកត់សម្គាល់ ចិនកំពុងតែអនុវត្តសកម្មភាពស្របទៅតាមមហិច្ចតារបស់ខ្លួន ដោយបង្កើនការធ្វើសមយុទ្ធយោធាមានការចូលរួមពីកងនាវាចរខ្នាតធំថែមទៀត។ តើនេះអាចជាសេណារីយ៉ូចង់ក្ដោបក្ដាប់យកតៃវ៉ាន់ទាំងស្រុងឬយ៉ាងណា?
កងនាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន ដឹកនាំដោយនាវាឈ្មោះLiaoning កំពុងតែធ្វើសមយុទ្ធនៅក្បែរកោះតៃវ៉ាន់។ បើតាមការបញ្ជាក់ពីមន្ត្រីកងទ័ពជើងទឹកចិននៅថ្ងៃទី៥ខែមេសាឆ្នាំ២០២១នេះបានឲ្យដឹងថា ចិននឹងបន្តដឹកនាំការធ្វើសមយុទ្ធស្រដៀងគ្នាជាទៀងទាត់នៅក្បែរដែនកោះតៃវ៉ាន់រហូតក្លាយជាទម្លាប់។ គោលបំណង គឺដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការការពារសុវត្ថិភាព ផលប្រយោជន៍ និងការពារអធិបតេយ្យភាពជាតិ។
មែនទែនទៅសកម្មភាពធ្វើសមយុទ្ធរបស់ចិននៅក្បែរកោះតៃវ៉ាន់មិនមែនជារឿងថ្មីនោះទេ ដ្បិតចិនបានអនុវត្ដបែបនេះរាប់សិបលើកមកហើយ។ ប៉ុន្ដែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង គឺការបង្កើនទំហំសមយុទ្ធកាន់តែធំឡើងៗ។ បើតាមក្រសួងការពារជាតិជប៉ុនបញ្ជាក់កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន នាវាផ្ទុកយន្ដហោះចម្បាំងLiaoningរបស់ចិន អមដំណើរដោយនាវាចម្បាំង៥គ្រឿង ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រMiyako ស្ថិតនៅលើផ្លូវទឹកឆ្ពោះទៅប៉ាស៊ីហ្វិក។ សារព័ត៌មានរដ្ឋចិនក៏បានឲ្យដឹងដែរថា នាវាពិឃាតថ្មីដ៏មានសក្តានុពលឈ្មោះNanchang ដែលបានបញ្ចេញមកធ្វើសកម្មភាពកាលពីឆ្នាំ២០២០ ក៏ចូលរួមជាផ្នែកមួយនៃក្រុមដឹកនាំការធ្វើសមយុទ្ធលើកនេះដែរ។ បើតាមកងទ័ពរំដោះប្រជាជនចិន(PLA) នាវាNanchangនឹងធ្វើបេសកកម្មរួមជាមួយនាវាផ្ទុកយន្តហោះធំៗ ជាផ្នែកនៃក្បួនធ្វើសឹកសង្គ្រាម។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកក្នុងរដ្ឋបាលរបស់លោកដូណាល់ ត្រាំធ្លាប់និយាយថា ចិនបាននិងកំពុងបង្កើតកងនាវាចរដ៏ធំមួយ។ ជាកងនាវាចរខ្នាតយក្សដែលប្រហែលជាមិនធ្លាប់ឃើញឡើយ ចាប់តាំងពីការប៉ុនប៉ងរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រកួតប្រជែងជាមួយកងទ័ពជើងទឹកអង់គ្លេស មុនសង្គ្រាមលោកលើកទី១។ កងនាវាចរដ៏ធំរបស់ចិននេះ ក៏ទំនងបង្កើតឡើងដើម្បីប្រើប្រាស់សម្រាប់ដឹកនាំកងទ័ពបោះពួយទៅកាន់ដែនកោះតៃវ៉ាន់នៅពេលចាំបាច់ណាមួយផងដែរ។
តើនេះជាសេណារីយ៉ូរបស់ចិនក្នុងការវាយសង្គ្រប់យកកោះតៃវ៉ាន់?
តៃវ៉ាន់ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនទាំងស្រុង ប៉ុន្តែដែនកោះមួយនេះបានបែកចេញពីប្រទេសចិននៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩។ បើទោះជាបែបនេះក្តី ចិននៅតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួនដដែល និងតែងព្រមានថា ជម្រើសយោធាប្រឆាំងតៃវ៉ាន់នៅតែចាំបាច់ ប្រសិនតៃវ៉ាន់ចង់ផ្ដាច់ខ្លួន។ ចិនបានគំរាមទៅប្រទេសជាច្រើនឲ្យផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ព្រោះមិនអាចឡើយនៅបន្ដចំណងមិត្ដភាពជាមួយតៃវ៉ាន់ ហើយងាកទៅចាប់ដៃជាមួយចិនក្នុងពេលតែមួយ។ ដោយសារសម្ពាធរបស់ចិនដាក់លើបរទេស បច្ចុប្បន្នតៃវ៉ាន់នៅសល់រដ្ឋតែជាង១០ប៉ុណ្ណោះ ដែលបន្ដទំនាក់ទំនងការទូតផ្លូវការជាមួយ ខណៈប្រទេសផ្សេងងាកទៅរកចិនអស់ហើយ ព្រោះមិនចង់ខាតប្រយោជន៍។
ចិនបានបញ្ជាក់ច្បាស់ៗថា បរទេសទាំងអស់ត្រូវតែគោរពតាមគោលការណ៍ចិនតែមួយ គឺចំណងការទូតផ្លូវការមានតែជាមួយប្រទេសចិនប៉ុណ្ណោះ។ ត្រង់ចំណុចនេះហើយដែលចិនតែងប្រឈមមុខជាមួយអាមេរិក ដោយហេតុអាមេរិកនៅតែបន្ដចង់បង្កើតចំណងមិត្ដភាពល្អូកល្អិននឹងតៃវ៉ាន់ ទោះអាមេរិកបានផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ងាកទៅរកចិនតាំងពីឆ្នាំ១៩៧៩មកក្ដី។
សរុបមក អ្វីដែលចិនបាននិងកំពុងធ្វើនៅដែនសមុទ្រក្បែរកោះតៃវ៉ាន់ មិនអាចប្រកែកបានឡើយ ពិតជាសេណារីយ៉ូមួយដែលចិនត្រៀមទប់ទល់តៃវ៉ាន់។ ចង់ឈ្លានពានលើតៃវ៉ាន់មិនងាយស្រួលនោះទេ មិនថាចិនមានវិស័យយោធាឈានមុខតៃវ៉ាន់ក៏ដោយ ដោយសារតែទីតាំងរវាងសត្រូវជាតិសាសន៍តែមួយនេះ ត្រូវបានខណ្ឌចែកដោយព្រំដែនទឹក ពោលគឺត្រូវឆ្លងសមុទ្រចម្ងាយ១៦០គីឡូម៉ែត្រទើបដល់តៃវ៉ាន់។ ចិនដើម្បីអាចឈរជើងមាំក្បែរតៃវ៉ាន់ មានតែខំប្រឹងពង្រឹងទ័ពជើងទឹកនិងជើងអាកាស ហើយចិនអាចប្រើព្រឹត្តិការណ៍នៃការធ្វើសមយុទ្ធយោ ជាមធ្យោបាយដើម្បីបញ្ជូនទ័ពទៅក្បែរៗកោះតៃវ៉ាន់បន្តិចម្តងៗ។ ផ្អែកតាមសកម្មភាពរបស់ចិន មេបញ្ជាការកំពូលអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ថា ប្រទេសចិនអាចវាយលុកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ខាងមុខ គឺក្នុងរយៈពេល៦ឆ្នាំទៀតប៉ុណ្ណោះ។
យ៉ាងណាមិញការវាយលុកក្នុងរយៈពេល៦ឆ្នាំទៀតឬយ៉ាងណាគ្រាន់ជាការសន្និដ្ឋាន មិនអាចចាត់ទុកថាពិតជាកើតឡើងទាំងស្រុងបានឡើយ។ តែអ្វីដែលពិតគឺចិនកំពុងព្យាយាមហ៊ុំព័ទ្ទតៃវ៉ាន់ឲ្យស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដូចដែលចិនប្រើពាក្យថាត្រូវបង្រួបបង្រួមដែនដីតែមួយ។ បន្ដិចម្ដងៗ ចិនបាននិងកំពុងប្រើគ្រប់មធ្យោបាយដើម្បីទាញយកតៃវ៉ាន់មកវិញ។ ប្រធានាធិបតីចិនលោកស៊ី ជីនពីងធ្លាប់បោះដៃរួចមកហើយ គឺប្រកាសបង្រួបបង្រួមជាមួយតៃវ៉ាន់ មិនថាប្រើគោលការណ៍ប្រទេសមួយប្រព័ន្ធពីរដូចហុងកុងក៏បានឲ្យតែតៃវ៉ាន់ព្រម។ ប៉ុន្ដែសំណើនេះត្រូវបានប្រធានាធិបតីតៃវ៉ាន់លោកស្រីត្សៃ អ៊ីងវិនបដិសេធ។ បើបង្រួបបង្រួមដោយសន្ដិវិធីមិនបាន ហើយតៃវ៉ាន់នៅតែរឹងទទឹងទៀតនោះ ជម្រើសយោធាអាចជាជម្រើសចុងក្រោយ។ ដូច្នេះ ចិនមិនអាចបោះបង់ចោលយុទ្ធសាស្ដ្រយោធាបានទេ ហើយចិននឹងប្រើវានៅពេលកាលៈទេសៈបង្ខំ៕
ដោយ៖ពេញ ផេង