ចិន​នឹងធ្វើ​សមយុទ្ធ​យោធា​ជា​ទៀងទាត់​នៅក្បែរ​កោះ​តៃវ៉ាន់​

06-04-2021 1:43 pm 495

​មន្ត្រី​កងទ័ពជើងទឹក​ចិន​និយាយ​នៅ​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២១​ថា កង​នាវា​ផ្ទុក​យន្តហោះ​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ​ដំបូង​គេ​របស់​ចិន​ឈ្មោះ​Liaoning ដែល​កំពុងតែ​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ក្បែរ​កោះ​តៃវ៉ាន់ នឹង​បន្ត​ដឹកនាំ​ការធ្វើ​សមយុទ្ធ​ស្រដៀង​គ្នា​នេះ ជា​ទៀងទាត់​នៅក្បែរ​ដែន​កោះ​តៃវ៉ាន់​រហូត​ក្លាយជា​ទម្លាប់​។ គោលបំណង គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន ក្នុង​ការការពារ​អធិបតេយ្យភាព​ជាតិ សុវត្ថិភាព​និង​ផលប្រយោជន៍​។ 

​ទាក់ទិន​នឹង​រឿងនេះ ក្រសួង​ការពារជាតិ​ជប៉ុន​និយាយ​នៅ​ថ្ងៃអាទិត្យ​ថា នាវា​Liaoning​ត្រូវបាន​អមដំណើរ​ដោយ​កប៉ាល់​៥​គ្រឿង ធ្វើដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​Miyako ស្ថិតនៅលើ​ផ្លូវទឹក​ឆ្ពោះទៅ​ប៉ាស៊ីហ្វិក​។ សារព័ត៌មាន​រដ្ឋ​ចិន​ក៏​បានឲ្យដឹង ដែរថា នាវា​ពិឃាត​ថ្មី​ដ៏​មាន​សក្តានុពល​ប្រភេទ​Type 055​ឈ្មោះ​Nanchang ដែល​បាន​បញ្ចេញ​មក​ធ្វើ​សកម្មភាព​កាលពី​ឆ្នាំ​២០២០ ក៏​ចូលរួម​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដឹកនាំ​ការធ្វើ​សមយុទ្ធ​នេះដែរ​។ កងទ័ព​រំដោះប្រជាជន​ចិន​(PLA)​ធ្លាប់បាន​និយាយថា នាវា​Nanchang នឹងធ្វើ​បេសកកម្ម​រួមជាមួយ​នាវា​ផ្ទុក​យន្តហោះ​ធំៗ ដែលជា​ផ្នែក​នៃ​ក្បួន​ធ្វើ​សឹកសង្គ្រាម​ទៀតផង​។ 

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ក្នុង​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ​ធ្លាប់​និយាយថា​ចិន​បាន​ចូលរួម​ក្នុង​ការបង្កើត​កង​នាវាចរ​ដ៏​ធំ​មួយ​។ ជា​កង​នាវាចរ​ខ្នាត​ធំ​ដែល​ប្រហែលជា​មិន​ធ្លាប់​ឃើញ ចាប់តាំងពី​ការប៉ុនប៉ង​របស់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​កងទ័ពជើងទឹក​អង់គ្លេស មុន​សង្គ្រាមលោកលើកទី​១​។ កង​នាវាចរ​ដ៏​ធំ​នេះ ក៏​ទំនង​បង្កើតឡើង​ដើម្បី​ប្រើប្រាស់ សម្រាប់​ដឹកនាំ​កងទ័ព​បោះពួយ​ទៅកាន់​ដែន​កោះ​តៃវ៉ាន់​នៅពេល​ចាំបាច់​ណាមួយ​ផងដែរ​។ 

តៃវ៉ាន់​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិនទាំងស្រុង ប៉ុន្តែ​ដែន​កោះ​មួយ​នេះ​បាន​បំបែក​ចេញពី​ប្រទេស​ចិន​នៅ​ចុងបញ្ចប់​នៃ​សង្គ្រាមស៊ីវិល​ក្នុង​ឆ្នាំ​១៩៤៩​។ បើទោះជា​បែបនេះ​ក្តី ចិន​នៅតែ​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់ខ្លួន​និង​តែងតែ​ព្រមាន​ថា មិន​បោះចោល​ជម្រើស​យោធា​ប្រឆាំង​តៃវ៉ាន់​ឡើយ ប្រសិនបើ​ដែន​កោះ​ដែល​ចិន​ចាត់ទុក​ដូចជា​ខេត្ត​មួយ​របស់ខ្លួន នៅតែ​មានះ​រើ​បម្រាស​ចង់​ផ្តាច់ខ្លួន​ទៅជា​កោះ​ឯករាជ្យ​។ ដូច្នេះ​ចិន​កំពុងតែ​អនុវត្ត​សកម្មភាព ស្របទៅតាម​មហិច្ចតា​របស់ខ្លួន​ចំពោះ​តៃវ៉ាន់ ដោយ​ការបង្កើន​ការធ្វើសមយុទ្ធ​យោធា​ក្បែរ​កោះ​តៃវ៉ាន់​។​

​ចិន​ចង់​ឈ្លានពាន​លើ​តៃវ៉ាន់​ពិតជា​មិន​ងាយស្រួល​នោះទេ បើទោះបីជា​ចិន​មាន​វិស័យ​យោធា​ឈានមុខ​តៃវ៉ាន់​ក៏ដោយ ដោយសារតែ​ទីតាំង​រវាង​សត្រូវ​ទាំងពីរ​នេះ ត្រូវបាន​ខណ្ឌ​ចែក​ដោយ​ព្រំដែន​ទឹក ពោល ចម្ងាយ​ពី​ចិនដីគោក​ទៅ​កោះ​តៃវ៉ាន់​មាន​រហូតដល់​១៦០​គីឡូម៉ែត្រ​។ ដូច្នេះ ចិន​មានតែ​ខំប្រឹង​ពង្រឹង​ទ័ពជើងទឹក​និង​ជើង​អាកាស ហើយ​ចិន​អាច​ប្រើ​ព្រឹត្តិការណ៍​នៃ​ការធ្វើ​សមយុទ្ធ ជា​មធ្យោបាយ​ដើម្បី​បញ្ជូន​ទ័ព​ទៅ​ក្បែរៗ​កោះ​តៃវ៉ាន់​បន្តិច​ម្តងៗ​។ ផ្អែក​តាម​សកម្មភាព​របស់​ចិន មេបញ្ជាការ​កំពូល​អាមេរិក​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃទី​៩ ខែ​មីនា ថា​ប្រទេស​ចិន​អាច​វាយលុក​កោះ​តៃវ៉ាន់​នៅ​ឆ្នាំ​២០២៧​ខាងមុខ ពោល ក្នុង​រយៈពេល​៦​ឆ្នាំ​ទៀត​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត