អាមេរិក​និង​អ៊ីរ៉ង់​ចាប់ផ្តើម​ការ​ពិភាក្សាដោយ​ប្រយោល​ដើម្បី​សង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​រ​

06-04-2021 5:25 pm 190

​មន្ត្រី​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សា​ដោយ​ប្រយោល នៅ​ទីក្រុង​វី​យែនប្រទេស​អូទ្រី​សនៅ​ថ្ងៃ​អង្គារ ក្នុង​គោលបំណង​នាំ​ប្រទេស​ទាំងពីរ ឲ្យមក​អនុលោមតាម​កិច្ចព្រមព្រៀ​ង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​៣​ឆ្នាំមុន​។ មន្ត្រី​មកពី​អង់គ្លេស បារាំង​និង​អាល្លឺម៉ង់​រំពឹងថា​នឹង​ដើរតួ​ជា​អន្តរការី ខណៈ​រុស្ស៊ី​និង​ចិន​ដែលជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែរនោះ​ក៏​នឹងចូលរួម​ដែរ​។ ប៉ុន្តែ​បារាំង​នឹង​ក្លាយជា​អ្នកសម្របសម្រួល​ដ៏​សំខាន់​សម្រាប់​ភាគី​ទាំងពីរ​អាមេរិក​-​អ៊ីរ៉ង់​។​

​នៅក្នុង​ជំនួប​ប្រយោល​លើកដំបូង​ចាប់តាំងពី​បែកបាក់​គ្នា ទាំង​អាមេរិក​និង​អ៊ីរ៉ង់​មិន​រំពឹង​ទទួលបាន​លទ្ធផល​ដុំកំភួន​អ្វី​ទេ​។ អ៊ីរ៉ង់​ថា​មិនមាន​សុទិដ្ឋិនិយម​និង​ទុទិដ្ឋិនិយម អំពី លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ទេ ប៉ុន្តែ​មាន​ទំនុកចិត្ត​ថា​កំពុង​ដើរ​លើ​ផ្លូវត្រូវ ហើយ​ប្រសិនជា​ភាពស្មោះត្រង់​របស់​អាមេរិក​ត្រូវបាន​បង្ហាញ​នោះ អាចជា​សញ្ញា​ល្អ​សម្រាប់​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​កិច្ចព្រមព្រៀង​នេះ​។​

​គួរ​ជម្រាបជូន​ថា ក្រោយ​សង្ស័យថា​អ៊ីរ៉ង់​សំងំ​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក​និង​អង្គការសហប្រជាជាតិ បាន​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១០​។ បន្ទាប់មក​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ត្រូវបាន​ចងក្រង​ឡើង រវាងអ៊ីរ៉ង់និង​ប្រទេសមហាអំណាច៥+១រួមមាន​អង់គ្លេស អាមេរិក បារាំង ចិន រុស្ស៊ីសុទ្ធតែជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ+​អាល្លឺម៉ង់ និងសហភាពអឺរ៉ុបដើម្បី​គៀង​អ៊ីរ៉ង់​ឲ្យ​ដើ​រចូលក្នុង​គន្លង​ដ៏​ត្រឹមត្រូវ ចៀសវាង​ការងា​ក​ទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ ជា​ថ្នូរ​នឹង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ កិច្ចព្រមព្រៀង​នេះ​ការពារ ធ្វើយ៉ាងណា​កុំឲ្យ​អ៊ីរ៉ង់​បង្កើន​សារធាតុ​អ៊ុយរ៉ា​ញ៉ូម​លើស​កម្រិត​រហូតដល់​៩០​ភាគរយ​នោះ គឺអាច​យកទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ហើយ​។ 

​តែ​ដំណើការ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​មិន​ប្រព្រឹត្តទៅ​ដោយ​រលូន​ទេ ដោយ​អ៊ីរ៉ង់​តែងតែ​រង​នូវ​ការស្តីបន្ទោស​ថា មិនបាន​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង បើទោះបីជា​អ៊ីរ៉ង់​បាន​បដិសេធ​ក៏ដោយ​។ រហូត​ឆ្នាំ​២០១៨​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​យ៉ាង​ពេញទំហឹង ហើយ​ទណ្ឌកម្ម​នៅតែមាន​សុពលភាព​មកទល់​បច្ចុប្បន្ន​។ ចាប់តាំងពី​ពេល​នោះមក អ៊ីរ៉ង់​ប្រកាស​ដោយ​ចំហ ពី​ការបំពាន​ខ្លឹមសារ​ក្នុង​កិច្ចព្រមព្រៀង​នេះ ដើម្បី​ទាមទារ​ឲ្យ​ដក​ទណ្ឌកម្ម​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ធ្លាក់ចុះ​៕

ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត