ចិន​ដាស់តឿន​ជប៉ុន​ឱ្យ​ប្រយ័ត្ន​ជាមួយ​អាមេរិក​មុន​កិច្ចប្រជុំ​កំពូល​មកដល់​

06-04-2021 6:15 pm 578

ចិន​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស បាន​ដាស់តឿន​ជប៉ុន​ឱ្យ​មាន​ការប្រុងប្រយ័ត្ន នៅ​ក្នុង​ការសហការ​ធ្វើ​ការងារ​ជាមួយ​អាមេរិក នៅ​មុន​មាន​កិច្ចប្រជុំ​កំពូល​រវាង​អាមេរិក​-​ជប៉ុន​នៅ​សប្តាហ៍​ក្រោយ​។ កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​សំខាន់ គឺ​និយាយ​អំពី​ចិន ដែល​ជា​ប្រទេស​មហាអំណាច​ទី​ពីរ​លើ​លោក​។ រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង​យី​(Wang Yi)​បាន​ប្រាប់​សម​ភាគី​ជប៉ុន តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៥ ខែ​មេសា ថា​ប្រទេស​ទាំង​ពីរ​(​អាមេរិក​-​ជប៉ុន​)​គួរតែ​ធានា​ឱ្យ​ប្រាកដ​ថា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ មិនត្រូវ​មាន​នរណា​ម្នាក់​តាំងខ្លួន​ចូលក្នុង​ផ្នែក​ណាមួយ ដែលនាំឱ្យ​មាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​ប្រទេស​ធំៗ​ឡើយ​។ 

​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា​« ចិន​សង្ឃឹម​ថា​ជប៉ុន​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ គួរតែ​ពិនិត្យ​មើល​ការអភិវឌ្ឍ​របស់​ចិន ដែល​នេះ ជា​វិធី​ដ៏​សម​ហេតុផល​ជំនួស​ឱ្យ​ការបំភាន់ ដោយ​ប្រទេស​មួយចំនួន​ដែល​កំពុង​មាន​ទស្សនៈ​មិនល្អ​លំអៀង​ប្រឆាំង​នឹង​ចិន​» ។​

​ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន Toshimitsu Motegi បាន​លើកឡើង​ថា​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​ស៊ីន​ជាំ​ង​របស់​ប្រទេស​ចិន​និង​ហុងកុង ជា​បញ្ហា​សំខាន់​ទាំង​ពីរ​សម្រាប់​លោកចូ បាយដិន​ប្រធានាធិបតី​អាមេរិក​។ លោក​ក៏​បាន​រំលឹក​ឡើងវិញ នូវ​ការតវ៉ា​របស់​ជប៉ុន​ប្រឆាំង​នឹង​វត្តមាន​របស់​ចិន នៅលើ​ដែនទឹក​នៅ​ជុំវិញ​ប្រជុំ​កោះ ដែល​គ្មាន​មនុស្ស​រស់​នៅ​និង​គ្រប់គ្រង​ដោយ​ជប៉ុន ហើយ​ចិន​តែងតែ​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងកើត​។ សេចក្តីថ្លែងការណ៍​ចិន​ដដែល​បាន​និយាយថា លោក​វ៉ាង​យី​បាន​ព្រមាន​ប្រឆាំងនឹង​ការ​លូក​ដៃ​របស់​ជប៉ុន​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន លើ​រឿង​សិទ្ធមនុស្ស​នៃ​ជនជាតិ​អ៊ុយ​ហ្គួ​រ​នៅ​ស៊ីន​ជាំ​ង​និង​សេរីភាព​នៅ​ហុងកុង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក​Yoshihide Suga គ្រោង​នឹង​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ជួប​ពិភាក្សា​ទល់មុខ​គ្នា ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ចូប បាយដិន​នៅ​ថ្ងៃ​ទី ១៦ ខែ​មេសា​ឆ្នាំ​២០២១​។ កិច្ចប្រជុំ​កំពូល​នេះ នឹង​ក្លាយជា​ជំនួប​ដ៏​ពិសេស​មួយ រវាង​មេ​ដឹង​នាំ​ទាំង​ពីរ​អាមេរិក​-​ជប៉ុន ដែល​លោក​បាយដិ​ននឹង​ក្លាយទៅជា​ម្ចាស់ផ្ទះ​លើកដំបូង ចាប់តាំងពី​ចូលកាន់​តំណែង​កាលពី​ខែ​មករា​ឆ្នាំ​២០២១៕ ដោយ​៖ បឿ សុភា 

 ពាក្យគន្លឹះ  ចិន​ជប៉ុនអាមេរិក​

ព័ត៌មានផ្សេងទៀត